Views
ប្រភពវិទ្យុបារាំង ៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃនេះ
បានប្រកាសជំហរដាច់ខាតថា កម្ពុជានឹងជំនះឧបសគ្គ
ដើម្បីរៀបចំការបោះឆ្នោតជាតិនៅខែកក្កដា ឆ្នាំ២០១៨ ខាងមុខ
ទោះបីជាសហគមន៍អន្តរជាតិបានរិះគន់ ឬមិនទទួលស្គាល់ក៏ដោយ។
ការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា
គឺទំនងជាបានឆ្លើយតបទៅនឹងការព្រមានពីសហគមន៍អន្តរជាតិ
ជាពិសេសការព្រមានរបស់សមាជិកព្រឹទ្ធសភាអាមេរិកលោក ថេត គ្រូស
ដែលបានលើកឡើងថា
សហរដ្ឋអាមេរិកនឹងមិនទទួលស្គាល់លទ្ធផលបោះឆ្នោតនៅកម្ពុជាឡើយ
បើមិនដោះលែងលោក កឹម សុខា ប្រធានគណបក្សប្រឆាំង។
មុនពេលចាកចេញពីប្រទេសកម្ពុជា
ដើម្បីទៅចូលរួមកិច្ចប្រជុំមួយនៅប្រទេសវៀតណាម
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្ញើសារច្បាស់ៗនៅថ្ងៃនេះថា
កម្ពុជានឹងជំនះឧបសគ្គ ដើម្បីរៀបចំការបោះឆ្នោតជាតិនៅខែកក្កដា
ឆ្នាំ២០១៨ ខាងមុខ
បើទោះបីជាមិនមានការទទួលស្គាល់ពីសហគមន៍អន្តរជាតិក៏ដោយ។
ក្រៅពីនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា
ក៏បានអំពាវនាវទៅដល់សហគមន៍អន្តរជាតិ
សូមកុំឲ្យលូចដៃចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះឡើយ។
ការអំពាវនាវរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា
បានធ្វើឡើង
នៅក្នុងឱកាសដែលលោកបានជួបសំណេះសំណាលជាមួយក្រុមនាវាយុវជន
អាស៊ាន-ជប៉ុន ប្រមាណជា៣៦០នាក់ ដែលបានធ្វើឡើង នៅឯវិមានសន្តិភាព
កាលពីព្រឹកថ្ងៃទី ១០ វិច្ឆិកានេះ មុនពេលដែលលោក
ហោះទៅចូលរួមកិច្ចប្រជុំក្រៅផ្លូវការ
ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ី-ប៉ាស៊ីហ្វិច ឬ (APEC)
និងអាស៊ាន ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង ដាណាំង ប្រទេសវៀតណាម។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
ដែលមានគម្រោងឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្រ្តីកម្ពុជាចំនួនពីរអាណត្តិទៀតនោះ
បានលើកឡើងថា ទោះបីជាការបោះឆ្នោតជាតិនៅពេលខាងមុខ
ធ្វើឡើងដោយមិនមាននរណាជួយ ឬដោយមិនមាននរណា (សហគមន៍អន្តរជាតិ)
ទទួលស្គាល់ក្តី
ក៏កម្ពុជានៅតែជំនះឧបសគ្គដើម្បីរៀបចំការបោះឆ្នោត
ឲ្យតែការបោះឆ្នោតនោះធ្វើឡើងឲ្យស្របតាមច្បាប់របស់កម្ពុជា។
សូមបញ្ជាក់ថា
តាមគម្រោង
កម្ពុជានឹងមានការបោះឆ្នោតសំខាន់ចំនួនពីរនៅឆ្នាំ២០១៨ខាងមុខ
គឺការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា
ដែលនឹងធ្វើឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ
ខណៈដែលការបោះឆ្នោតជាតិជ្រើសតាំងសមាជិករដ្ឋសភា
ដែលជាការបោះឆ្នោតដ៏សំខាន់ដើម្បីឈានទៅជ្រើសរើសមេដឹកនាំប្រទេស
នឹងធ្វើឡើងនៅថ្ងៃទី ២៩ កក្កដា។
អ្វីជាការកត់សំគាល់
ការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តីនេះ
គឺទំនងជាបានឆ្លើយតបទៅនឹងការព្រមានពីសហគមន៍អន្តរជាតិ
ក្រោយពីមានការចាប់ខ្លួនប្រធានគណបក្សប្រឆាំងលោក កឹម សុខា
និងការប៉ុនប៉ងរំលាយគណបក្សសង្រ្គោះជាតិជាដើម។
ហើយចុងក្រោយនេះ
គឺការព្រមានរបស់សមាជិកព្រឹទ្ធសភាអាមេរិកនៅរដ្ឋតិចសាស់ លោក ថេត
គ្រូស (Ted Cruz) ដែលបានព្រមានជាថ្មីថា សហរដ្ឋអាមេរិក
នឹងមិនទទួលស្គាល់លទ្ធផលបោះឆ្នោតនៅកម្ពុជានាឆ្នាំ២០១៨នោះឡើយ
បើរដ្ឋាភិបាលកម្ពុជា មិនដោះលែងលោក កឹម សុខា
ប្រធានគណបក្សសង្រ្គោះជាតិ៕
Pdach Mok
Friday, November 10, 2017