Views
លោក ហ៊ុន សែន តែងតាំងក្មួយប្រុសបង្កើតរបស់លោក គឺលោក ហ៊ុន ជា ជាឧត្ដមសេនីយ៍ឯកផ្កាយមាសបី។ ការតែងតាំងនេះធ្វើឡើងដោយព្រះរាជក្រឹត្យ កាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០១៧ របស់ព្រះមហាក្សត្រ នរោត្តម សីហមុនី ដែលបញ្ជាក់ពីការដំឡើងឋានន្តរសក្ដិ ឧត្ដមសេនីយ៍ឯក (ផ្កាយបី) ដល់លោក ហ៊ុន ជា ដែលកាលពីមុនមានឋានន្តរសក្ដិជាឧត្ដមសេនីយ៍ទោ (ផ្កាយពីរ) ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ។
លោក ហ៊ុន ជា ជាកូនរបស់លោក ហ៊ុន សាន ដែលជាបងប្រុសបង្កើតរបស់លោក ហ៊ុន សែន។ លោក ហ៊ុន ជា ធ្លាប់ជាប់ពាក់ព័ន្ធនឹងករណីល្មើសច្បាប់ជាច្រើន រួមមានអំពើបាញ់បោះដោយសេរីក្នុងឆ្នាំ២០០០ និង២០១១ និងពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍ហើយបើករត់ ក្នុងឆ្នាំ២០០៨ ដែលបណ្ដាលឲ្យអ្នកបើកបរម៉ូតូម្នាក់បានស្លាប់។ បើទោះជាលោកត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងបទល្មើសមួយចំនួនក៏ដោយ លោកតែងតែត្រូវបានដោះលែងឲ្យមានសេរីភាពវិញ ក្រោយការឃុំខ្លួនរយៈពេលខ្លី។
របាយការណ៍អង្គការឃ្លាំមើលពិភពលោក (Global Witness) កាលពីឆ្នាំ២០១៦ ស្តីពីការត្រួតត្រាសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា របស់ត្រកូល «ហ៊ុន» ឲ្យដឹងថា លោក ហ៊ុន ជា កាន់តំណែងជានាយកក្រុមហ៊ុនចំនួន៤ ក្នុងវិស័យពាណិជ្ជកម្ម និងដឹកជញ្ជូន។
ទាំងក្មួយៗបង្កើត និងក្មួយប្រសារបស់លោក ហ៊ុន សែន ភាគច្រើនសុទ្ធតែពាក់ព័ន្ធនឹងអំពើទុច្ចរិតក្នុងប្រទេសកម្ពុជា រួមមានការជួញដូរគ្រឿងញៀន ការកាប់បំផ្លាញព្រៃឈើ ល្បែងស៊ីសងខុសច្បាប់ និងរឿងអាស្រូវរាប់មិនអស់ជាច្រើនទៀត។ កាសែតបរទេសសរសេរថា ក្រុមក្មួយៗរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជា «ក្រុមបងធំលេខ១» នៅប្រទេសកម្ពុជា៕
ប្រភព ៖ អាស៊ីសេរី
ប្រភព VOA បានចុះផ្សាយកាលពីថ្ងៃ២៩ ធ្នូ ឆ្នាំ២០១០ ថា ប៉ូលីសប្រឆាំងគ្រឿងញៀនក្រុងភ្នំពេញ រួមសហការជាមួយប៉ូលីសប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានចាប់ខ្លួនមនុស្ស៧នាក់ និងរឹបអូសបានថ្នាំគ្រាប់ប្រភេទអែហ្វហ្វេទ្រីន ប្រមាណ៧.០០០.០០០គ្រាប់ ដែលជាសារធាតុផ្សំគ្រឿងញៀនសម្រាប់ផលិតគ្រឿងញៀនប្រភេទមេតំហ្វេតាមីនប្រភេទទឹកកកឬគ្រីស្តាល់ (ICE ឬ Crystal) នៅខណ្ឌឫស្សីកែវ និងខណ្ឌសែនសុខ ហើយ ហ៊ុន សែន បានថ្លែងនៅក្នុងពិធីសម្ពោធស្ពានអាកាសនៅក្នុងទីក្រុងភ្នំពេញថា ហ៊ុន ជា ជាមេខ្លោងក្នុងការផលិត និងជួញដូរគ្រឿងញៀននេះ ។
ទោះជាមានការអះអាងពី ហ៊ុន សែន ថា ហ៊ុន ជា ជាមេជួញដូរគ្រឿងញៀន ហើយត្រូវបានអាជ្ញាធរចាប់បានក្តី រហូតពេលនេះគ្មានអាជ្ញាធរណាហ៊ានចាត់ការតាមច្បាប់លើ ហ៊ុន ជា ឡើយ ។
ជាងនេះទៅទៀត អ្វីដែលជាការកត់សម្គាល់នោះគឺ ហ៊ុន ជា មិនត្រឹមតែគ្មានទោសក្នុងរឿងោលិត និងជួញដូរគ្រឿងញៀនទេ តែថែមទាំងត្រូវបានរដ្ឋាភិបាលលើកទឹកចិត្តផ្តល់ងារជាឧកញ៉ា ពាក់ផ្កាយជាលំដាប់ទៀតផង ដែលទង្វើរនេះបានបង្ហាញឲ្យមជ្ឈដ្ឋានទូទៅមើលឃើញយ៉ាងច្បាស់ថា របប ហ៊ុន សែន គឺជាកន្លែងបណ្តុំទៅដោយក្រុមឧក្រិដ្ឋជនបំផ្លាញជាតិ ៕
Pdach Mok
Wednesday, January 3, 2018