Views
ប្រភពវីអូអេ ៖ នៅក្នុងទិន្នន័យថ្មីដែលចេញផ្សាយដោយសហគមន៍អ្នកសារព័ត៌មានស៊ើបអង្កេតអន្តរជាតិ(ICIJ) ដែលដាក់ឱ្យសាធារណជនចូលទៅស្រាវជ្រាវ បានបង្ហាញឈ្មោះមនុស្សចំនួន២៥នាក់ នៅក្នុងប្រទេសកម្ពុជា ដែលមានរក្សាលុយនៅក្រៅប្រទេសតាមរយៈការទិញភាគហ៊ុននៅក្នុងក្រុមហ៊ុនចំនួន ២៦ ។
ក្នុងចំណោមអ្នកពាក់ព័ន្ធដែលសហគមន៍សារព័ត៌មាននេះ បង្ហាញមានលោកអង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជា។ លោក អង្គ វង្សវឌ្ឍនា ត្រូវបានគេបង្ហាញថាមានភាគហ៊ុននៅក្នុងក្រុមហ៊ុន RCD International ដែលមានអាសយដ្ឋាននៅទីក្រុងហុងកុង ហើយចុះបញ្ជីនៅក្នុងដែនកោះ Virgin របស់ប្រទេសអង់គ្លេស។ មានអ្នកចូលរួមដាក់ភាគហ៊ុនចំនួនបួននាក់ផ្សេងទៀត ក្នុងនោះមានឈ្មោះវេជ្ជបណ្ឌិត លេខ បុប្ផា, លោក Authur Chan Wai Kong, វេជ្ជបណ្ឌិត Ray Chat Bam, និងលោកវេជ្ជបណ្ឌិត សួស សាគឿន។
ម្ចាស់ភាគហ៊ុនទាំងនេះ ប្រើប្រាស់ក្រុមហ៊ុន Corporate Management Services ដែលមានមូលដ្ឋាននៅក្នុងទីក្រុងហុងកុង ធ្វើជាអន្តរការី ឬហៅថាភ្នាក់ងាររៀបចំធានារ៉ាប់រង។ ឯកសារដែលគេហៅថា Panama Papers បានបង្ហាញថា លោក អង្គ វង្សវឌ្ឍនា មានភាគហ៊ុនចំនួន៥០០០ហ៊ុន។ ប៉ុន្តែ លោកធ្លាប់បានប្រកែក បន្ទាប់ពីមានលេចចេញនូវព័ត៌មាននេះ។ ក្រុមហ៊ុននេះបានបើកនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០០៧ ប៉ុន្តែបានបិទទៅវិញនៅខែវិច្ឆិកា ឆ្នាំ២០១០។
ក្រៅពីនេះ ឯកសារ Panama Papers បានបង្ហាញអ្នកវិនិយោគម្នាក់មានឈ្មោះ ឡុង វីរៈ ដែលមានភាគហ៊ុនក្នុងក្រុមហ៊ុនច្រើនជាងគេបំផុត។ លោក ឡុង វីរៈ មានភាគហ៊ុនក្នុងក្រុមហ៊ុនចំនួន៥ ដែលមានក្រុមហ៊ុន Easy Flow Media Ltd., Solid Media Solutions Ltd., Ultra Media Entertainment Ltd., Speedquick Media Ltd., និង Big Aim Ltd.,។ ក្រុមហ៊ុនទាំងនេះបានចុះបញ្ជីនៅក្នុងដែនកោះ Virgin របស់អង់គ្លេស និងមានមួយចុះបញ្ជីក្នុងប្រទេសថៃ។
ក្នុងការទិញភាគហ៊ុននេះ លោក ឡុង វីរៈ ប្រើប្រាស់អាសយដ្ឋានពីរខុសគ្នាគឺមួយនៅខណ្ឌ៧មករា និងមួយទៀតនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។
រីឯអ្នកដែលមានក្រុមហ៊ុនច្រើនបន្ទាប់គឺមានឈ្មោះ ថៃ ទីណូ ដែលចុះឈ្មោះជានាយកក្រុមហ៊ុនចំនួនបី គឺក្រុមហ៊ុន Wealth Path Group Inc., Tech Label Corp, និង Team Players Investment Limited. ដែលក្រុមហ៊ុនទាំងបីមានមូលដ្ឋាន និងចុះឈ្មោះនៅកោះ Virgin នៃប្រទេសអង់គ្លេសដែរ។ លោក ថៃ ទីណូ ប្រើប្រាស់អាសយដ្ឋានមិនច្បាស់លាស់មួយ ក្នុងរាជធានីភ្នំពេញ ដែលគ្រាន់តែបញ្ជាក់ថា ស្ថិតនៅផ្ទះលេខ៥ ផ្លូវសាលាអន្តរជាតិប៉ុណ្ណោះ។
មានឈ្មោះពីរដែលឯកសារ Panama Papers នេះបង្ហាញថា មានឈ្មោះប្រហាក់ប្រហែលគ្នាគឺឈ្មោះ ចាន់ តារា មានភាគហ៊ុន នៅក្រុមហ៊ុន GUD Ventures Ltd ដោយឈ្មោះនេះចុះបញ្ជីប្រើប្រាស់អាសយដ្ឋាន នៅខណ្ឌឫស្សីកែវ ហើយឈ្មោះ តារា ចាន់ មានភាគហ៊ុននៅក្នុងក្រុមហ៊ុន Lee's Cambodia Holdings ដោយចុះបញ្ជីប្រើប្រាស់អាសយដ្ឋាននៅខណ្ឌទួលគោក។ ប៉ុន្តែឈ្មោះទាំងពីរនេះប្រើប្រាស់ក្រុមហ៊ុន Mossack Fonseca&Co ដែលស្ថិតនៅក្នុងប្រទេសសិង្ហបុរី ធ្វើជាអន្តរការីដូចគ្នា ដែលអាចជាមនុស្សតែម្នាក់ ប៉ុន្តែប្រើការសរសេរឈ្មោះខុសគ្នាដោយប្តូរនាមត្រកូលម្តងដាក់ខាងមុខ និងម្តងដាក់ខាងក្រោយ។
ឯកសារបន្តឱ្យដឹងទៀតថា អ្នកខ្លះមានឈ្មោះជាខ្មែរប្រើប្រាស់អាសយដ្ឋាននៅខ្មែរហើយបើកក្រុមហ៊ុននៅបរទេសតាមរយៈអន្តរការី។ ដូចជាឈ្មោះ តូវ រស្មី មានការវិនិយោគក្នុងក្រុមហ៊ុន Champei Investments Limited ដែលក្រុមហ៊ុននេះចុះបញ្ជី និងមានអាសយដ្ឋាននៅកោះ Virgin របស់ប្រទេសអង់គ្លេសដែរ។
លោក ដេវីត យ៉ាន មានអាសយដ្ឋាននៅទីក្រុងភ្នំពេញ វិនិយោគលើក្រុមហ៊ុន Best Dream International Limited និង Ever-Glory Enterprises (HK) Limited។
លោក លឹម ប៊ុនសួរ អាសយដ្ឋាននៅខណ្ឌចំការមន និងលោក ប៉ែន គង្គា មានអាសយដ្ឋាននៅខណ្ឌទួលគោកវិនិយោគលើក្រុមហ៊ុន Master Faster International Limited ដែលមានអាសយដ្ឋាននៅទីក្រុងហុងកុង ហើយប្រើប្រាស់ក្រុមហ៊ុន Rya Management Ltd., ធ្វើជាអន្តរការី។
ឈ្មោះ ណាង សុទ្ធី មានភាគហ៊ុននៅក្នុងក្រុមហ៊ុន Lak Resources International Limited ដែលមានទីតាំងនៅក្នុងទីក្រុងហុងកុង។
លោក ប្រាក់ សម្បត្តិ និង ប៉ាង ប៊ុនណូរិន បានចុះបញ្ជីជានាយកក្រុមហ៊ុន New Image Trading Limited ដែលមានមូលដ្ឋាន និងចុះបញ្ជីនៅកោះ Virgin របស់អង់គ្លេស។ ក្រុមហ៊ុននេះដំណើរការតាំងពីឆ្នាំ២០០៧ រហូតដល់ពេលបច្ចុប្បន្ន ហើយប្រើប្រាស់ក្រុមហ៊ុន Kaizen Certified Accountant ដែលមានមូលដ្ឋាននៅទីក្រុងហុងកុងជាអន្តរការី។
ឈ្មោះ យូ សុខហួង បានចុះឈ្មោះជានាយកក្រុមហ៊ុន N.C.X Power Produce Co. Ltd., ដែលមានមូលដ្ឋាន និងចុះឈ្មោះនៅកោះ Virgin របស់អង់គ្លេសហើយមានឈ្មោះ សុខ ពិសាល ជាអ្នកចូលរួមភាគហ៊ុន។ អ្នកទាំងពីរប្រើប្រាស់អាសយដ្ឋានរួមគ្នា គឺផ្ទះលេខ៨៨E0 ផ្លូវ១៣៦ ភូមិ១ សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ឈ្មោះ ស្រ៊ាង ទីតូ ដែលស្ថិតនៅក្នុងខណ្ឌឫស្សីកែវ ក្រុងភ្នំពេញចុះឈ្មោះ ជានាយកក្រុមហ៊ុន Leading Faith Incorporated ដែលមានមូលដ្ឋាននៅកោះ Virgin របស់ប្រទេសអង់គ្លេសនោះ។
ឈ្មោះ សុង ម៉េងគង់ ដែលស្ថិតនៅក្នុងក្រុងភ្នំពេញ ចុះឈ្មោះជាប្រធានក្រុមហ៊ុន Selvione Limited តាំងពីឆ្នាំ២០១៣ ហើយក្រុមហ៊ុននេះនៅទីក្រុងហុងកុង។
ឯកសារ Panama Papers ក៏ឱ្យដឹងដែរថា ក៏មានអ្នកដែលមានឈ្មោះបរទេស តែប្រើប្រាស់អាសយដ្ឋាននៅកម្ពុជា ដើម្បីទិញភាគហ៊ុននៅក្រៅប្រទេសកម្ពុជា។
ក្នុងនោះមាន ឈ្មោះ Wong Swie Hwa មានភាគហ៊ុននៅក្រុមហ៊ុន King Fortress Investments Ltd.,។ ឈ្មោះនេះបានប្រើប្រាស់អាសយដ្ឋាននៅខណ្ឌ៧មករា ក្រុងភ្នំពេញ ដើម្បីចុះបញ្ជី ហើយមានឈ្មោះ លឹម សុផានី ជាដៃគូភាគហ៊ុនដែលមានអាសយដ្ឋាននៅកម្ពុជាផងដែរ។ ប៉ុន្តែ ក្រុមហ៊ុននេះបានបិទនៅឆ្នាំ២០១២ បន្ទាប់ពីបើកបានចំនួន៤ឆ្នាំ។
អ្នកដែលមានឈ្មោះបរទេស ប៉ុន្តែប្រើប្រាស់អាសយដ្ឋាននៅកម្ពុជាដើម្បីទិញភាគហ៊ុននៅបរទេសក៏មានច្រើនទៀតដែរ ដូចជាឈ្មោះ OKUBO Alejandro Marcelo បានប្រើប្រាស់អាសយដ្ឋានក្នុងខណ្ឌដូនពេញ ទីក្រុងភ្នំពេញ ដើម្បីទិញភាគហ៊ុនក្នុងក្រុមហ៊ុន Triumph Business Development Ltd., ដែលមានមូលដ្ឋានក្នុងទីក្រុងហុងកុង។
ឈ្មោះ Kwok Stanley Kar Kuen បានប្រើប្រាស់អាសយដ្ឋាននៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដើម្បីទិញភាគហ៊ុនក្នុងក្រុមហ៊ុន Clever Leader Holdings ដែលស្ថិតនៅទីក្រុងហុងកុង។
ឈ្មោះ Chong Mei Sing បានប្រើប្រាស់អាសយដ្ឋាននៅខណ្ឌចំការមន រាជធានីភ្នំពេញ ដើម្បីគ្រប់គ្រងក្រុមហ៊ុនDe’Cove Investments Ltd., ដែលក្រុមហ៊ុននេះចុះឈ្មោះ និងមានមូលដ្ឋាននៅកោះ Virgin របស់អង់គ្លេស។
ឈ្មោះ Dmitry S Stepanov ប្រើប្រាស់អាសយដ្ឋាននៅទីក្រុងភ្នំពេញ ដើម្បីធ្វើជាប្រធានក្រុមហ៊ុន PMT Air Corp ដែលពេលនេះបានក្ស័យធន។
ឈ្មោះ Tee Lee Tat ប្រើប្រាស់អាសយដ្ឋាននៅទីក្រុងភ្នំពេញ ដើម្បីចុះឈ្មោះជានាយកក្រុមហ៊ុន Protec Ventures Worldwide Limited. ដែលបានចុះឈ្មោះ នៅកោះ Virgin របស់អង់គ្លេស។
ចុងក្រោយមានឈ្មោះ Skaret Sindre មានអាសយដ្ឋាន និងលេខទូរស័ព្ទ ក្នុងប្រទេសកម្ពុជា ប៉ុន្តែទូស័ព្ទមិនមានដំណើរការ ដែលជាអ្នកដែលមានភាគហ៊ុនក្នុងក្រុមហ៊ុន Golden Luck Winner Limited ដែលមានមូលដ្ឋាននៅក្នុងទីក្រុងហុងកុង។
ឯកសារដែលបានបង្ហាញនេះជាផ្នែកមួយនៃសំណុំឯកសារជាង១១លានកន្លះ ដែលបង្ហាញពីវិធីដែលក្រុមហ៊ុនច្បាប់ពិភពលោក និងធនាគារធំៗលក់ការសម្ងាត់ទៅឱ្យអ្នកនយោបាយ អ្នកគៃបន្លំ និងអ្នកជួញដូរគ្រឿងញៀន ក៏ដូចជាមហាសេដ្ឋីនានា និងតារាល្បីៗ។
នេះគឺជាផ្នែកមួយនៃការរកឃើញ បន្ទាប់ពីការស៊ើបអង្កេតអស់រយៈពេលមួយឆ្នាំដោយសហគមន៍អ្នកសារព័ត៌មានស៊ើបអង្កេតអន្តរជាតិ និងអង្គភាពសារព័ត៌មានជាង១០០៕
Pdach Mok
Wednesday, November 8, 2017