Views
ពត៌មានបែកធ្លាយ ៖ ស្ងាត់ៗ ! តុលាការដោះលែងអនុប្រធាននាយកដ្ឋានក្រសួងសង្គមកិច្ច ប្រើហិង្សាធ្ងន់ធ្ងរលើស្ត្រីម្នាក់ , ជនរងគ្រោះសុំអន្តរាគមន៍ទៅសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន
ភ្នំពេញ៖ជនត្រូវចោទឈ្មោះ ប្លង់ ពិសិដ្ឋ ជាអនុប្រធាននាយកដ្ឋានយុវនីតិសម្បទា នៃក្រសួងសង្គម កិច្ច អតីតយុទ្ធជន និងស្តារនីតិសម្បទា ជាប់ចោទពីបទ"ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស"ពាក់ព័ន្ធការវាយបោចសក់ ស្ទើរស្លាប់ស្ទើររស់ ផ្អើលមជ្ឈដ្ឋានទូទៅ ត្រូវបានលោក ឌុច សុខសារិន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ អនុញ្ញាតឱ្យនៅក្រៅឃុំបណ្តោះអាសន្នហើយ។ ភាគីជនរងគ្រោះ យល់ថា ការសម្រេចនេះ មិនប្រក្រតី និង អាចបង្កប់ភាពអាថ៌កំបាំង ពោលគឺ ជានិទណ្ឌភាព ដែលជនប្រព្រឹត្តបទល្មើសតែពុំត្រូវបានទទួលទោស ។
មន្ត្រីតុលាការបង្ហើបឱ្យដឹងនៅថ្ងៃទី០៦ ខែធ្នូ ថា មូលហេតុនៃការអនុញ្ញាតឱ្យនៅក្រៅឃុំបណ្តោះអាសន្ន នេះ គឺ ជនត្រូវចោទ ប្លង់ ពិសិដ្ឋ ដាក់ប្រាក់តម្កល់ចំនួន២០០០ដុល្លារអាមេរិក មានទីលំនៅច្បាស់លាស់ និង មុខរបរត្រឹមត្រូវ ។
កន្លងមក គ្រួសាររបស់ជនត្រូវចោទ ប្លង់ ពិសិដ្ឋ សរសេរនៅក្នុងហ្វេសប៊ុក ថា "គេមានប្រាក់ មានអំណាច គ្មានការចរចា ឬសុំទោសជនរងគ្រោះឡើយ គេសុខចិត្តបោះនុយឱ្យក្រពើស៊ីតែមិនសុំទោសជនរងគ្រោះដាច់ខាត" ។
ក្រោយមក ប៉ុន្មានថ្ងៃ លោក ឌុច សុខសារិន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ អនុញ្ញាតឱ្យជនត្រូវចោទ ប្លង់ ពិសិដ្ឋ នៅក្រៅឃុំបណ្តោះអាសន្នតែម្តង ។
នារីរងគ្រោះក្នុងរឿងក្ដីនេះ សូមអន្តរាគមន៍ដល់ លោក អង្គ វង្ស វឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន មេត្តាជួយរកយុត្តិធម៌ក្នុងរឿងក្ដីនេះផង ។
គួររំលឹកថា លោក ប្លង់ ពិសិដ្ឋ ត្រូវបានឃាត់ខ្លួនដាក់ពន្ធនាគារ កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៧ នៅពន្ធនាគាររាជធានីភ្នំពេញ ឬ ប៉េហ្ស៊ី ក្រោមការចោទប្រកាន់ពីបទ"ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស"តាមមាត្រា២១៨នៃក្រមព្រហ្មទណ្ឌ ៕
Pdach Mok
Saturday, December 9, 2017