Views
ប្រភពអាស៊ីសេរី ៖ មន្ត្រីគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តព្រះសីហនុ រិះគន់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ថាអត់កេរ្តិ៍ខ្មាស ដោយបានធ្វើទង្វើនាំឲ្យអាម៉ាស់ដល់ព្រះកិត្តិនាមព្រះបិតាព្រះអង្គ ព្រះករុណាសម្ដេចព្រះ នរោត្តម សីហនុ ព្រោះបានចិញ្ចឹមចិត្តចង់បានកៅអីតំណាងរាស្ត្រគណបក្សប្រឆាំង ទាំងគណបក្សនេះមិនទាន់រំលាយនៅឡើយ។
ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខេត្តព្រះសីហនុ លោក សុខ សាវ៉ាត កាលពីព្រឹកថ្ងៃពុធ ទី៨ ខែវិច្ឆិកា បានរិះគន់ធ្ងន់ៗចំពោះទង្វើរបស់មេដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលមានមហិច្ឆតាចង់បានកៅអីសភា ឬកៅអីតំណាងរាស្ត្ររបស់គណបក្សប្រឆាំងនៅគ្រាបក្សនេះមិនទាន់ត្រូវគេរំលាយផងនោះ ថាជាប្រភេទមនុស្សល្មោភអំណាច បុណ្យស័ក្ដិ អត់កេរ្តិ៍ខ្មាស និងក្បត់ឆន្ទៈប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។
លោកបន្តថា អាសនៈសភា ឬកៅអីតំណាងរាស្ត្រដែលទទួលបានដោយម្ចាស់ឆ្នោត មិនបានផ្ដល់ជូនស្ដែងចេញពីឆន្ទៈពិតប្រាកដនឹងមិនមានតម្លៃ ហើយនៅថ្ងៃណាមួយពលរដ្ឋជាម្ចាស់ឆ្នោតនឹងដកហូតមកវិញ៖ «កៅអីតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ គឺជាសំឡេង ឬជាឆន្ទៈរបស់ប្រជាពលរដ្ឋ និងជាតំណាងឲ្យប្រជាពលរដ្ឋ ដែលលោកមានសេចក្ដីទុកចិត្ត ឬលោកមានបំណងចង់ឲ្យនរណាមួយធ្វើជាតំណាងរបស់ពលរដ្ឋម្ចាស់ឆ្នោតតែប៉ុណ្ណឹងទេ។ ដូច្នេះ បើសិនជាមានបុគ្គល ឬអ្នកណាផ្សេងគាត់មកចង់បានកៅអីតំណាងរាស្ត្របក្សសង្គ្រោះជាតិ ដោយទទេនោះ គឺជាអត់មានតម្លៃទេ ហើយវានឹងរលាយនៅពេលបោះឆ្នោតផ្សេងទៀតនឹងចូលមកដល់។ ក្នុងនោះអ្នកចង់បានកៅអីដែលម្ចាស់ឆ្នោតមិនបានផ្ដល់ជូន នឹងមិនទទួលបានការគោរពឲ្យតម្លៃពីប្រជាពលរដ្ឋម្ចាស់ឆ្នោត និងនាំឲ្យបុគ្គលទាំងនោះបាត់បង់កិត្តិយស ព្រមទាំងសេចក្ដីថ្លៃថ្នូរបុគ្គលនោះទៅវិញទេ»។
ចំណែកអ្នកឃ្លាំមើលការវិវត្តន៍ស្ថានការណ៍នយោបាយនៅកម្ពុជា ក៏បានបង្ហាញការហួសចិត្ត និងរិះគន់សកម្មភាពរបស់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលស្រមើស្រមៃចង់បានកៅអីតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នៅគ្រាគណបក្សប្រឆាំងមួយនេះមិនទាន់ត្រូវបានរំលាយជាផ្លូវការផងនោះ។ ពួកគេចាត់ ទុកទង្វើរបស់ទ្រង់ រណឫទ្ធិ ថាធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ព្រះកិត្តិនាមរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ អតីតព្រះមហាក្សត្រ ដែលជាព្រះបិតាឯករាជ្យជាតិ ផ្សះផ្សាជាតិ និងជាក្សត្រដឹកនាំប្រទេសកម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យ។
បញ្ហានេះដែរ អតីតមន្ត្រីជាន់ខ្ពស់គណបក្សហ្វ៊ុនស៊ិនប៉ិច លោក លឺ ឡាយស្រេង ក៏ធ្លាប់បានរិះគន់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដោយបានបង្ហោះសារតាមបណ្ដាញសង្គមជាបន្តបន្ទាប់ ចំពោះមហិច្ឆតាចង់បានអាសនៈសភាគណបក្សសង្គ្រោះជាតិ នៅមុនពេលគណបក្សប្រឆាំងមួយនេះមិនទាន់រំលាយផងនោះ។
លោក លឺ ឡាយស្រេង ដែលជាអតីតកូនចៅទ្រង់ រណឫទ្ធិ ចាត់ទុកទង្វើរបស់សម្ដេចក្រុមព្រះថា កំពុងទាញទម្លាក់កិត្តិយស សែស្រឡាយរាជវង្សានុវង្ស ពិសេសបានប៉ះពាល់ដល់ព្រះកិត្តិនាមព្រះមហាវីរក្សត្រ ព្រះករុណាសម្តេចព្រះ នរោត្តម សីហនុ ធ្ងន់ធ្ងរ។ លោក លឺ ឡាយស្រេង ដែលជាអតីតឧបនាយករដ្ឋមន្ត្រី និងជាអតីតរដ្ឋមន្ត្រីក្រសួងព័ត៌មានផងនោះ ចាត់ទុកសកម្មភាពរបស់ទ្រង់ នរោត្តម រណឫទ្ធិ ថាជាប្រភេទមនុស្សឆ្អិនក្បាលស៊ីក្បាលឆ្អិនកន្ទុយស៊ីកន្ទុយ ហើយមានខួរក្បាលអន់រកលេខដាក់គ្មាន ព្រោះគ្មានគំនិតស្នេហាសង្គមជាតិ និងពលរដ្ឋនោះទេ។
ការរិះគន់នេះបានកើតឡើងជាថ្មី ក្រោយពេលកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច និងអ្នកម្នាង បានដឹកនាំកិច្ចប្រជុំសំងាត់ពិសេសមួយនៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ ដោយមានតែមន្ត្រីស្និទ្ធព្រះអង្គទើបមានសិទ្ធិចូលរួមប្រជុំ។
សមាជិកគណបក្សហ្វ៊ុនស៊ិនប៉ិច ស្នើមិនបញ្ចេញឈ្មោះបានឲ្យអាស៊ីសេរីដឹងថា កិច្ចប្រជុំនេះសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានលើកយកប្រធានបទទាក់ទងការត្រៀមរៀបចំបញ្ជីឈ្មោះបេក្ខភាពដែលនឹងត្រូវទទួលតំណែងកៅអីតំណាងរាស្ត្រក្រោយពេលគណបក្សសង្គ្រោះជាតិ ត្រូវរំលាយចោល។
មន្ត្រីហ្វ៊ុនស៊ិនប៉ិចដែលទំនងជាអស់សង្ឃឹម ឬមិនមានឈ្មោះក្នុងបញ្ជីស្រមើស្រមៃថា នឹងទទួលបានតំណែងកៅអីសភានឹងគេ បានអះអាងថា មន្ត្រីគណបក្សហ្វ៊ុនស៊ិនប៉ិច ជាន់ខ្ពស់ដែលបានចូលប្រជុំសម្ងាត់ជាមួយសម្ដេចក្រុមព្រះ កាលពីថ្ងៃទី៦ ខែវិច្ឆិកា គឺពួកគេទាំងនោះសុទ្ធតែមានលទ្ធភាពបង់លុយយកតំណែងកៅអីតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ ក្រោយត្រូវរំលាយចោលនៅថ្ងៃខាងមុខ ដោយក្នុងតំណែងកៅអីតំណាងរាស្ត្រនីមួយៗ អាចត្រូវចំណាយលុយអស់ចន្លោះពី ១ម៉ឺន ៥ពាន់ដុល្លារសហរដ្ឋអាមេរិក ដល់ ២ម៉ឺនដុល្លារ។ រីឯសមាជិកគណបក្សហ៊ុនស៊ិនប៉ិច ដែលគ្មានលទ្ធភាពបង់លុយជូនបក្ស ដើម្បីយកកៅអីតំណាងរាស្ត្រ និងមិនស្និទ្ធសម្ដេចក្រុមព្រះទេ គឺមិនត្រូវបានអញ្ជើញឲ្យចូលរួមក្នុងអង្គប្រជុំពិសេសនេះទេ៕
Pdach Mok
Friday, November 10, 2017