Views
ស្ងាត់បាត់ខ្លួនបានប្រមាណជា៣ឆ្នាំ
ខណៈពេលក្រសួងធម្មការនិងសាសនាចុះត្រួតពិនិត្យភាពមិនប្រក្រតីពាក់ព័ន្ធនឹងបុគ្គលម្នាក់ឈ្មោះ
ធាន វុទ្ធី តាំងខ្លួនជាព្រះសិអារ្យមេត្រីយ នៅវត្តទួលព្រះរាជា
ឋិតក្នុងខេត្តកណ្តាល ស្រាប់តែបានលេចមុខចេញមកវិញ
ដោយមានការហែកឋិនទាន យ៉ាងគគ្រឹកគគ្រេង អ្នកចូលរួមបានឮពាក្យហៅលោក ធាន
វទ្ធី ថា ជាព្រះអរហន្ត នៅខេត្តតាកែវ វិញម្តង ។
ប៉ុន្មានថ្ងៃនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក
បានង្ហាញនូវរូបភាពយ៉ាងច្រើនពីបុគ្គល ធាន វុទ្ធី
ក្នុងពិធីបុណ្យកឋិនទានមួយ កាលពីថ្ងៃទី ៥ ខែតុលា ឆ្នាំ២០១៧
នៅលើទឹកដីនៃឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ ជាទីកន្លែងដែលលោក
ធាន វុទ្ធី បានកសាងព្រះពុទ្ធបដិមាធំៗយ៉ាងច្រើន
នៅលើផ្ទៃដីជាច្រើនហិកតា ដែលមានអ្នកចូលរួមហែអង្គកឋិនទាន
សុទ្ធតែស្លៀកស ពាក់ស មានចំនួនជិត ១ ពាន់នាក់
និងអ្នកចូលរួមបានប្រសិទ្ធនាមឱ្យលោក ធាន វទ្ធី ថា ព្រះអរហន្ត
ដែលត្រាស់ដឹងនៅលើកទឹកដីខេត្តតាកែវ ថែមទៀត ។
ទោះជាបែបនេះក្តី គេមិនបានឮសូរពាក្យព្រះអរហន្តនេះ
ចេញពីមាត់បុគ្គល ធាន វុទ្ធី នៅឡើយទេ គឺមានតែអ្នកចូលរួមប៉ុណ្ណោះ
ដែលហៅរូបលោកបែបនេះ ។
ហើយអ្នកសារព័ត៌មានអង្រុតមិនអាចរកការបំភ្លឺពីលោកធាន វុទ្ធី
បានទេ ខណៈមានអ្នករិះគន់យ៉ាងខ្លាំង
ជាពិសេសអ្នកលេងនៅលើបណ្តាញសង្គម ហ្វេសប៊ុក
ដោយម្នាក់ៗបាននិយាយថា ជារឿងបោកប្រាស់ទៅវិញ ។
កាលពីឆ្នាំ២០១៤
ក្រសួងបានអង្កេតស្រាវជ្រាវរកឃើញនូវកំហុសឆ្គងរបស់បុគ្គលនេះ
ជាអ្នកដើរតួបោកប្រាស់ប្រជាពលរដ្ឋជាពុទ្ធសាសនិកជន
និងបំផ្លិចបំផ្លាញកិត្យានុភាព ព្រះពុទ្ធសាសនានៅកម្ពុជា លោក ធាន
វុទ្ធី ដែលតាំងខ្លួនជាព្រះសិអារ្យមេត្រិយ
បានចូលខ្លួនមកសារភាពនៅសាលប្រជុំនៃសាលាខេត្តកណ្តាលសារជាថ្មី
ចំពោះមុខលោក មិន ឃិន អតីតរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា
ជុំវិញករណីបុគ្គលនេះ ដែលបានប្រព្រឹត្តខុសឆ្គង
ក្នុងវិស័យព្រះពុទ្ធសាសនា ដោយបានតាំងខ្លួនជាព្រះសិអារ្យមេត្រិយ
ហើយឈានដល់មានព្រះសង្ឃ និងប្រជាពលរដ្ឋក្រាបសំពះ ។
បន្ថែមលើនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា
ធ្លាប់បានប្រកាសឲ្យអាជ្ញាធរស្វែងរកតាមចាប់ខ្លួន
និង”វាយខ្នោះ”បុគ្គលឈ្មោះ ធាន វុទ្ធី កាលពីថ្ងៃទី០៤ ខែសីហា
ឆ្នាំ២០១៤ កន្លងទៅ
ហើយបុគ្គលនេះមិនត្រូវបានសមត្ថកិច្ចធ្វើការ”វាយខ្នោះ”ដូចការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីឡើយ
គឺបានត្រឹមបើកផ្លូវឲ្យចូលខ្លួនមកបំភ្លឺ
និងសារភាពកំហុសឆ្គងរបស់ខ្លួន ដែលបានប្រព្រឹត្តគ្រប់យ៉ាង
និងសុំទោសនៅចំពោះព្រះភក្ត្រសម្តេចព្រះពោធិ៍វាំង អំ លឹមហេង
និងចំពោះមុខលោក ផៃ ប៊ុនឈឿន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល
នាថ្ងៃទី៦ សីហា ២០១៤ ប៉ុណ្ណោះ ។
រឿងដ៏ក្តៅគគុកពាក់ព័ន្ធនឹងបុគ្គលធាន វុទ្ធី
មិនមែនជាករណីតូចតាច ឬសាមញ្ញនោះឡើយ
ភាពមិនប្រក្រតីជាច្រើនទាក់ទងនឹងការប្រតិបត្តិរបស់បុគ្គលដែលធ្លាប់តាំងខ្លួនជាតាបស
ជាសម្តេចព្រះសង្ឃរាជ ជួន ណាត ចាប់ជាតិ ជាអ្នករកឃើញព្រះផុស
អាចទំនាក់ទំនងជាមួយព្រះព្រហ្ម និងព្រះឥន្ទ្របាន
រហូតដល់តាំងខ្លួនជាព្រះសិអារ្យមេត្រីយ
ធ្វើឲ្យព្រះសង្ឃមួយចំនួនថ្វាយបង្គំបុគ្គល ធាន វុទ្ធី
បង្កឲ្យមានភាពក្រឡាប់ចាក់ រហូតដល់ នៅស្រុកកំណើតរបស់គាត់
ស្ថិតនៅភូមិចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ
ត្រូវបានគេប្រសិទ្ធនាមថា ជាព្រះអរហន្ត វិញម្តង ។
មជ្ឈដ្ឋាននានា ក៏ដូចពុទ្ធសាសនិកជនទាំងឡាយ
រងចាំតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះអាជ្ញាធរ
និងក្រសួងធម្មការនិងសាសនា ថាតើមានចំណាត់ការបែបណាដែរឫទេ ?
ប្រភព :
Angrut