Views
រដ្ឋាភិបាល បានធ្វើសេចក្តីព្រាងច្បាប់ វិសោធនកម្មក្រមព្រហ្មទណ្ឌ ដើម្បីដាក់ទោសអ្នកប្រមាថអង្គព្រះមហាក្សត្រ ឲ្យជាប់ពន្ធនាគារ ដល់៥ឆ្នាំ និងពិន័យជាប្រាក់ ចន្លោះពី ២លាន ដល់៥០លានរៀល។
សេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២កុម្ភៈនេះ រដ្ឋាភិបាលបានសម្រេចថា ដើម្បីធានានឹងលើកស្ទួយព្រះចេស្តា អង្គព្រះមហាក្សត្រដែលជាព្រះប្រមុខរដ្ឋនៃព្រះរាជជាណាចក្រកម្ពុជា និងដោយមានសំណើពីក្រុមប្រឹក្សាធម្មនុញ្ញផងនោះ ការប្រមាថអង្គព្រះមហាក្សត្រត្រូវកំណត់ជាទោសព្រហ្មទណ្ឌ។
សេចក្តីព្រាងបានចែងថា «ការប្រមាថព្រះមហាក្សត្រនឹងត្រូវផ្តន្ទាទោសពី១ឆ្នាំ ទៅ ០៥ ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ ១០ លានរៀល។ចំពោះនីតីបុគ្គល ត្រូវបានផ្តនា្ទទោសពិន័យជាប្រាក់ ១០ លានរៀល ទៅ ៥០ លានរៀល ព្រមទាំងទោសបន្ថែមមួយ ឬច្រើន ក្នុងករណីដែលតុលាការរកឃើញថា មានពិរុទ្ធភាពពាក់ព័ន្ទនឹងការប្រមាថចំពោះអង្គព្រះមហាក្សត្រ»។
សេចក្តីព្រាងនេះ មិនបានបញ្ជាក់ថា តើសកម្មភាពបែបណាខ្លះដែលត្រូវចាត់ទុកថា ប្រមាថដល់អង្គព្រះមហាក្សត្រនោះទេ។ នៅក្នុងក្រមព្រហ្មទណ្ឌកាលពីឆ្នាំ២០១០ មិនបានចែងពីបទប្រមាថព្រះមហាក្សត្រទេគឺមានចែងតែបទ រាជឃាតកម្ម ធ្វើទារុណកម្ម ឬ បទហិង្សាលើព្រះមហាក្សត្រជាដើម។
កាលពីចុងឆ្នាំ២០១៧ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និង មន្ត្រីរបស់លោក ប្តឹងលោក លឺ ឡាយស្រេង អតីតឧបនាយករដ្ឋមន្ត្រីថា ប្រមាថអង្គព្រះមហាក្សត្រ។ លោក លឺ ឡាយស្រេង តែងចេញមុខរិះគន់ការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ជាញឹកញាប់។
ទោះយ៉ាងណាលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏ធ្លាប់ទទួលរងការរិះគន់ដែរពីការប្រមាថដល់អង្គព្រះមហាក្សត្រគឺ កាលពីឆ្នាំ២០០៥ លោកបានគំរាមរំលាយរបបរាជានិយម ហើយដាក់ជំនួសមកវិញនូវរបបសាធារណរដ្ឋ បើព្រះមហាក្សត្រសម្ដេចព្រះនរោត្តម សីហមុនី មិនព្រមឡាយព្រះហស្តលេខាលើសន្ធិសញ្ញាបំពេញបន្ថែមស្ដីពីព្រំដែនកម្ពុជា-វៀតណាម៕