Views
អ្នកប្រើប្រាស់បណ្ដាញសង្គមសង្គមហ្វេសប៊ុក (Facebook) បានរិះគន់ខ្លាំងៗទៅលើក្រុមហ៊ុនទឹកបរិសុទ្ធវីតាល់ របស់កូនស្រីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលផ្ដល់ក្ដារមឈូសជាច្រើនជាអំណោយជូនជនចាស់ជរា។
រូបភាពក្រុមការងារទឹកបរិសុទ្ធវីតាល់ កំពុងចែកអំណោយ រួមមានក្ដារមឈូសជាច្រើនដល់មនុស្សចាស់ និងរូបភាពមនុស្សចាស់អង្គុយនៅមុខក្ដារមឈូសប្រកបដោយទឹកមុខយ៉ាងស្រងូតស្រងាត់ ត្រូវបានក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ចែកចាយបន្តគ្នាព្រោងព្រាត និងបានរិះគន់យ៉ាងចាស់ដៃទៅដល់ម្ចាស់អំណោយ។
ប្រភពព័ត៌មានក្នុងស្រុកចុះផ្សាយថា ក្រុមហ៊ុនទឹកបរិសុទ្ធវីតាល់ ដែលដឹកនាំដោយអ្នកស្រី ហ៊ុន ម៉ាណា នាយិកាទូរទស្សន៍បាយ័ន (BTV News ETV) កាសែតកម្ពុជាថ្មី និងវិទ្យុបាយ័ននោះ បានរៀបចំកម្មវិធីចែកអំណោយក្តារមឈូសជូនជនចាស់ជរានៅក្នុងស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។ ក្រៅពីក្ដារមឈូស ក៏មាន ទៀន ធូប ភួយ និងគ្រឿងឧបភោគបរិភោគមួយចំនួនដែរ។ ព័ត៌មានក្នុងស្រុកឲ្យដឹងថា ការចែកអំណោយនោះ ក៏មានសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា ដែលមានលោក ហ៊ុន ម៉ានី ជាប្រធាន ក៏បានចូលរួមចែកអំណោយដែរ។ ពួកគេថា ក្ដារមឈូសទាំងអស់នោះគឺជាការស្នើសុំពីលោកតា លោកយាយទាំងនោះ ដូច្នេះទើបក្រុមហ៊ុនទឹកបរិសុទ្ធវីតាល់ សម្រេចតាមបំណងជូនដោយពុំមានចេតនាអាក្រក់ណាមួយនោះទេ។
អាស៊ីសេរី មិនអាចសុំការពន្យល់ពីក្រុមហ៊ុនទឹកសុទ្ធវីតាល់ បានទេ ដោយបុគ្គលិកម្នាក់ដែលលើកទូរស័ព្ទប្រាប់ថា មិនបានដឹងករណីនេះទេ ហើយប្រាប់ឲ្យទូរស័ព្ទនៅពេលក្រោយទៀត ប៉ុន្តែបន្ទាប់មកពួកគេមិនលើកទូរស័ព្ទតាមការសន្យាឡើយ។
ព្រះតេជព្រះគុណ លួន សុវ៉ាត មានថេរដីកាថា ការចែកទានក្ដារមឈូសនេះ មិនមែនជាទានដែលគួរអោយរីករាយ និងជ្រះថ្លានោះទេ។ ផ្ទុយទៅវិញ វាជាទានដែលគួរអោយភ័យខ្លាច។ ព្រះតេជព្រះគុណថា នេះគឺជាលើកទីមួយហើយដែលក្រុមហ៊ុនគ្រប់គ្រងដោយគ្រួសារកូនស្រីលោក ហ៊ុន សែន ចែកទានជាក្ដារមឈូសបែបនេះ បន្ទាប់ពីលោក ហ៊ុន សែន ព្រមានពលរដ្ឋឲ្យត្រៀមក្ដារមឈូស បើហ៊ានទាមទារយកកម្ពុជាក្រោម និងក្រោកតវ៉ាប្រឆាំងរដ្ឋាភិបាលក្នុងបដិវត្តន៍ពណ៌។ ព្រះតេជព្រះគុណមានថេរដីកាបន្ថែមទៀតថា គ្មានអ្នកណាម្នាក់នៅលើលោកនេះចង់បានក្ដារមឈូសនោះទេ ទោះបីអ្នកមានក្ដី អ្នកក្រក្ដី និងអ្នកជិតស្លាប់ទៅហើយក្ដី។
ព្រះអង្គយល់ថា យាយតាទាំងនោះប្រហែលជាចង់បានថ្នាំសង្កូវ ចំណីអាហារ លុយកាក់ និងសម្លៀកបំពាក់សម្រាប់ទ្រទ្រង់ជីវិត និងសន្សំកុសលផលបុណ្យតទៅទៀត ពោលគឺមិនមែនចង់បានក្ដារមឈូសទុកក្នុងផ្ទះឲ្យកូនចៅខ្លាចរអាទាំងខ្លួនមិនទាន់ស្លាប់នោះទេ៖ «អ្វីដែលសំខាន់គឺអាយុជីវិតមនុស្សដែលគ្នាត្រូវការរស់ដូច្នេះមនុស្សត្រូវការរស់ មិនត្រូវការក្តារមឈូសទេ មនុស្សត្រូវការរស់នៅ គឺត្រូវការជីវិតមានសេចក្តីថ្លៃថ្នូរ មានសិទ្ធិរស់រានមានជីវិត មានសិទ្ធិទទួលបានម្ហូបអាហារ មានសិទ្ធិមានផ្ទះ លំនៅឋាន ដីធ្លី ស្រែចំការ មានសិទ្ធិធ្វើការងារ មានសិទ្ធិទទួលបានការព្យាបាល ថ្នាំសង្កូវអីផ្សេងៗ។ ដូច្នេះត្រូវគិតមនុស្សអោយរស់ ឬជួយមនុស្សអោយរស់ មិនមែនទៅធ្វើបុណ្យធ្វើទានដែលជួយគិតមនុស្សអោយស្លាប់»។
រីឯក្រុមអ្នកលេងហ្វេសប៊ុកភាគច្រើនយល់ថា រូបភាពនៃការចែកអំណោយជាក្ដារមឈូស ដល់ចាស់ៗបែបនេះ គឺជារឿងមិនត្រឹមត្រូវ មើលទៅហាក់ដូចជាការប្រមាថជីវិតពួកគាត់។ អ្នកខ្លះយល់ថា កូនស្រីលោក ហ៊ុន សែន អតីតទាហានខ្មែរក្រហម គួរតែផ្ដល់ជាថ្នាំសង្កូវ ឬមណ្ឌលថែទាំចាស់ជរាសម្រាប់ពួកគាត់ទើបសមរម្យជាង។ អ្នកខ្លះទៀតថា គួរតែប្រគល់អោយមេឃុំ ឬចៅអធិការវត្តគ្រប់គ្រង និងចែកជូននៅពេលដែលមានជនចាស់ជរាណាឈឺស្លាប់ វាប្រសើរជាងប្រគល់អោយទៅពួកគាត់ ទាំងពួកគាត់នៅរស់នៅឡើយបែបនេះ៕
ប្រភព ៖ អាស៊ីសេរី
Pdach Kar
Saturday, January 6, 2018