Views
គណបក្សកាន់អំណាចចោទប្រកាន់ប្រទេសមួយចំនួនថា បានព្រួតគ្នារំលោភលើឯករាជភាព និងអធិបតេយ្យភាពជាតិកម្ពុជា រឿងទាមទារឲ្យដោះលែងលោក កឹម សុខា និងទម្លាក់ចោលការរំលាយគណបក្សសង្គ្រោះជាតិ។ រីឯអ្នកវិភាគយល់ថា យោងតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងច្បាប់អន្តរជាតិ គឺប្រទេសទាំងនោះមានកាតព្វកិច្ចជំរុញឲ្យកម្ពុជា គោរពសិទ្ធិមនុស្ស និងដើរតាមលទ្ធិប្រជាធិបតេយ្យ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានបន្តប្រឹងប្រែងថ្លែងរិះគន់ត្រឡប់ទៅបណ្ដាប្រទេសលោកសេរីវិញរាល់ថ្ងៃ ដើម្បីការពាររដ្ឋាភិបាលលោក ហ៊ុន សែន និងគណបក្សរបស់លោកក្រោយពីមានការថ្កោលទោសធ្ងន់ៗ និងព្រមានដាក់ទណ្ឌកម្មជាបន្តបន្ទាប់ ប្រសិនបើលោក ហ៊ុន សែន មិនកែប្រែស្ថានការណ៍នយោបាយឲ្យល្អ និងដើរតាមគន្លងលទ្ធិប្រជាធិបតេយ្យទេនោះ។
ថ្លែងតាមរយៈប្រព័ន្ធតេឡេក្រាម នៅថ្ងៃទី៥ ខែធ្នូ លោក សុខ ឥសាន លើកឡើងថា ពាក់ព័ន្ធនឹងសភាពការណ៍ផ្ទៃក្នុងរបស់កម្ពុជា ហើយដោយសារតែមានចរិតពិសពុលក្នុងការចង់ផ្ដួលរំលំរដ្ឋាភិបាលកម្ពុជា ស្របច្បាប់ ដោយសារមានសតិអារម្មណ៍ ច្រណែន និងចង្អៀតចង្អល់ជាមួយលោក ហ៊ុន សែន ដែលកាន់អំណាចយូរឆ្នាំតាមការអុចអាលរបស់អតីតមេបក្សប្រឆាំងនោះ ជនបរទេសនៃប្រទេសមួយចំនួនបានព្រួតគ្នារំលោភលើឯករាជភាពជាតិ និងអធិបតេយ្យជាតិកម្ពុជា ប្រើគ្រប់មធ្យោបាយគាបសង្កត់ និងគំរាមកំហែងមកលើរាជរដ្ឋាភិបាលកម្ពុជា។
អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះបន្តចោទថា ពួកទាំងនោះបានបង្ខំឲ្យរាជរដ្ឋាភិបាលបោះបង់ចោលការអនុវត្តច្បាប់ និងលទ្ធិប្រជាធិបតេយ្យដើម្បីឲ្យមានការដោះលែងជនក្បត់ជាតិ និងអនុញ្ញាតឲ្យបក្សដែលត្រូវបានរំលាយរួចហើយ ដោយតុលាការកំពូលកម្ពុជា ដំណើរការឡើងវិញ។
លោក សុខ ឥសាន ក៏បានចោទជាសំណួរបែបចំអកទៀតថា ការព្រួតគ្នាយ៉ាងច្រើនបែបនេះ នឹកគិតថា អាចផ្លាស់ប្ដូរជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ឲ្យបោះបង់នីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ និងសង្ឃឹមថា អាយ៉ងរបស់ខ្លួនបានរួចខ្លួនពីឃុំឃាំង ដោយសារទង្វើក្បត់ជាតិ និងរំលោភច្បាប់ដែរឬ?
ទោះយ៉ាងណាក៏ដោយ អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា យោងតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងអនុសញ្ញាអន្តរជាតិនានា គឺប្រទេសដែលជាហត្ថលេខីអាចមានកាតព្វកិច្ចធ្វើការទិតៀន ឬកែតម្រូវកម្ពុជា ដែលជារដ្ឋភាគីដែលបានដើរឃ្លាតឆ្ងាយពីរបបប្រជាធិបតេយ្យ និងការរំលោភសិទ្ធិមនុស្ស។ លោកបណ្ឌិតបន្ថែមថា ទោះបីជាអ្នកនាំពាក្យបក្សកាន់អំណាចខំការពារថា រដ្ឋាភិបាលបានធ្វើតាមច្បាប់ក្តី ប៉ុន្តែបើច្បាប់នោះរំលោភសិទ្ធិមនុស្ស និងរំលោភរដ្ឋធម្មនុញ្ញ គឺច្បាប់នោះអយុត្តិធម៌ ព្រោះប៉ះពាល់ដល់ប្រជាពលរដ្ឋរបស់ខ្លួន៖ «»។
លោកបណ្ឌិត ឡៅ ម៉ុងហៃ បន្តថា ការចេញមុខថ្កោលទោសរិះគន់លើរដ្ឋាភិបាលកម្ពុជានេះ មិនមែនបរទេសទាំងនោះ ធ្វើទៅតាមការអុចអាលរបស់អតីតមេបក្សប្រឆាំងនោះឡើយ ពោលគឺគេធ្វើទៅតាមច្បាប់ និងទៅតាមទម្លាប់ដែលកន្លងមកសូម្បីប្រទេសថៃ និងប្រទេសភូមាក្តី ក៏ទទួលរងការរិះគន់ និងដាក់ទណ្ឌកម្មសេដ្ឋកិច្ចដែរនៅពេលដែលប្រទេសទាំងនោះ រំលោភសិទ្ធិមនុស្ស និងដើរឃ្លាតពីគន្លងប្រជាធិបតេយ្យ។
ក្រោយពីរដ្ឋាភិបាលលោក ហ៊ុន សែន បានចាប់ខ្លួនលោក កឹម សុខា ហើយរំលាយគណបក្សសង្គ្រោះជាតិ បិទអង្គការសិទ្ធិមនុស្ស និងបិទវិទ្យុឯករាជ្យ ក្រោយការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០១៧ នោះ អង្គការជាតិ អន្តរជាតិ ស្ថានទូតនានា សហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោស និងព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងផ្អាកផ្ដល់ជំនួយដល់កម្ពុជា ជាបន្តបន្ទាប់។
ថ្មីៗនេះ តំណាងរាស្ត្រសហរដ្ឋអាមេរិក ព្រមានថា សហរដ្ឋអាមេរិកនឹងសហការជាមួយសហគមន៍អឺរ៉ុប និងជប៉ុន ដើម្បីស្វែងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដល់កម្ពុជា តាមរយៈការបិទប្រព័ន្ធអនុគ្រោះពន្ធនាំចេញផលិតផលសំលៀកបំពាក់របស់កម្ពុជា ទៅលក់នៅបរទេស។
កាលពីថ្ងៃទី៤ ខែធ្នូ សមាជិកសភាជុំវិញពិភពលោកសរសេរលិខិតចំហទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាមទារឲ្យដោះលែងលោក កឹម សុខា ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ និងទាមទារឲ្យលុបចោលសេចក្ដីសម្រេចរម្លាយបក្សប្រឆាំង ហើយចាត់វិធានការជាបន្ទាន់ ដើម្បីឲ្យមានការបោះឆ្នោតជាតិមួយប្រកបដោយភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌។
តំណាងរាស្ត្រទាំង ១៥៨រូប មកពីប្រទេសចំនួន ២៣ ក៏បានស្នើឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ចាត់ការជាបន្ទាន់ ដើម្បីផ្ដល់នីតិសម្បទាទៅឲ្យតំណាងរាស្ត្រជាប់ឆ្នោតទាំង ៥៥រូបរបស់គណបក្សសង្គ្រោះជាតិ ឡើងវិញ និងលុបចោលវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ និងច្បាប់បោះឆ្នោត។
ជាចុងក្រោយ ពួកគេបានព្រមានថា បើលោក ហ៊ុន សែន នៅតែព្រងើយកន្តើយមិនអើពើចំពោះអនុសាសន៍របស់សមាជិកសភាទាំងអស់នេះទេ នោះលោក ហ៊ុន សែន នឹងក្លាយជាមនុស្សដែលគេផាត់ចេញពីសហគមន៍អន្តរជាតិជាក់ជាមិនខាន៕
ប្រភព ៖ អាស៊ីសេរី
Pdach Mok
Wednesday, December 6, 2017