Views
ក្រោយបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន, នៅពេលនេះអភិបាលខេត្តកំពត
និងសមត្ថកិច្ចពាក់ព័ន្ធ បានចុះទៅដល់ខ្លោងទ្វាររមណីយដ្ឋានឋានសួគ៌បូកគោហើយ
ដើម្បីដកស្លាកឈ្មោះ ដែលមិនត្រឹមត្រូវចេញ
(ភ្នំពេញ)៖
នៅវេលាម៉ោងប្រមាណជិត៩៖០០ព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧នេះ
អភិបាលខេត្តកំពត លោក ចាន់ ចេស្តា រួមទាំងសមត្ថកិច្ចពាក់ព័ន្ធ បានទៅដល់
ទីតាំងខ្លោងទ្វារនៃ រមនីយដ្ឋានឋានសួគ៌បូកគោ នៅខេត្តកំពត
ដើម្បីដកស្លាកឈ្មោះថ្មី ដែលក្រុមហ៊ុនសុខាផ្លាស់ប្តូរ ដោយគ្មានការអនុញ្ញាត
ហើយធ្វើឱ្យបាត់អត្តសញ្ញាណដើមរបស់ប្រវត្តិសាស្រ្ត។
ការចុះទៅធ្វើប្រតិបត្តិការដកស្លាកឈ្មោះថ្មីរបស់ រមណីយដ្ឋានឋានសួគ៌បូកគោនេះ
បានធ្វើឡើងបន្ទាប់ពីមានបញ្ជាពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន
សែន ដែលបង្គាប់ឱ្យអភិបាលខេត្តកំពត ទៅដកស្លាកថ្មីរបស់រមនីយ៍ដ្ឋាន
ឋានសួគ៌បូកគោ ដែលដាក់ថា «រមណីយដ្ឋានសុខាឋានសួគ៌» នោះជាបន្ទាន់
ក្រោយពីមានប្រតិកម្មយ៉ាងខ្លាំង ពីប្រជាពលរដ្ឋ។
សម្តេចតេជោ ហ៊ុន សែន
បានបញ្ជាក់នៅលើ Facebook ផ្លូវការរបស់សម្តេចយ៉ាងដូច្នេះថា៖
«សូមអរគុណបងប្អូនជនរួមជាតិដែលបានឲខ្ញុំដឹងពីការដូរឈ្មោះ
រមណីយដ្ឋានភ្នំបូកគោទៅជាឈ្មោះផ្សេងដែលរាជរដ្ឋាភិបាល
និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់មិនបានដឹងនិងមិនបានអនុញ្ញាត។
ខ្ញុំបានបញ្ជារឲ្យអភិបាលខេត្តកំពត
ទៅដកហូតចេញនូវផ្លាកសញ្ញាអត់ច្បាប់ចេញឲ្យបានមុនម៉ោង១១ថ្ងៃនេះ។
តំបន់ប្រវត្តិសាស្ត្រត្រូវតែរក្សា ឈ្មោះដើមជាដាច់ខាត»។
សូមបញ្ជាក់ថា
តំបន់រមណីយដ្ឋានភ្នំបូកគោ ត្រូវបានក្រុមហ៊ុនសុខា សម្រេចផ្លាស់ប្តូរឈ្មោះពី
«រមណីយដ្ឋានឋានសួគ៌បូកគោ» ទៅជា «រមណីយដ្ឋានសុខាឋានសួគ៌»
ចាប់តាំងពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧មកម្ល៉េះ។
នេះបើតាមការជូនដំណឹងរបស់ក្រុមហ៊ុន។ ប៉ុន្តែក្នុងសេចក្តីជូនដំណឹងនោះ
ក្រុមហ៊ុនមិនបានបង្ហាញពីមូលហេតុ នៃការផ្លាស់ប្តូរឈ្មោះនេះឡើយ៕
Pdach Kar
Saturday, September 23, 2017