Views
នៅថ្ងៃទី ០៧ ធ្នូ ឆ្នាំ ២០១៧ នេះ លោក សោ ចាន់ដេត ជាសមាជិកព្រឹទ្ធសភាបក្សភ្លើងទៀន បានឆ្ងល់លើរឿងរ៉ាវកន្លងមករបស់ខ្លួនថា ហេតុអ្វីក៏ត្រូវបានដកហូតសិទ្ធិនយោបាយ ៥ ឆ្នាំ ថ្វីបើលោកនៅក្នុងបក្សភ្លើងទៀនសោះ ដែលមានសេចក្តីដូចខាងក្រោម ៖
តើខ្ញុំ (សោ ចាន់ដេត) ខុសអី?
ក្នុងនាមខ្ញុំជាកូនខ្មែរម្នាក់ដែរ គឺខ្ញុំមិនអស់ចិត្តទាល់តែសោះ ដែលនៅសុខៗត្រូវបានគេហាមចូលរួមគិត អំពីបញ្ហាប្រទេសជាតិ និងបញ្ហារាស្ត្រប្រជា (ហាមធ្វើនយោបាយ) ទាំងរូបខ្ញុំគ្មានកំហុសអ្វីបន្តិចសោះ កុំថាឡើយទោសក្បត់ជាតិ។
មកដល់ចំណុចនេះ ខ្ញុំសុំធ្វើការឆ្លុះបញ្ចាំងទាំងសកម្មភាពជាក់ស្តែងរបស់ខ្ញុំ និងទាំងអំណាចផ្លូវច្បាប់ចំពោះរូបខ្ញុំ គឺមានហេតុផលបីដែលបានបង្ហាញថា ខ្ញុំគ្មានកំហុសសោះ ៖
១-សកម្មភាពនយោបាយកន្លងមក = រាល់សកម្មភាពរបស់ខ្ញុំ គឺខ្ញុំមិនដែលធ្វើសកម្មភាពក្នុងភាព “អាថ៌កំបាំង” ម្តងណាឡើយ និងគ្មានសកម្មភាពណាមួយបង្កើតឲ្យមានអំពើហឹង្សា ទោះជាតាមវោហារស័ព្ទក៏គ្មានដែរ។ ម្យ៉ាងទៀត ខ្ញុំមិនដែលធ្វើសកម្មភាពអ្វីដែលនាំឲ្យ “ខ្មែរ និងខ្មែរ” យកគ្នាជាខ្មាំងសត្រូវម្តងណាឡើយ ហើយក៏មិនដែលធ្លាប់លើកតម្កើងជនបរទេណាមួយ ដែលនាំឲ្យបាត់បង់តម្លៃរបស់ប្រទេសជាតិក៏គ្មានដែរ។
២-គណបក្សនយោបាយ = តំណែងជាសមាជិកព្រឹទ្ធសភា របស់ខ្ញុំជាកូតាចេញពីគណបក្សភ្លើងទៀន មិនមែនជាកូតាគណបក្សសង្គ្រោះជាតិទេ ហើយខ្ញុំមានតួនាទី ជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៅក្នុងគណបក្សភ្លើងទៀន ដូច្នេះគ្មានហេតុផលអ្វីមកបញ្ឈប់សកម្មភាពនយោបាយរបស់ខ្ញុំទេ ព្រោះគណបក្សភ្លើងទៀន នៅជាគណបក្សស្របច្បាប់នៅឡើយ។
៣-តួនាទីក្នុងគណបក្ស = ល្បិតអីខ្ញុំមានតួនាទីជាប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ ខេត្តបន្ទាយមាជ័យ ក៏ពិតមែន ប៉ុន្តែមិនមែនមែនជាតំណែងជាន់ខ្ពស់ទេ ម្យ៉ាងទៀតនៅក្នុង “លក្ខន្តិក និងបទបញ្ជាផ្ទៃក្នុង” គណបក្សសង្គ្រោះជាតិ ក្រុមការងារមិនមែនជាថ្នាក់ដឹកនាំគណបក្សទេ។ មានន័យថា ប្រធានក្រុមការងារខេត្ត មានតួនាទីជាជំនួយការប្រធានគណបក្សតែប៉ុណ្ណោះ មិនមានសិទ្ធិចូលរួមបង្កើត “គោលនយោបាយគណបក្ស” ទេ។
ដូច្នេះ បើតុលាការកាត់សេចក្តីឲ្យខ្ញុំមានទោសដែរ គឺវាហាក់ដូច “តុលាការ” ធ្វើសេចក្តីសម្រេចផ្ទុយពី “ស្មារតីតុលាការកូនកាត់” កំពុងដំណើរការក្តីពួកអតីត “ខ្មែរក្រហម”។ ព្រោះស្មារតីតុលការខ្មែរក្រហមនេះ បានបញ្ជាក់យ៉ាងច្បាស់ថា ដើម្បី “ផ្សះផ្សាជាតិខ្មែរ” តុលការធ្វើការ “ចោទ” តែថ្នាក់ដឹកនាំកំពូលពីរ បីនាក់ទេ ដោយមិនរាលដាលដល់ “មេខេត្ត និងមេភូមិភាគ” ទេ។
យោងលើហេតុផលទាំងបីខាងលើ ខ្ញុំនឹងពិចារណា ពិគ្រោះជាមួយអ្នកច្បាប់ ដើម្បីទាមទារសិទ្ធិ “នយោបាយ” ខ្ញុំមកវិញ៕៚
បាត់ដំបង ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧
********
ផ្តាច់ការសូមឆ្លើយថា មកពីលោក សោ ចាន់ដេត ធ្វើនយោបាយឡើងប្រជាប្រិយភាពលឿនពេក មិនចូលរួមបំផ្លាញជាតិ និង មិនព្រមពុករលួយតាមចរន្តនយោបាយសម្តេចតេជោ ហេតុនោះ មនុស្សស្អាតស្អំយ៉ាងនេះគួរតែដេកផ្ទះរង់ចាំថ្ងៃអាទិត្យរះនៅថ្ងៃណាមួយ ៕
Pdach Mok
Thursday, December 7, 2017