Views
អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានចោទប្រកាន់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជាថា ជាជនក្បត់ជាតិ ដឹកនាំប្រទេសទៅរក របបផ្ដាច់ការ ។
លោក សម រង្ស៊ី ថ្លែងចោទលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណបក្សប្រជាជន ថា កំពុងដើរតួរ និងកំពុងធ្វើតាមការបង្គាប់បញ្ជារបស់ប្រទេសវៀតណាម ។ លោក សម រង្ស៊ី បានបញ្ជាក់ថា គណ បក្សនេះ គឺមានជនបង្កប់ដែលមកពីប្រទេសវៀតណាម ច្រើនណាស់ ហើយក៏មិនមែនទើបតែឥឡូវនោះដែរ ពោលគឺចាប់តាំងពីគណបក្សនេះបានបង្កើតអោយមាន រូបរាងឡើងដំបូងនៅក្នុងប្រទេស កម្ពុជាមកម្លេះ ៖ « គណបក្សប្រជាជនកម្ពុជាជាគណបក្សយួន បង្កើត យួនបង្កប់ យួនបង្គាប់ » ។
ការថ្លែងលើកឡើងរបស់លោក សម រង្ស៊ី យ៉ាងដូច្នេះ ធ្វើឡើងតាមរយៈវីដេអូឃ្លីបមានរយៈពេលជាង១០នាទី បង្ហោះចូលទៅក្នុងទំព័របណ្ដាញសង្គមហ្វេសប៊ុកដោយផ្ទាល់របស់លោក កាលពីថ្ងៃទី ៦ វិច្ឆិកា កន្លងទៅនេះ ខណៈដែលរូបលោកកំពុងនិរទេសខ្លួនរស់នៅឯក្រៅប្រទេសនៅឡើយ ។
ការថ្លែងចោទរបស់លោក សម រង្ស៊ី ទៅកាន់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា ជា ជនក្បត់ជាតិនេះ ធ្វើឡើងនៅចំពេលដែលស្ថានការណ៍នយោបាយកំពុងហក់ឡើងកម្ដៅខ្លាំង បន្ទាប់ពីរដ្ឋាភិបាលមួយនេះបានចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំង គឺលោក កឹម សុខា យកទៅឃុំខ្លួនអស់ រយៈពេលជាង២ខែមកហើយ ។ លើសពីនេះទៀត គឺអំឡុងពេលដែលរដ្ឋាភិបាលបានប្រកាសពីបំណងនៃការរំលាយគណបក្សសង្រ្គោះជាតិ ។ ទោះជាយ៉ាងណា នេះមិនមែនជារឿងថ្មីឡើយ សម្រាប់អតីតគូរបដិបក្សនឹងគ្នាទាំងពីររូបនេះ ដែលតែងតែចោទប្រកាន់ និងវាយប្រហារគ្នាទៅវិញទៅមកថា ជាជនក្បត់ជាតិ ៕
Pdach Mok
Friday, November 10, 2017