Views
គណបក្សកាន់អំណាចចាត់ទុកគម្រោងបង្កើតចលនាសង្គ្រោះជាតិកម្ពុជា របស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ គឺជាចលនាខុសច្បាប់។ រីឯសកម្មជនប្រឆាំង និងអ្នកវិភាគយល់ថា ការបង្កើតចលនានេះមិនខុសច្បាប់ និងផ្ដល់ក្តីសង្ឃឹមដល់អ្នកគាំទ្រឡើងវិញ ក្រោយរដ្ឋាភិបាលរំលាយបក្សប្រឆាំងកាលពីចុងឆ្នាំ២០១៧។
ថ្វីត្បិតតែគម្រោងនៃការបង្កើតចលនាសង្គ្រោះជាតិកម្ពុជា មិនទាន់ត្រូវបានបង្កើតជាផ្លូវក៏ដោយចុះ គណបក្សកាន់អំណាចបានវាយប្រហារ និងចោទប្រកាន់ភ្លាមៗថា ចលនានេះជាចលនាឧទ្ទាម។
អ្នកនាំពាក្យបក្សកាន់អំណាច លោក សុខ ឥសាន មានប្រសាសន៍ថា ការបង្កើតអង្គការណាមួយក្រៅច្បាប់ វាគឺជាសកម្មភាពបែបឧទ្ទាម ហើយកម្ពុជា មិនទទួលស្គាល់ជាផ្លូវការនោះទេ ទោះបីជាប្រទេសណាទទួលស្គាល់ក៏ដោយចុះ ។
ការលើកឡើងនេះ បន្ទាប់ពីថ្នាក់ដឹកនាំ សមាជិក និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ បានប្រមូលផ្តុំគ្នាគ្រោងបង្កើតចលនាសង្គ្រោះជាតិ នៅក្រៅប្រទេស។ សេចក្ដីថ្លែងការណ៍របស់ចលនាសង្គ្រោះជាតិ ផ្សាយកាលពីថ្ងៃទី១២ ខែមករា ឲ្យដឹងថា ចលនាសង្គ្រោះជាតិនេះ បង្កើតឡើងដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ឡើងវិញ ទាមទារឲ្យមានការដោះលែងលោក កឹម សុខា អ្នកទោសមនសិការ និងទាមទារឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា។ មេដឹកនាំនៃចលនាសង្គ្រោះជាតិនេះ ក៏អំពាវនាវឲ្យគ្រប់មជ្ឈដ្ឋាន និងគ្រប់និន្នាការនយោបាយចូលរួមជាមួយចលនារបស់ខ្លួន។
លោក សុខ ឥសាន ព្រមានថា ប្រសិនបើប្រជាពលរដ្ឋរូបណាចូលរួមក្នុងចលនានេះ ក៏ជាការរួមចំណែកខុសច្បាប់ដែរ។ លោកបន្ថែមថា ចំពោះពលរដ្ឋនៅក្រៅប្រទេសចូលរួមជាមួយចលនានេះ គឺជាសិទ្ធិរបស់ពួកគេ តែប្រសិនបើពួកគេហ៊ានចូលក្នុងប្រទេសកម្ពុជា នឹងប្រឈមមុខផ្លូវច្បាប់។
អាស៊ីសេរី មិនសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានទេ នៅថ្ងៃទី១៣ ខែមករា ដោយទូរស័ព្ទរបស់លោកជាប់រវល់រហូត។
សកម្មជនគណបក្សសង្គ្រោះជាតិ ដែលនៅក្នុងប្រទេសវិញ យល់ថា ពួកគេស្វាគមន៍ចំពោះការបង្កើតចលនាសង្គ្រោះជាតិនេះ ដើម្បីបន្តសង្គ្រោះប្រទេសកម្ពុជា ដែលគេយល់ថា កំពុងវិលទៅរករបបផ្ដាច់ការ។
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តស្វាយរៀង លោក ម៉ៅ វិបុល លើកឡើងថា ប្រជាពលរដ្ឋនៅមូលដ្ឋាននឹងចូលរួមជាមួយចលនានេះ បន្ទាប់ពីអស់សង្ឃឹមមួយរយៈក្រោយរដ្ឋាភិបាលបានរំលាយគណបក្សសង្គ្រោះជាតិ ។
មន្ត្រីគណបក្សសង្គ្រោះជាតិ លោក គង់ ម៉ាស់ យល់ថា ការបង្កើតចលនានេះគឺល្អសម្រាប់ស្ថានភាពនយោបាយបច្ចុប្បន្ន។ លោកការពារចលនានេះថា ស្របច្បាប់ ត្រឹមត្រូវ ព្រោះវាជាចលនាតស៊ូរកយុត្តិធម៌ដោយសន្តិវិធី ។
ការបង្កើតចលនាសង្គ្រោះជាតិនេះ គឺបន្ទាប់ពីថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ មួយចំនួនបានគេចពីការតាមចាប់ខ្លួនរបស់រដ្ឋាភិបាលទៅរស់នៅក្រៅប្រទេសជាបន្តបន្ទាប់ ក្រោយពីរដ្ឋាភិបាល បានចាប់ខ្លួនលោក កឹម សុខា ហើយរំលាយគណបក្សសង្គ្រោះជាតិ និងហាមឃាត់មន្ត្រីបក្សប្រឆាំង ១១៨នាក់ មិនឲ្យធ្វើនយោបាយ ៥ឆ្នាំ។ មុនបង្កើតចលនានេះ ថ្នាក់ដឹកនាំបក្សប្រឆាំងមួយចំនួនក៏បានធ្វើយុទ្ធនាការអំពាវនាវឲ្យប្រទេសលោកសេរីដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជា ជាបន្តបន្ទាប់ ដើម្បីឲ្យដោះស្រាយវិបត្តិនយោបាយដែរ។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី យល់ថា ប្រសិនបើបក្សកាន់អំណាចគ្រាន់តែឮសូរគេបង្កើតចលនាហើយចោទគេថាខុសច្បាប់នោះ គឺហាក់ដូចជាលឿនពេកហើយ ។
លោកបណ្ឌិត មាស នី យល់ថា ការបង្កើតចលនាស្របច្បាប់នេះ គឺជារឿងល្អមួយសម្រាប់គណបក្សសង្គ្រោះជាតិ ជាជាងនៅតែរង់ចាំការដាក់សម្ពាធពីអន្តរជាតិដែលនាំឲ្យមានការយឺតពេល ឬមិនសូវមានប្រសិទ្ធភាព ហើយធ្វើឲ្យកម្លាំងនៅខាងក្រោមកាន់តែអស់សង្ឃឹម ខណៈដែលគណបក្សតូចៗកំពុងទន្ទឹងរង់ចាំលាភសក្ការៈ ឬសំឡេងគាំទ្រពីពួកគេ ។
សមាសភាពដឹកនាំចលនាសង្គ្រោះជាតិនេះ គឺមានឈ្មោះលោក សម រង្ស៊ី និងភរិយារបស់លោក គឺអ្នកស្រី ជូឡុង សូមួរ៉ា លោក អេង ឆៃអ៊ាង អ្នកស្រី មូរ សុខហួរ ជាដើម។ ទោះយ៉ាងណា ចលនានេះនៅមិនទាន់ឃើញកំណត់អំពីរចនាសម្ព័ន្ធក្បាលម៉ាស៊ីនដឹកនាំ និងទីតាំងច្បាស់លាស់នៅឡើទេ ដោយពួកគេគ្រាន់តែបង្ហើបថា នឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗនេះ។ ចលនានេះ នឹងមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតុន សហរដ្ឋអាមេរិក៕
ប្រភព ៖ អាស៊ីសេរី
Pdach Kar
Saturday, January 13, 2018