Views
តំណាងរាស្ត្រសហរដ្ឋអាមេរិក ព្រមានថា សហរដ្ឋអាមេរិកនឹងសហការជាមួយសហគមន៍អឺរ៉ុប និងជប៉ុន ដើម្បីស្វែងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដល់កម្ពុជា តាមរយៈការបិទប្រព័ន្ធអនុគ្រោះពន្ធនាំចេញផលិតផលសំលៀកបំពាក់របស់កម្ពុជា ទៅលក់នៅបរទេស។
ការប៉ុនប៉ងដាក់សម្ពាធរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតុន ធ្វើឡើងស្របពេលដែលរដ្ឋាភិបាល លោក ហ៊ុន សែន បំផ្លាញគណបក្សសង្គ្រោះជាតិ ចាប់ខ្លួនក្រុមមន្ត្រីបក្សប្រឆាំង និងធ្វើទុក្ខបុកម្នេញក្រុមសង្គមស៊ីវិល យ៉ាងធ្ងន់ធ្ងរ។
តំណាងរាស្ត្រសហរដ្ឋអាមេរិក ពីខាងគណបក្សប្រជាធិបតេយ្យ លោក លោក អាឡាន់ ឡូវែនថល (Alan Lowenthal) បានប្រាប់អាស៊ីសេរី កាលពីថ្ងៃអាទិត្យ ទី៣ ខែធ្នូ ថា ក្រៅពីការស្វែងរកលទ្ធភាពក្នុងការបិទប្រព័ន្ធអនុគ្រោះពន្ធផ្នែកវាយនភណ្ឌរបស់កម្ពុជា នោះសហរដ្ឋអាមេរិក នឹងមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតជាតិឆ្នាំ២០១៨ ខាងមុខនេះទេ ប្រសិនបើកម្ពុជា មិនដោះលែងអ្នកទោសនយោបាយ ហើយអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ ចូលរួមការបោះឆ្នោតនោះ។
លោក អាឡាន់ ឡូវែនថល៖ «ជំហានដំបូងយើងកំពុងធ្វើកិច្ចការជាមួយសមាជិកសភារបស់អាស៊ាន សមាជិកសភាអឺរ៉ុប និងជប៉ុន ដើម្បីធ្វើការរួមគ្នាស្វែងរកវិធានការសមរម្យក្នុងការបិទប្រព័ន្ធអនុគ្រោះពន្ធនាំចេញសម្លៀកបំពាក់របស់កម្ពុជា មកលក់នៅសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប។ វាជាកិច្ចការលំបាកបន្តិចមែន ប៉ុន្តែប្រសិនបើយើងធ្វើការរួមគ្នា យើងនឹងជួយជីវិតប្រជាធិបតេយ្យនៅកម្ពុជា បានឡើងវិញ»។
ការអះអាងរបស់តំណាងរាស្ត្រសហរដ្ឋអាមេរិករូបនេះ ធ្វើឡើងនៅក្រោយវេទិកាសាធារណៈមួយដែលរៀបចំឡើងដោយអង្គការសម្ព័ន្ធមិត្តខ្មែរអាមេរិកាំង ក្នុងរដ្ឋវឺជីនៀ (Virginia) កាលពីថ្ងៃអាទិត្យ ដែលមានពលរដ្ឋខ្មែរចូលរួមជាង ២០០នាក់ មកពីតាមបណ្ដារដ្ឋជាច្រើនក្នុងសហរដ្ឋអាមេរិក។
លោក លោក អាឡាន់ ឡូវែនថល បន្តថា ប្រសិនស្ថានការណ៍នៅកម្ពុជា មិនព្រមវិលមករកភាពប្រក្រតីទៀត នោះក្រុមតំណាងរាស្ត្ររបស់សហរដ្ឋអាមេរិក ស្វែងរកការដាក់បញ្ចូលឈ្មោះក្រុមមន្ត្រីជាន់ខ្ពស់របស់កម្ពុជា ដែលរំលោភសិទ្ធិមនុស្សទៅក្នុងបញ្ជីខ្មៅនៃច្បាប់ គ្លបល មែកនីកស្គី (Global Magnitsky Act) ថែមទៀត។
ច្បាប់ គ្លបល មែកនីកស្គី (Global Magnitsky) ត្រូវបានសភាពេញអង្គរបស់សហរដ្ឋអាមេរិក អនុម័តកាលពីខែធ្នូ ឆ្នាំ២០១៦។ ច្បាប់នេះមានឥទ្ធិពលដាក់ទណ្ឌកម្មបុគ្គលណាក៏ដោយ ជាតិសាសន៍ណាក៏ដោយដែលរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ គឺបិទទិដ្ឋាការមិនអោយចូលសហរដ្ឋអាមេរិក ហើយទីពីរគឺបង្កកទ្រព្យសម្បត្តិរបស់បុគ្គលនោះដែលដាក់តម្កល់នៅបរទេស។
រហូតមកដល់ពេលនេះ កម្ពុជាកំពុងរងសម្ពាធយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ រួមមានសហគមន៍អឺរ៉ុប អូស្ត្រាលី និងសហរដ្ឋអាមេរិក ដែលសុទ្ធតែជាប្រទេសម្ចាស់ជំនួយដ៏ធំរបស់កម្ពុជា។ កាលពីចុងខែវិច្ឆិកា គណៈប្រតិភូសភាអឺរ៉ុប ក៏បានព្រមានរដ្ឋាភិបាលកម្ពុជាថា អឺរ៉ុបអាចនឹងចាត់វិធានការជុំវិញជំនួយផ្នែកអភិវឌ្ឍន៍ និងការអនុគ្រោះពន្ធ ប្រសិនបើស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នៅតែមានភាពដុនដាបខ្លាំង ដោយសារការធ្វើទុក្ខបុកម្នេញគណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។
អ្នកស្រី អូលីវ្យោ អ៊ែននុស (Olivio Enos) ដែលជាអ្នកវិភាគផ្នែកគោលនយោបាយរបស់អង្គការមូលនិធិកេរដំណែលសហរដ្ឋអាមេរិក បានផ្ដល់អនុសាសន៍ដល់រដ្ឋាភិបាលសហរដ្ឋអាមេរិកថា ត្រូវប្រើយុទ្ធសាស្ត្រច្បាស់លាស់មួយដើម្បីដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់ដែលរំលោភសិទ្ធិមនុស្សនៅកម្ពុជា ឲ្យមានការទទួលខុសត្រូវចំពោះបទល្មើសសម្លាប់ឆន្ទៈប្រជាធិបតេយ្យរបស់ពលរដ្ឋខ្មែរ៖ «សហរដ្ឋអាមេរិកទាមទារអោយក្រុម ឬបុគ្គលទាំងឡាយណាក្នុងប្រទេសកម្ពុជា ទទួលខុសត្រូវចំពោះអំពើល្មើសច្បាប់របស់ពួកគេដែលបានបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ដូច្នេះការទណ្ឌកម្មជាវិធីល្អមួយដូចជាការបិទទិដ្ឋាការ ឬបង្កកទ្រព្យអីជាដើមហ្នឹង ប៉ុន្តែយុទ្ធសាស្ត្រធំជាងនេះទៅទៀតនោះ គឺទាមទារអោយមានការកៀរគរសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងតំបន់អោយជួយផងដែរ។ ជាងនេះទៅទៀត សហរដ្ឋអាមេរិកគួរបង្កើតក្រុមទំនាក់ទំនងកម្ពុជា ដើម្បីជាឆ្លើយតបទៅនឹងកាតព្វកិច្ចដែលសហរដ្ឋអាមេរិក មានគឺកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលត្រូវទាមទារឲ្យកម្ពុជា ទទួលខុសត្រូវចំពោះការរំលោភសិទ្ធិមនុស្ស និងការបំផ្លាញដំណើរការប្រជាធិបតេយ្យ»។
ទោះជាយ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា ប្រតិកម្មថា កម្ពុជា និងសហរដ្ឋអាមេរិក នៅតែមានទំនាក់ទំនងល្អជាមួយគ្នា ហើយសង្ឃឹមថា រដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) នឹងមានការពិចារណាខ្ពស់ចំពោះដែនអធិបតេយ្យនៃប្រទេសទាំងពីរ។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទថា គ្មានហេតុផលណាមួយដែលសហរដ្ឋអាមេរិក ត្រូវដាក់ទណ្ឌកម្មសេដ្ឋកិច្ចដល់កម្ពុជា នោះឡើយ៖ «ភាសាការដាក់ទណ្ឌកម្មលើកម្ពុជា មិនអាចទៅរួចទេ ពីព្រោះកម្ពុជា កំពុងមានទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិក ហើយយើងមិនទាន់ធ្វើអ្វីដែលធ្វើអោយប៉ះពាល់ដល់ផលប្រយោជន៍សហរដ្ឋអាមេរិកនោះទេ»។
ទោះជាយ៉ាងណាក៏សេតវិមានរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៦ ខែវិច្ឆិកា បានចាត់ទុកការរំលាយគណបក្សប្រឆាំងនៅកម្ពុជា ថាជាវិធានការធ្ងន់ធ្ងរមួយដែលនាំដំណើរការវិវឌ្ឍន៍នៃលទ្ធិប្រជាធិបតេយ្យដើរថយក្រោយ ហើយអាចធ្វើឲ្យកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ជួបហានិភ័យ។
សេតវិមានប្រធានាធិបតីសហរដ្ឋអាមេរិក ក៏បានព្រមានថា អាមេរិកនឹងចាត់វិធានការជាក់លាក់ឆ្លើយតបទៅដល់ចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជា ដែលបានរំលាយគណបក្សសង្គ្រោះជាតិ។ វិធានការទីមួយរបស់សហរដ្ឋអាមេរិក គឺបញ្ចប់ការគាំទ្រខាងផ្នែកកិច្ចការរដ្ឋាភិបាលរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រាប់ការបោះឆ្នោតឆ្នាំ២០១៨ ខាងមុខ។ វិធានការទីពីរ គឺសហរដ្ឋអាមេរិក នឹងមិនទទួលស្គាល់ជាដាច់ខាតនូវការបោះឆ្នោតជាតិឆ្នាំក្រោយនេះ៕
ប្រភព ៖ អាស៊ីសេរី