Views
ការអំពាវនាវនេះកើតមានស្របពេលក្រុមគាំទ្របក្សសង្គ្រោះជាតិបានប្រកាសផែនការធ្វើបាតុកម្មនៅតាមបណ្តាប្រទេសលោកខាងលិច ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាលថា សកម្មភាពទាំងនេះមិនអាចដាក់សម្ពាធលើស្ថាប័នប្រជាធិបតេយ្យនានារបស់កម្ពុជាឡើយ។
ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស ហៅកាត់ថា (APHR) បានបញ្ជាក់ឲ្យដឹងនៅថ្ងៃចន្ទនេះថា មានសមាជិកសភាចំនួន១៥៨រូប មកពី២៣ប្រទេសដែលភាគច្រើនស្ថិតក្នុងតំបន់អឺរ៉ុប និងអាស៊ី បានដាក់ញ្ញត្តិទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មេដឹកនាំកម្ពុជា ដើម្បីទាមទារឲ្យមានការដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំឃាំង។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមសមាជិកសភាអាស៊ាន ដែលធ្វើការប្រឆាំងនឹងការរំលោភសិទ្ធិនយោបាយនិងការបញ្ចេញមតិ។
សេចក្តីថ្លែងការណ៍របស់ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស ចុះថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០១៧ ហើយដែល VOA បានទទួលនោះ បានលើកឡើងថា ក្រុមសមាជិកសភាចំនួនជាង ១៥០ប្រទេសមកពីទូទាំងសាកលលោក បានស្នើឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ដោះលែងលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងដោយគ្មានលក្ខខណ្ឌជាបន្ទាន់ ហើយចាត់វិធានការបន្ទាន់មួយទៀតផងដែរ គឺការបើកផ្លូវឲ្យមានការបោះឆ្នោត ដោយសេរី និងយុត្តិធម៌ក្នុងការបោះឆ្នោតនាឆ្នាំ ២០១៨។
លោក Charles Santiago សមាជិកសភានៃប្រទេសម៉ាឡេស៊ី និងជាប្រធាននៃក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស ត្រូវបានដកស្រង់សម្តីក្នុងសេចក្តីថ្លែងការណ៍ដដែលនោះ តាមន័យដើមថា៖
«ការឃុំខ្លួនលោក កឹម សុខា ជាការពិតមានការជាប់ពាក់ព័ន្ធខាងនយោបាយ ហើយរដ្ឋាភិបាលមិនបានបង្ហាញភស្តុតាងដែលគួរឲ្យជឿបាន ដើម្បីគាំទ្រការចោទប្រកាន់ដែលមិនសមហេតុផលមកដាក់សម្ពាធប្រឆាំងនឹងលោកនោះទេ។ ការជាប់ឃុំខ្លួនលោក កឹម សុខា បានធ្វើឡើង នៅចំពេលមានការបង្ក្រាបយ៉ាងធ្ងន់ធ្ងរមកលើបណ្តាញផ្សព្វផ្សាយសេរី សង្គមស៊ីវិល និងការរំលាយគណបក្សជំទាស់តមកទៀត មិនបានបង្ហាញហេតុផលអ្វីនោះឡើយ ក្រៅតែពីការប៉ុនប៉ងមួយរបស់គណបក្សកាន់អំណាច ដើម្បីលុបចោលរាល់សំឡេងប្រឆាំង នៅមុនការបោះឆ្នោតជាតិឆ្នាំ ២០១៨ប៉ុណ្ណោះ»។
សេចក្តីអំពាវនាវរបស់ក្រុមសមាជិកសភាចំនួន១៥៨រូបនេះ កើតមានឡើងស្របពេលនឹងការប្រកាសរបស់ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិដែលត្រូវរំលាយដោយតុលាការកំពូល ថានឹងធ្វើបាតុកម្មទ្រង់ទា្រយធំ នៅសហរដ្ឋអាមេរិក អឺរ៉ុប និងនៅក្នុងប្រទេសអូស្រា្តលី នាដើមសប្តាហ៍ខាងមុខនេះ ដើម្បីស្តារស្ថានការណ៍នយោបាយកម្ពុជាឡើងវិញ។
ក្រោយអាជ្ញាធរកម្ពុជា និងតុលាការប្រទេសនេះ បានចាប់និងឃុំខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ក្រោមបទសង្ស័យថា មេដឹកនាំគណបក្សប្រឆាំងរូបនេះ ប្រព្រឹត្តអំពើក្បត់ជាតិ លោកហ៊ុន សែន មេដឹកនាំកម្ពុជា បានធ្វើព្រងើយកន្តើយនឹងប្រតិកម្មនានា ដែលរួមមានការដាក់គំនាបខាងសេដ្ឋកិច្ច និងមតិរិះគន់ថា ការបោះឆ្នោតនាពេលខាងមុខនេះ នឹងមិនមានភាពស្របច្បាប់។ ជំនួសឲ្យការមិនខ្វល់នឹងការរិះគន់នេះទៀត លោក ហ៊ុន សែន កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យកន្លងទៅថ្មីៗនេះ បានធ្វើពិធីបួងសួងជាមួយក្រុមមន្ត្រីរបស់លោក ដើម្បីសុំសេចក្តីសុខសាន្តដល់ប្រទេស។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានប្រាប់ VOA នៅថ្ងៃច័ន្ទនេះថា រដ្ឋាភិបាលកម្ពុជា យល់ថា សកម្មភាពរបស់ក្រុមអ្នកនយោបាយគណបក្សជំទាស់ដែលត្រូវបានរំលាយចោលនោះ គ្រាន់តែជាយុទ្ធនាការរបស់ពួកគេប៉ុណ្ណោះ ហើយយុទ្ធនាការទាំងនោះ ក៏នឹងគ្មានឥទ្ធិពលជាដុំកំភួនមកលើអំណាចតុលាការកម្ពុជាផងដែរ។ លោកបញ្ជាក់ថា៖
«យើងឃើញសកម្មភាពហ្នឹងតាំងពីនៅក្នុងសប្តាហ៍ ចុងសប្តាហ៍កន្លងមក ហើយសកម្មភាពហ្នឹង គ្រាន់តែជាយុទ្ធនាការរបស់អ្នកបាត់បង់គឺ អតីតសមាជិកសភា ឬក៏សមាជិកនៃគណបក្ស អតីតនៃសមាជិកគណបក្សសង្គ្រោះជាតិ ហើយរឿងនេះជារឿងដំណើរការរបស់តុលាការ មិនមែនចូលនយោបាយឡូកឡំជាមួយគ្នាទេ»។
អ្នកនាំពាក្យរូបនេះ ថ្លែងបន្តថា រដ្ឋាភិបាលកម្ពុជា បានសម្តែងការគោរពចំពោះឆន្ទានុសិទ្ធិរបស់តុលាការ ដោយយោងទៅលើច្បាប់រដ្ឋធម្មនុញ្ញ ដែលមិនអនុញ្ញាតឲ្យអំណាចនីតិប្រតិបត្តិលូកលាន់អំណាចតុលាការ។ លោកបានលើកឡើងបន្ថែមថា រដ្ឋាភិបាលអរគុណចំពោះការណ៍យកចិត្តទុកដាក់របស់បរទេសមកលើបញ្ហានៅកម្ពុជា តែលោកថា ពួកគេគួរពិចារណាលើរឿងពិតដែលបានកើតនៅកម្ពុជា ទាក់ទិនការអនុវត្តច្បាប់ និងការប្រើអំណាចរបស់ស្ថាប័នប្រជាធិបតេយ្យនៅកម្ពុជា។
ក៏ប៉ុន្តែការរំលាយចោលគណបក្សប្រឆាំងដែលបានធ្វើកាលពីពេលកន្លងមកដោយអំណាចតុលាការកំពូលកម្ពុជា ត្រូវគេជឿថា ធ្វើឡើងក្រោមសម្ពាធនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។
ដោយឡែក លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅដោយនិរទេសខ្លួននៅក្រៅប្រទេសដោយខ្លួនឯង បានថ្លែងពីសហរដ្ឋអាមេរិកក្នុងពិធីជួបជុំជាមួយក្រុមអ្នកគាំទ្រគណបក្សប្រឆាំងកាលពីថ្ងៃអាទិត្យថា គណបក្សសង្គ្រោះជាតិ នៅតែជាគណបក្សស្របច្បាប់សម្រាប់ពលរដ្ឋកម្ពុជា ជាងបីលាននាក់ដែលគាំទ្រគណបក្សដែលមានអាយុប្រាំឆ្នាំមួយនេះ។ លោកថា អ្នកតំណាងរាស្ត្រ និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់របស់គណបក្សនេះនៅតែស្របច្បាប់ដដែល។
ក្នុងជំនួបនោះ លោក អេង ឆៃអ៊ាង ក៏បានប្រកាសឲ្យដឹងពីគម្រោងធ្វើបាតុកម្មទ្រង់ទ្រាយធំរបស់ក្រុមអ្នកគាំទ្របក្សប្រឆាំង នៅអាមេរិក បារំាង និងប្រទេសអូស្រ្តាលីផងដែរ ដើម្បីទាមទារមកវិញនូវសេរីភាពរបស់លោក កឹម សុខា និងធ្វើឲ្យមានប្រក្រតីភាពឡើងវិញនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។ លោកបានអះអាងថា គោលជំហររបស់គណបក្សសង្គ្រោះជាតិ គឺមិនទទួលស្គាល់សាលក្រមរបស់តុលាការកំពូលនោះឡើយ។
«គោលជំហររបស់គណបក្សសង្គ្រោះជាតិ គឺអត់ទទួលស្គាល់សាលក្រម ឬសេចក្តីសម្រេចរបស់តុលាការទេ ហើយរចនាសម្ព័ន្ធដឹកនាំរបស់គណបក្សយើង នៅតែរក្សាទំាងអស់ តំណាងរាស្ត្រ ក្រុមប្រឹក្សាឃុំសង្កាត់ នៅតែជាតំណាងស្របច្បាប់របស់ប្រជាពលរដ្ឋ អាហ្នឹងសុំឲ្យបងប្អូនច្បាស់ត្រង់ហ្នឹង!»
ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស ក៏បានថ្លែងស្វាគមន៍ចំពោះជំហរខ្លាំងក្លារបស់រដ្ឋាភិបាលនានា និងអ្នកនយោបាយនៅជុំវិញពិភពលោក ក្នុងការរិះគន់ចំណាត់ការថ្មីៗរបស់រដ្ឋាភិបាលកម្ពុជា និងបានកត់សម្គាល់ថាការយកចិត្តទុកដាក់នេះនឹងស្ថិតនៅបន្តយូរទៅមុខទៀត៕
ប្រភព ៖ វីអូអេ