Views
តំណាងរាស្ត្ររដ្ឋសភាគណបក្សសង្គ្រោះជាតិ មណ្ឌលខែត្រតាកែវ បានដាក់ពាក្យប្ដឹងទៅតុលាការកំពូល នៅព្រឹកថ្ងៃទី៨ ខែធ្នូ ដើម្បីប្រឆាំងនឹងសាលដីការំលាយគណបក្សប្រឆាំង និងស្នើតុលាការកំពូលទប់ស្កាត់កុំឱ្យស្ថាប័នរដ្ឋយកអាសនៈរបស់បក្សប្រឆាំងគ្រប់ជាន់ថ្នាក់ទៅបែងចែកគ្នាបន្តទៀត។
អ្នកតំណាងរាស្ត្រជាប់ឆ្នោតមណ្ឌលខែត្រតាកែវ លោក អ៊ូ ច័ន្ទរ័ត្ន អះអាងថា គោលបំណងនៃពាក្យបណ្ដឹងនេះ គឺចង់រក្សាអាសនៈក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង-ស្រុក ខណ្ឌ និងឃុំ-សង្កាត់ របស់បក្សប្រឆាំងដែលគណបក្សកាន់អំណាចយកទៅបែងចែកគ្នាស្រេចតែចិត្ត។
សំណើសុំរក្សាសិទ្ធិធ្វើនយោបាយសម្រាប់ក្បាលម៉ាស៊ីនថ្នាក់ដឹកនាំគណបក្សប្រឆាំងទាំង ១១៨នាក់ ដែលតុលាការកំពូលហាមឃាត់សិទ្ធិធ្វើនយោបាយ ៥ឆ្នាំ និងសុំអោយតុលាការកំពូលជំនុំជម្រះសាជាថ្មីឡើងវិញជុំវិញការរំលាយគណបក្សសង្គ្រោះជាតិ។
លោក អ៊ូ ច័ន្ទរ័ត្ន ឲ្យអាស៊ីសេរី ឲ្យដឹងថា លោកបានបញ្ជូនពាក្យបណ្ដឹងចូលដល់ដៃតុលាការកំពូល រួចរាល់ហើយនៅព្រឹកថ្ងៃទី៨ ខែធ្នូ នេះ។ លោកអះអាងថា លោកបានពឹងពាក់មេធាវីសម្រាប់ការពាររឿងក្ដីនេះ និងអាចបន្ថែមមេធាវីបន្ថែមទៀតនៅពេលរឿងក្ដីនេះត្រូវដំណើរការ៖ «យើងអត់ទាន់បានទទួលដំណឹងទេ។ ប្រហែលជាអាចនៅឆ្លងកាត់ការពិភាក្សានៅក្នុងតុលាការក៏មិនដឹងអីមិនដឹង។ ខ្ញុំសង្ឃឹមថា នឹងទទួលបានការឆ្លើយតបវិញតាមរយៈមេធាវី។ យើងមានអ្នកតំណាងរាស្ត្ររួមមានអតីតអ្នកតំណាងរាស្ត្រ អតីតសមាជិកអចិន្ត្រៃយ៍៨ ទៅ ៩នាក់ ទាំងសមាជិកព្រឹទ្ធសភាផងអីផង ហើយនិងគណៈកម្មការនាយក សមាជិកគណៈកម្មការនាយក មានទាំងសមាជិកក្រុមប្រឹក្សាខេត្តប៉ុន្មាននាក់ អតីតហ្នឹង ហើយនិងឃុំ សរុបមានទាំងអស់ ២១នាក់»។
លោកបន្តថា បើទោះជាដឹងថា តុលាការមិនឯករាជ្យ ប៉ុន្តែនៅតែទាមទារឲ្យតុលាការកំពូល ពិចារណាឡើងវិញជុំវិញការសម្រេចចិត្តរំលាយគណបក្សប្រឆាំង ដែលអាចធ្វើឲ្យមានការអន្តរាយដល់ប្រទេសជាតិ។
តុលាការកំពូល កាលពីថ្ងៃទី១៦ វិច្ឆិកា បានប្រកាសសាលដីកាស្ថាពរដោយរំលាយគណបក្សសង្គ្រោះជាតិ និងហាមឃាត់សមាជិកគណៈកម្មការនាយកនៃគណបក្សនេះចំនួន ១១៨នាក់ទៀតឲ្យឈប់ធ្វើនយោបាយ ៥ឆ្នាំ។ សេចក្ដីសម្រេចរបស់តុលាការកំពូលនេះ ត្រូវរងការថ្កោលទោសពីមតិជាតិ និងអន្តរជាតិយ៉ាងធ្ងន់ធ្ងរ ថាជាការសម្រេចចិត្តរបស់អ្នកដឹកនាំទាញឲ្យប្រទេសកម្ពុជា ចាកឆ្ងាយពីលទ្ធិប្រជាធិបតេយ្យ និងងាកទៅរកប្លុកកុំមុយនិស។
លោក អ៊ូ ច័ន្ទរ័ត្ន អះអាងថា លោកមិនទទួលស្គាល់សេចក្ដីសម្រេចរបស់តុលាការកំពូលក្នុងការរំលាយបក្សប្រឆាំងនោះទេ។ ការសម្រេចក្ដីកន្លងមក លោកថា ជារឿងនយោបាយសុទ្ធសាធ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ហៅការដាក់ពាក្យប្ដឹងរបស់តំណាងរាស្ត្របក្សប្រឆាំងនេះថាជាការប្ដឹងឥតប្រយោជន៍ ព្រោះសាលដីកាស្ថាពរជាការបិទផ្លូវតវ៉ា៖ «វាអត់បានការ ព្រោះសាលដីកាស្ថាពរតុលាការកំពូល ជាដីកាដែលបិទផ្លូវតវ៉ា ដែលមានចែងក្នុងច្បាប់រួចហើយ។ ដូច្នេះ គាត់ដាក់ជាសិទ្ធិរបស់គាត់ ក៏ប៉ុន្តែគឺការបដិសេធមិនទទួលពាក្យបណ្ដឹងជាសិទ្ធិរបស់តុលាការ តាមគោលការណ៍ច្បាប់។ ទោះបីដាក់ក្នុងនាមអីក៏ដោយ ក្នុងផ្លូវច្បាប់បិទផ្លូវតវ៉ារួចទៅហើយ»។
សហគមន៍អន្តរជាតិ រិះគន់ចំណាត់ការរបស់តុលាការកំពូល ដែលបានរំលាយបក្សប្រឆាំង និងហាមឃាត់មេដឹកនាំបក្សនេះមិនឲ្យធ្វើនយោបាយ។ អាមេរិក និងសហគមន៍អឺរ៉ុបចាត់ទុកសាលដីកាតុលាការជាការសម្លាប់លទ្ធិប្រជាធិបតេយ្យ និងដើរចេញពីគន្លងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១។ សហរដ្ឋអាមេរិក ប្រកាសដាក់ទណ្ឌកម្មបិទទិដ្ឋាការសម្រាប់មន្ត្រីជាន់ខ្ពស់កម្ពុជា និងក្រុមគ្រួសារ មិនឲ្យចូលទឹកដីសហរដ្ឋអាមេរិក និងផ្តាច់ជំនួយសម្រាប់ការបោះឆ្នោត។ ចំណែកប្រទេសស៊ុយអែត បានប្រកាសឈប់ផ្ដល់ជំនួយទាំងអស់សម្រាប់កម្ពុជា។ ប្រទេសអូស្ត្រាលី ក៏ព្រមានមិនទទួលស្គាល់លទ្ធផលបោះឆ្នោត ឆ្នាំ២០១៨ ខណៈដែលសហភាពអឺរ៉ុប ក៏បានព្រមថា នឹងពិនិត្យមើលការអនុគ្រោះពន្ធនាំចូលសម្លៀកបំពាក់ជាមួយប្រទេសកម្ពុជា ឡើងវិញ។
អ្នកវិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ លើកឡើងថា គណបក្សសង្គ្រោះជាតិ បានបោះបង់ចោលការតវ៉ាផ្នែកផ្លូវច្បាប់តាំងពីមុនដំបូង ដូច្នេះសម្រាប់ការដាក់ពាក្យបណ្ដឹងនេះ នឹងមិនទទួលបានផលវិជ្ជមានសម្រាប់គណបក្សប្រឆាំងនោះទេ៖ «នៅពេលដែលតុលាការអញ្ជើញឲ្យខាងភាគីជាប់ចោទហ្នឹងទៅការពារខ្លួន នៅថ្ងៃគេបើកសវនាការ យើងអត់ទៅ។ ឥឡូវហ្នឹងដល់គេសម្រេចហើយបានយើងទៅ។ អាហ្នឹងគឺយើងហ្នឹងដូចស៊ីចង្វាក់ខ្លួនឯង ហើយម្យ៉ាងទៀត ច្បាប់ដែលយើងមិនទទួលស្គាល់ហ្នឹង យើងទៅតវ៉ា។ ដូច្នេះគឺយើងទទួលស្គាល់ច្បាប់ទាំងអស់នោះហើយការសម្រេចរបស់តុលាការ នីតិវិធីរបស់តុលាការ។ … ខ្ញុំថាអត់ល្អទេ ខ្លួនឯងពិតជាស៊ីចង្វាក់ខ្លួនឯងណា»។
បើទោះជាបែបណា អ្នកតំណាងរាស្ត្រជាប់ឆ្នោតមណ្ឌលខែត្រតាកែវ លោក អ៊ូ ច័ន្ទរ័ត្ន យល់ថា ទង្វើរបស់លោកជាការសម្ដែងមតិផ្ទាល់ខ្លួនថា លោកមិនពេញចិត្តនឹងការសម្រេចរបស់តុលាការកំពូល និងជាការសម្រេចចិត្តដ៏ខុសឆ្គង។ លោកថា លោកជាអ្នកប្ដឹង តុលាការជាអ្នកសម្រេច ឯពលរដ្ឋម្ចាស់ប្រទេសជាអ្នកវិនិច្ឆ័យ៕
ប្រភព ៖ អាស៊ីសេរី