Views
ភ្នំពេញៈ
ក្រសួងការពារជាតិប្រកាសថាខ្លួនកំពុងពិនិត្យទិដ្ឋភាពច្បាប់ធ្វើពាក្យបណ្ដឹងប្រឆាំងអតីតប្រធានគណបក្សសង្គ្រោះជាតិលោក
សម រង្ស៊ី
ដែលកំពុងនិរទ្ទេសខ្លួនថាបានធ្វើអត្ថាធិប្បាយញុះញង់ឲ្យកងទ័ពបះបោរប្រឆាំងរាជរដ្ឋាភិបាលដឹកនាំដោយលោក
ហ៊ុន សែន។
ការប្រកាសនេះធ្វើឡើងខណៈមានការថ្កោលទោសជាបន្តបន្ទាប់ពីកងទ័ពទាំង
៣ ប្រភេទនៃកងយោធពលខេមរភូមិន្ទប្រឆាំងលោក សម រង្ស៊ី
និងបង្ហាញពីភាពស្មោះស្ម័គ្រនៃមេបញ្ជាការនានាលើរាជរដ្ឋាភិបាលកម្ពុជា។
សេចក្ដីថ្លែងការណ៍មួយរបស់កងទ័ពជើងទឹកសរសេរថា៖
«យើងខ្ញុំទាំងអស់គ្នាជាកងទ័ពជើងទឹកសូមប្រកាសប្រឆាំងដាច់ខាតរាល់សកម្មភាពញុះញង់របស់ពួកអគតិដែលប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលទោះក្នុងកាលៈទេសៈណាក៏ដោយ
ក៏យើងខ្ញុំស្មោះត្រង់ដាច់ខាតចំពោះជាតិ
ចំពោះរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
កាលពីថ្ងៃពុធបានលើកឡើងពីវីដេអូឃ្លីបមួយរបស់លោក សម រង្ស៊ី
ដែលគេជឿថាបានធ្វើឡើងតាំងពីខែមិថុនាឆ្នាំ ២០១១។
ក្រោយការអត្ថាធិប្បាយរបស់លោក ហ៊ុន សែន
វីដេអូឃ្លីបនោះត្រូវបានគេហទំព័រព័ត៌មាន Fresh News
ផ្សព្វផ្សាយកាលពីល្ងាចថ្ងៃពុធនោះដែរ។
ក្នុងវីដេអូឃ្លីបរយៈពេល ១ នាទីកន្លះលោក សម រង្ស៊ី
បានអំពាវនាវឲ្យកងទ័ពបែរចុងការណុងផ្តួលរំលំរបបដឹកនាំដោយលោក
ហ៊ុន សែន ខណៈលោកនៅធ្វើជាប្រធានគណបក្ស សម រង្ស៊ី។
លោកថ្លែងក្នុងវីដេអូឃ្លីបថា៖ «អ៊ីចឹងដូចជាវាទុំ ផ្លែឈើវាទុំ
វាស្ទើរតែដង្កូវស៊ី រុញតែបន្តិចទៅធ្លាក់ហើយ
ការបះបោរប្រជារាស្ត្រផុសផុលបន្តិច។
យើងត្រូវការការរៀបចំ...យើងត្រូវការការផ្គត់ផ្គង់ ឧបត្ថម្ភខ្លះ។
យើងត្រូវការផ្ដល់បង្អែកខ្លះដើម្បីឲ្យការបះបោរផ្ទុះឡើង
ហើយកងកម្លាំងប្រដាប់អាវុធភាគច្រើនគឺចេញមកពីប្រជារាស្ត្រខ្មែរក្រ
ប្រាក់ខែតិច រស់អត់បានទេ បងប្អូន»។
លោកបន្ថែមថា៖ «មានតែបែរចុងកាណុងដើម្បីផ្តួលរំលំរបបនេះទៅ។
នេះជាសេចក្ដីអំពាវនាវរបស់គណបក្ស សម រង្ស៊ី។ រូបខ្ញុំ សម រង្ស៊ី
សូមអំពាវនាវឲ្យប្រជារាស្ត្រខ្មែរ
កងកម្លាំងប្រដាប់អាវុធរួមគ្នាទម្លាក់ ហ៊ុន សែន
ចេញពីតំណែងរបបក្បត់ជាតិ។ យើងត្រូវតែបញ្ចប់នៅពេលនេះ»។
លោកថា៖ «យើងចង់ឲ្យ ហ៊ុន សែន ចុះចេញពីតំណែងកាន់តែឆាប់កាន់តែល្អ...»។
លោក ឈុំ សុជាតិ
អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងថាក្រុមអ្នកច្បាប់កំពុងសិក្សាលើទិដ្ឋភាពច្បាប់ដើម្បីដាក់បណ្ដឹងប្រឆាំង
លោក សម រង្ស៊ី។
លោកថ្លែងថា៖ «ទង្វើនេះជាទង្វើមួយដែលយើងមិនអាចអត់ឱនបាន។
យើងសិក្សាបន្ថែមពីការញុះញង់បំបែកបំបាក់ជាតិព្រោះអាហ្នឹងធ្វើឲ្យបាត់សន្តិសុខជាតិ...។
គាត់ញុះញង់ឲ្យកងទ័ពប្រឆាំងនឹងរដ្ឋាភិបាលប្រឆាំងនឹងការដឹកនាំជាអំពើមួយដែលក្បត់ជាតិ។
យើងនឹងពិចារណាតាមច្បាប់ទៀត ហើយឲ្យដាក់ទោសទណ្ឌតាមច្បាប់។
តុលាការជាអ្នកសម្រេចចិត្ត»។
លោកបន្ថែមថា៖ «វាតែងឡើងពីការញុះញង់ឲ្យកងទ័ពមិនស្ដាប់មេ
ស្តាប់បញ្ជាកងអង្គភាព ឬក៏ធ្វើឲ្យបាត់សណ្តាប់ធ្នាប់
អាហ្នឹងមានចែងក្នុងច្បាប់...»។
លោកថ្លែងថាការចេញមុខថ្កោលទោសលោក សម រង្ស៊ី ពីសំណាក់មេទ័ព
និងកងអង្គភាពជាច្រើនគឺជា “ឆន្ទៈ”
របស់ពួកគេក្នុងការគាំទ្រប្រសាសន៍
និងការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក សុជាតិ ហៅសម្ដីលោក សម រង្ស៊ី ក្នុងវីដេអូឃ្លីបថាជាទង្វើ
“ក្បត់ជាតិ” ធ្វើឲ្យកងទ័ពខឹង និងមិនអាចអត់ឱនឲ្យបាន។
លោកថា៖ «កងទ័ពគេស្រឡាញ់រដ្ឋាភិបាលពិសេសសម្តេចតេជោ ហ៊ុន សែន ...»។
មេធាវីតំណាងរដ្ឋាភិបាលលោក គី តិច
ថ្លែងថាលោកនៅមិនទាន់ទទួលបានការស្នើសុំពីក្រសួងការពារជាតិនៅឡើយទេ
ហើយក៏មិនទាន់បានពិចារណាជាមួយក្រុមមេធាវីថាតើគួរយកភ័ស្តុតាងនៃឃ្លីបវីដេអូនេះទៅបន្ថែមលើសំណុំរឿងប្ដឹងរំលាយគណបក្សសង្គ្រោះជាតិដែរ។
ចំពោះសំណុំរឿងប្ដឹងរំលាយគណបក្សសង្គ្រោះជាតិលោក គី តិច
បញ្ជាក់ថា ក្រុមមេធាវីមានភ័ស្តុតាងគ្រប់គ្រាន់ដើម្បីដាក់បន្ទុក។
លោកថ្លែងថា៖ «យើងមានភ័ស្តុតាងច្រើន
បើនិយាយពីគ្រប់គឺវាចង់លើសទៅទៀត...»។
លោក សម រង្ស៊ី មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយលើការចោទប្រឆាំងរូបលោកបានទេពីម្សិលមិញ។
ប៉ុន្តែលោក Paul Chambers សាស្ត្រាចារ្យនៃសាកលវិទ្យាល័យនរ៉េសូរ
ប្រទេសថៃថ្លែងថា៖ «លោក ហ៊ុន សែន
អាចមានមោទនភាពដែលគាត់គ្រប់គ្រងត្រួតត្រាលើមន្ត្រីយោធាកម្ពុជា។
បញ្ហាតែមួយគត់គឺថាក្នុងករណីកម្ពុជា
មិនមានការគ្រប់គ្រងជាលក្ខណៈស៊ីវិលទេ
តែជំនួសវិញនូវការគ្រប់គ្រងផ្ទាល់ខ្លួន។
នេះបង្ហាញពីកង្វះខាតក្នុងលទ្ធិប្រជាធិបតេយ្យ
យោធាមិនបានស្មោះត្រង់នឹងរដ្ឋធម្មនុញ្ញ
តែផ្ទុយទៅវិញគឺគាំទ្រខ្លាំងក្លាចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន
សែន»៕