Views
អតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក រ៉ុង ឈុន គ្រោងបង្ហាញវត្តមាននៅមុខពន្ធនាគារត្រពាំងផ្លុង នៅចុងសប្ដាហ៍នេះ បើទោះជាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចទាត់ចោលបណ្ដឹងសុំជួបសុខទុក្ខលោក កឹម សុខា ក៏ដោយ។ អ្នកច្បាប់លើកឡើងថា ការសម្រេចរបស់ចៅក្រមស៊ើបសួរ ធ្វើឡើងពុំត្រឹមត្រូវឡើយ។
លោក រ៉ុង ឈុន មានគម្រោងទៅឈរនៅមុខក្លោងទ្វាពន្ធនាគារត្រពាំងផ្លុង នៅថ្ងៃទី១០ ធ្នូ។ លោកបន្តថា មូលហេតុដែលលោកចង់ជួបលោក កឹម សុខា គឺដើម្បីសួរសុខទុក្ខ នឹងលើកទឹកចិត្តលោក កឹម សុខា តែប៉ុណ្ណោះ ។
លោក រ៉ុង ឈុន បញ្ជាក់ថា មូលហេតុដែលតុលាការមិនអនុញ្ញាតឱ្យលោកចូលជួបលោក កឹម សុខា ដោយសារតែតុលាការបានលើកមូលហេតុថា រឿងក្ដីនេះកំពុងបន្តការស៊ើបសួរ ហើយមានតែក្រុមគ្រួសារ នឹងមេធាវីលោក កឹម សុខា ប៉ុណ្ណោះ ទើបអាចជួបចូលជួបលោក កឹម សុខា បាន។ ប៉ុន្តែចំពោះមូលហេតុនេះ លោកចាត់ទុកថា គ្រាន់តែជាលេសពង្វាងលោកមិនអោយជួបលោក កឹម សុខា តែប៉ុណ្ណោះ។
លោកមេធាវី ហែម សុជាតិ ក៏បានពន្យល់ថា ច្បាប់មិនបានហាមឃាត់ក្រុមគ្រួសារ ឬញាតិសន្ដានរបស់ជនត្រូវចោទ មិនឱ្យចូលជួបជនត្រូវចោទនោះទេ ។
លោកមេធាវីបន្តថា ប្រសិនអ្នកស្នើសុំចូលជួបជនត្រូវចោទនោះ ត្រូវជាសាក្សី ឬអ្នកពាក់ព័ន្ធនឹងសំណុំរឿងក្តី ទើបចៅក្រមមានសិទ្ធិបដិសេធ៕
ប្រភព ៖ អាស៊ីសេរី
Pdach Mok
Tuesday, December 5, 2017