Views
លោក ហ៊ុន សែន បានអំពាវនាវសាជាថ្មីទៀត ឱ្យកម្មករ កម្មការិនី ព្រមទាំងឪពុកម្ដាយ បងប្អូនរបស់ពួកគាត់បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី ២៩ កក្កដា ឆ្នាំ២០១៨ ខាងមុខ។ ការអំពាវនាវជាថ្មីទៀតនេះ ធ្វើឡើងនៅក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ជាង ១ម៉ឺននាក់នៅរោងចក្រម្ដុំទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ ។
ក្នុងមួយរយៈពេលចុងក្រោយនេះ ស្ទើរតែគ្រប់វេទិកាជួបជុំជាមួយកម្មករ កម្មការិនី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រៅពីលើកឡើងពីការខិតខំប្រឹងប្រែង និងការផ្ដល់អត្ថប្រយោជន៍ផ្សេងៗដល់កម្មករហើយ លោកមិនភ្លេចជាដាច់ខាតចំពោះការអំពាវនាវឱ្យកម្មករ កម្មការិនីទាំងអស់បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បើទោះបីជាការអំពាវនាវនេះ ធ្វើឡើងខុសរដូវកាលឃោសនាបោះឆ្នោត និង ខុសតួនាទីរបស់នាយករដ្ឋមន្ត្រីក៏ដោយ។
ថ្លែងនៅមុខកម្មករ កម្មការិនី រោងចក្រតំបន់ទួលសង្កែ រាជធានីភ្នំពេញ ជាង ១ម៉ឺននាក់ នៅព្រឹកថ្ងៃទី៣ ខែមករា លោក ហ៊ុន សែន បញ្ជាក់ជំហរថា បើទោះជាគ្មានការចូលរួមពីគណបក្សប្រឆាំង ពិសេសសំដៅដល់ក្រុមមន្ត្រីគណបក្សសង្គ្រោះជាតិ ក្នុងការបោះឆ្នោតខាងមុខក្ដី ក៏ដំណើរការបោះឆ្នោតនៅតែធ្វើឡើងដដែល។ បន្ថែមពីនេះ លោកអះអាងថា ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ក៏មិនស្លាប់នោះឡើយ ទោះក្នុងស្ថានភាពនៃការធ្វើទុក្ខបុកម្នេញមកលើគណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យយ៉ាងដំណំដូចបច្ចុប្បន្នយ៉ាងនេះក្តី។
ជាមួយគ្នានេះ លោក ហ៊ុន សែន អំពាវនាវជាថ្មីទៀត និងជាការចាប់ផ្ដើមបើកទំព័រឆ្នាំថ្មី ឆ្នាំ២០១៨ ដោយឱ្យកម្មករ កម្មការិនីរោងចក្រទាំងអស់ រួមទាំងញាតិកាទាំងប្រាំពីរសន្ដានផង បោះឆ្នោតគាំទ្រគណបក្សរបស់លោកបន្តទៀត ដោយលោកអះអាងថា ដើម្បីបន្តរក្សាសន្តិភាពជាដើម៖ «ហើយកុំភ្លេចនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ សូមអញ្ជើញចូលរួមបោះឆ្នោតគ្រប់ៗគ្នា ហើយសង្ឃឹមថា ក្មួយបូកជាមួយនឹងឪពុកម្ដាយ បងប្អូន ជីដូនជីតា នឹងបន្តបោះឆ្នោតឱ្យគណបក្សប្រជាជនបន្តទៀត។ ស្រុកខ្មែរមិនអត់ឯង គេងាប់។ គេនៅតែបោះ មិនដែលអាណាឲ្យអ្នកនៅក្នុងគុកមកបោះទេ»។
ស្របពេលដែលលោក ហ៊ុន សែន ឆ្លៀតឱកាសយកវេទិកាសាធារណៈក្នុងឋានៈជានាយករដ្ឋមន្ត្រី លួងចិត្តកម្មកររោងចក្រឲ្យបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លោកនៅតែទប់ចិត្តថាលែងនឹកនាដល់គណបក្សសង្គ្រោះជាតិ មិនបាន បើទោះបីជាលោកអះអាងនៅមុនដាច់ឆ្នាំចាស់ ថាលែងជ្រលក់មាត់រឿងគណបក្សប្រឆាំងតទៅទៀតយ៉ាងក៏ដោយ។ លោក ហ៊ុន សែន បានចំអកឲ្យមន្ត្រីបក្សប្រឆាំងដែលខំប្រឹងប្រមូលថវិកាជួយគ្នាក្នុងគ្រាក្រ ជាពិសេសក្នុងស្ថានភាពដែលមន្ត្រីបក្សកំពុងរងការធ្វើទុក្ខបុកម្នេញឥតស្រាកស្រាន្តពីគណបក្សកាន់អំណាចបែបនេះ។
លោកបញ្ជាក់ថា កុំសង្ឃឹមថា គណបក្សប្រឆាំងនឹងមានថ្ងៃប្រសើរជាងនេះ ដរាបណានៅមានលោក ហ៊ុន សែន ដឹកនាំ។ ម្យ៉ាងទៀត រដ្ឋាភិបាលរបស់លោកមិនស្លាប់ទេ កុំថារងសម្ពាធខ្លាំងប៉ុណ្ណានោះ៖ «ខ្ញុំមិនចាំបាច់ជ្រលក់មាត់ជាមួយអ្នកណាទេ! ចាំមើលទៅ តើសេះវាដុះស្នែង ឬអត់? ចាំទាល់តែសេះដុះស្នែងទៅ! អ្នកណារស់ អ្នកណាងាប់។ អប់រំខ្លួនឯងទៅ សុទ្ធតែថា ហ៊ុន សែន កំពុងពិបាកខ្លាំងណាស់ ទ្រាំលែងរួចហើយ។ ចាំទៅអាពៅអើយ! អញនៅតែត្រង់ហ្នឹង! អញចាំមើលមុខពួកឯង។ ឯងអ្នកជាប់គុក គឺនៅតែជាប់គុក វាគ្មានអាណាគេទៅដោះទេ កុំឆ្ងល់ពេក។ ទៅប្រឹងស្រែកទៅ ហើយបបួលរៃលុយគ្នាទៅចិញ្ចឹមគ្នានៅកន្លែងនេះ កន្លែងនោះទៅ!»។
ការអំពាវនាវរបស់លោក ហ៊ុន សែន ដែលប្រឹងឲ្យកម្មកររោងចក្របោះឆ្នោតឲ្យគាត់ គឺមិនមែនជាលើកទីមួយទេ ហើយលោកតែងឆ្លៀតឱកាសយកវេទិកាជួបជាមួយកម្មករ ដើម្បីកេងចំណេញដល់គណបក្សរបស់ខ្លួនជាប្រចាំ។
មន្ត្រីអង្កេតជាន់ខ្ពស់អង្គការខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស មានប្រសាសន៍កាលពីខែធ្នូ ថា ក្នុងផ្លូវច្បាប់មិនបានហាមឃាត់ចំពោះការឃោសនាបោះឆ្នោតខុសរដូវកាលបោះឆ្នោតនោះទេ ។ លោកថាត្រង់ចំណុចនេះ ច្បាប់ហាក់ចន្លោះប្រហោង ប៉ុន្តែសម្រាប់លោកនាយករដ្ឋមន្ត្រី គឺគេពិបាកយល់ណាស់ថាតើគាត់និយាយក្នុងតួនាទីអ្វីឱ្យប្រាកដ ដែលនាំឱ្យមានការភាន់ច្រឡំ៖ «ពេលខ្លះក្នុងនាមអ្នកនយោបាយ ឬក្នុងនាមអ្នកតំណាងរាស្ត្រ ឬរដ្ឋាភិបាលវាពិបាក។ អ៊ីចឹងពេលខ្លះគាត់និយាយក្នុងនាមរដ្ឋាភិបាលផង ក្នុងនាមគណបក្សនយោបាយផង។ អានេះហើយដែលជាចំណុចមួយដែលធ្វើឱ្យមានការច្របូកច្របល់បញ្ចូលគ្នាក្នុងការបម្រើប្រជាពលរដ្ឋ»។
ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។
ថ្មីៗនេះ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានចេញសេចក្ដីថ្លែងការណ៍ផ្អាកការផ្ដល់ជំនួយដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ ប្រតិភូសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី១២ ខែធ្នូ បញ្ជាក់ពីមូលហេតុនៃការសម្រេចផ្អាកជំនួយហិរញ្ញវត្ថុនេះ គឺដោយសារតែសេចក្ដីសម្រេចរបស់តុលាការកំពូល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា កន្លងទៅ ក្នុងការរម្លាយគណបក្សសង្គ្រោះជាតិ ដែលសហភាពអឺរ៉ុប សង្កត់ធ្ងន់ៗថា ក្នុងដំណើរការបោះឆ្នោតមួយដែលគណបក្សប្រឆាំង ត្រូវបានផាត់ចេញតាមទំនើងចិត្តយ៉ាងដូច្នេះ លទ្ធផលនៃការបោះឆ្នោតនឹងមិនមានភាពស្របច្បាប់នោះទេ។
យ៉ាងណាក៏ដោយ មន្ត្រីរដ្ឋាភិបាលអះអាងថា រដ្ឋាភិបាលនឹងប្រើប្រាស់កញ្ចប់ថវិការដ្ឋ ហើយថា ការប្រកាសផ្អាកជំនួយនេះ នឹងមិនប៉ះពាល់ដល់ការបោះឆ្នោតខាងមុខឡើយ។ មិនតែប៉ុណ្ណោះ កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលចិន បានចេញមុខអះអាងថា ពួកគេនឹងផ្ដល់កញ្ចប់ថវិកាសម្រាប់រៀបចំដំណើរការបោះឆ្នោតនៅឆ្នាំ២០១៨ ខាងមុខ។ ជាក់ស្ដែងកាលពីថ្ងៃទី២៧ ខែធ្នូ រដ្ឋាភិបាលចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្លូវការដើម្បីផ្ដល់ជំនួយសម្ភារៈបរិក្ខារចំនួន ៣០មុខ ដល់ គ.ជ.ប សម្រាប់ការបោះឆ្នោតនៅឆ្នាំ២០១៨។ វត្តមានជំនួសរបស់ចិន ពេលនេះ ត្រូវបានអ្នកឃ្លាំមើលបោះឆ្នោតបារម្ភថា អាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះការបោះឆ្នោតនៅកម្ពុជា៕
ប្រភព ៖ អាស៊ីសេរី
Pdach Kar
Wednesday, January 3, 2018