Views
ប្រភពវិទ្យុបារាំង ៖ បញ្ជីឈ្មោះមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិសរុប១២៥រូប ដែលប្រឈមមុខនឹងការហាមឃាត់មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ ត្រូវបានគេទម្លាយជាសាធារណៈ កាលពីរសៀលថ្ងៃទី ០៦ វិច្ឆិកា តាមរយៈបណ្តាញផ្សព្វផ្សាយព័ត៌មាន ដែលស្និទ្ធនឹងរដ្ឋាភិបាលកម្ពុជា។ នៅក្នុងចំណោមបញ្ជីឈ្មោះទាំងនោះ រួមមាន សមាសភាពជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍គណបក្សសង្រ្គោះជាតិចំនួន២៦រូប និងសមាជិកគណៈកម្មាធិការនាយកសរុបចំនួន១២៥រូប។ ពួកគេនឹងត្រូវប្រឈមមុខនឹងការដកហូតសិទ្ធិ មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ ប្រសិនបើគណបក្សសង្រ្គោះជាតិ ពិតជាត្រូវរំលាយមែននោះ។
យោងតាមបញ្ជីឈ្មោះដែលបានបែកធ្លាយនេះ បានបញ្ជាក់អំពីឈ្មោះរបស់សមាជិកជាន់ខ្ពស់គណបក្សសង្រ្គោះជាតិនីមួយៗ ដែលម្ខាងមកពីកូតាគណបក្ស សម រង្ស៊ី និងម្ខាងទៀតមកពីកូតាគណបក្សសិទ្ធិមនុស្ស។ អ្នកទាំងនោះខ្លះបានលាឈប់ និងខ្លះទៀតបានទទួលមរណភាព។ ហើយក្នុងនោះ ក៏មានឈ្មោះលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលបានលាលែង, លោក អ៊ុំ សំអាន អនិកជនខ្មែរ-អាមេរិកកាំង លោក មៀច សុវណ្ណារ៉ា អានិកជនខ្មែរ-អាមេរិក ដែលកំពុងជាប់ពន្ធនាគារ និងដែលបានលាលែងពីគណបក្ស ក្រោមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនាពេលកន្លងមក។ ក្រៅពីនោះ នៅមានកញ្ញា កឹម មនោវិទ្យា កូនស្រីច្បងរបស់លោក កឹម សុខា និងសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ -សមាជិកគណៈកម្មាធិការនាយកសរុប១២៥រូប។ ពួកគេនឹងប្រឈមការដកហូតសិទ្ធិមិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ ប្រសិនបើគណបក្សសង្រ្គោះជាតិ នឹងត្រូវរំលាយនៅថ្ងៃទី ១៦ វិច្ឆិកា សប្តាហ៍ក្រោយ។ ជាថ្ងៃដែលតុលាការកំពូល កំណត់បើកសវនការជំនុំជម្រះក្តី លើបណ្តឹងសុំរំលាយគណបក្សសង្រ្គោះជាតិ ដែលប្តឹងដោយក្រសួងមហាផ្ទៃ។
ឆ្លើយតបទៅនឹងការទម្លាយបញ្ជីឈ្មោះនេះ លោក ប៉ុល ហំម អនុប្រធានគណបក្សសង្រ្គោះជាតិ មិនបានបង្ហាញការភ្ញាក់ផ្អើលនោះទេ។ លោក ប៉ុល ហំម ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា កាលពីព្រឹកថ្ងៃទី ០៧ វិច្ឆិកា បានប្រកាសថា លោកនឹងចូលនិវត្តន៍ពីឆាកនយោបាយភ្លាម ប្រសិនបើគណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយមែននោះ។
គួរជំរាបជូនថា ការទម្លាយបញ្ជីឈ្មោះគណៈកម្មាធិការអចិន្រ្តៃយ៍ និងគណៈកម្មាធិការនាយកគណបក្សសង្រ្គោះជាតិ ដែលប្រឈមនឹងការដកហូតសិទ្ធិមិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំនេះ គឺនៅប៉ុន្មានថ្ងៃក្រោយពីការអំពាវនាវរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី ០៤ វិច្ឆិកា។ នៅថ្ងៃចុងក្រោយនៃព្រះរាជពិធីបុណ្យអុំទូកនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឲ្យមន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំង បន្តចុះចូលនឹងលោក ឲ្យបានមុនថ្ងៃទី ១៦ វិច្ឆិកា ដែលជាថ្ងៃតុលាការកំពូលបើកសវនការនោះ។ លោក ហ៊ុន សែន បានសន្យាថា នឹងរក្សាតំណែងនិងតួនាទីរបស់ពួកគេឲ្យនៅដដែល ប្រសិនបើពួកគេចាកចេញពីគណបក្សប្រឆាំង។
សូមបញ្ជាក់ថា បើផ្អែកតាមពាក្យបណ្តឹងរបស់ក្រុមមេធាវីក្រសួងមហាផ្ទៃ ក្រៅពីប្តឹងឲ្យតុលាការកំពូលរំលាយគណបក្សសង្រ្គោះជាតិហើយនោះ ក្រុមមេធាវីក៏បានប្តឹងសុំឲ្យតុលាការកំពូល ដកសិទ្ធិធ្វើនយោបាយរយៈពេល៥ឆ្នាំពីសមាជិកគណៈអចិន្ត្រៃយ៍ និងគណៈកម្មាធិការនាយកគណបក្សសង្រ្គោះជាតិផងដែរ៕