Views
ប្រភពអាស៊ីសេរី ៖ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ
ចេញរបាយការណ៍ថា
ពលរដ្ឋបានចូលរួមដើរកម្សាន្តក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក
នៅមុខព្រះបរមរាជវាំង ក្នុងរយៈ៣ថ្ងៃកន្លងទៅនេះ មានចំនួនចន្លោះពី
១លាន ៣សែន នាក់ ទៅ១លាន ៥សែន នាក់។
សង្គមស៊ីវិលមើលឃើញថា
ចំនួនអ្នកចូលរួមពិធីបុណ្យអុំទូកឆ្នាំនេះ ធ្លាក់ចុះខ្លាំង
ដោយអាជ្ញាធរ បានរៀបចំកងកម្លាំងសមត្ថកិច្ចច្រើនជាងពេលធម្មតា
ឬពេលបុណ្យ កន្លងទៅ។
ករណីនេះបានធ្វើឲ្យពលរដ្ឋខ្លះមានការភ័យខ្លាចខ្លាំង។
របាយការណ៍របស់សមត្ថកិច្ចបង្ហាញថា
ទូកដែលចូលរួមប្រកួតនៅឆ្នាំ២០១៧នេះ មានចំនួន២៧០ទូក
មានទូកអុំចំនួន១៦២ទូក ក្នុងនោះទូកអុំស្ត្រី ១ ទូកចែកចំនួន
២៨ទូក ដោយមានទូកចែវស្ត្រីចំនួន២ទូក
និងទូកខ្នាតអន្តរជាតិចំនួន៨០ទូក មានទូកស្ត្រី ៣ ទូក។
កីឡាករចំណុះទូកងទាំង ២៧០ទូក មានចំនួន ១៧.៨២៦ នាក់ ជាស្ត្រីចំនួន ២៨៩នាក់ ។
របាយការណ៍ដដែលបង្ហាញថា សភាពការណ៍សន្តិសុខ
សណ្ដាប់ធ្នាប់ នៅថ្ងៃអុំទូកទី៣ សមត្ថកិច្ចបានឃាត់ខ្លួន
ជនជាតិប៊ែលហ្សិកម្នាក់ ភេទប្រុស អាយុ២៧ឆ្នាំ
ពីបទមានកាំបិតខ្លីជាប់ខ្លួន បញ្ជូនទៅនាយកដ្ឋានអន្តោប្រវេសន្ត
និងឃាត់ខ្លួន ករណីលួចអីវ៉ាន់ក្នុងផ្សារទំនើបអ៊ីអន ម្នាក់ទៀត។
ករណីបាត់ម៉ូតូ១គ្រឿង តែត្រូវរកឃើញវិញ
និងករណីបាត់កាបូបលុយចំនួន២ករណី។
ចំណែកសភាពការណ៍គ្រោះថ្នាក់វិញ
ករណីក្មេងវង្វេងម្ដាយកើតឡើងចំនួន ៥៨លើក ស្មើនឹង៦០នាក់។
សមត្ថកិច្ចបានប្រកាសរកឃើញ និងប្រគល់ជូនអាណាព្យាបាលវិញ
ចំនួន៥៧នាក់ នៅសល់៣នាក់ ពុំទាន់រកឃើញអាណាព្យាបាល។
ករណីលិចទូកប្រណាំង នៅថ្ងៃអុំទូកទី៣
ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា មានទូកប្រណាំងចំនួន៥ បានលិច
កីឡាករអុំទូកទាំងអស់ត្រូវសង្គ្រោះបាន
និងសង្គ្រោះកីឡាករធ្លាក់ទឹកបានចំនួន១៧នាក់ កីឡាករខ្យល់គរម្នាក់
និងបានទប់ស្កាត់ការប្រើហិង្សារវាងកីឡាករចំនួនទូក២ទូក
គឺមកពីខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចអះអាងថា
បានស្រាវជ្រាវរកឃើញកាបូបដែលភ្លេចនៅក្នុងបន្ទប់ទឹកសាធារណៈ
ប្រគល់ជូនម្ចាស់វិញ ១ករណី និងបានជួយសង្គ្រោះពិនិត្យ
និងព្យាបាលជំងឺជូនពលរដ្ឋចំនួន ១១.២៦៤នាក់
មានស្រីចំនួន៣៨៦៣នាក់ ដោយបញ្ជូនទៅមន្ទីរពេទ្យចំនួន១២នាក់។
សមត្ថកិច្ចក៏បានឃាត់សកម្មភាព
បង្ហោះយន្ដហោះបំពាក់កាមេរ៉ាបញ្ជាថតពីលើអាកាស ឬដ្រូន (Drone) ចំនួន២គ្រឿង ដោយមួយគ្រឿងជារបស់ស្ថានីយទូរទស្សន៍CTN និង យន្តហោះដ្រូន មួយទៀត ជារបស់ក្រុមហ៊ុន ស្រាបៀរកម្ពុជា។
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកលក់អាវរងាមានអក្សរ Police និង Army ៣នាក់ ដកហូតអាវរងាបានចំនួន ៧អាវ ព្រមទាំងឃាត់ជនពាក់អាវដែលមានអក្សរ Police និង Army បានចំនួន
៣០៣នាក់ ស្រី២៧នាក់។ ប៉ុន្តែ សមត្ថកិច្ចបានអះអាងថា
អាវដែលពលរដ្ឋបានពាក់ទាំងនោះត្រូវបានដកហូត
ហើយអនុញ្ញាតឲ្យពួកគេទៅដើរកម្សាន្តក្នុងពិធីបុណ្យអុំទូកវិញជាធម្មតា។
របាយការណ៍របស់ប៉ូលិសដដែល អះអាងថា ករណីឃាត់ខ្លួនសាកសួរ
និងដកហូតអាវដែលមានអក្សរ Police និង Army ក្នុងពិធីបុណ្យអុំទូកនោះ គ្មានពលរដ្ឋណាម្នាក់ មានប្រតិកម្មនោះទេ។
តាមរយៈរបាយការណ៍ចេញ រៀងរាល់ថ្ងៃរបស់អាជ្ញាធរ
បង្ហាញថា ពិធីបុណ្យអុំទូកនៅឆ្នាំនេះ មានសភាពល្អប្រសើរ
គ្មានហេតុការណ៍
ឬព្រឹត្តិការណ៍អសន្តិសុខកើតឡើងបង្កឲ្យពលរដ្ឋភ័យខ្លាច
ឬប៉ះពាល់ដល់ទិដ្ឋភាពជារួមនៃការប្រារព្ធពិធីឡើយ។
ពលរដ្ឋដែលចូលរួមនៅក្នុងពិធីបុណ្យអុំទូកនៅឆ្នាំនេះ
មើលឃើញថា ហេតុការណ៍ដែលធ្វើឲ្យពួកគេព្រួយបារម្ភ និងភ្ញាក់ផ្អើល
គឺករណីមហាជននាំគ្នាពាក់អាវដែលមានអក្សរ Police និង Army ដែលងាយធ្វើឲ្យពួកគាត់យល់ច្រឡំថា
នេះ គឺជាសមត្ថកិច្ច
និងការដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធច្រើនហួសប្រមាណ
ដែលធ្វើឲ្យពលរដ្ឋមានការភ័យខ្លាច។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បញ្ជាក់ថា
ភ្ញៀវជាតិ និងអន្តរជាតិ ចូលរួមបុណ្យអុំទូកឆ្នាំនេះ មានចំនួន
៣លាននាក់ ដោយនៅថ្ងៃអុំទូកទី១ មានមនុស្សចំនួន៧០ ទៅ៨០ម៉ឺននាក់
ថ្ងៃអុំទូកទី២ មានចន្លោះ ៩០ម៉ឺន ទៅ១លាននាក់ និងថ្ងៃអុំទូកទី៣
មានអ្នកចូលរួមដើរកម្សាន្តចំនួន ១.២លាននាក់។ លោក ថោង ខុន
ពន្យល់អ្នកសារព័ត៌មានថា កត្តាមនុស្សកើនឡើងនៅថ្ងៃទី៣
ដោយសារតែពលរដ្ឋមួយចំនួនធំ បានចេញទៅលេងតាមបណ្ដាខែត្រ
ត្រលប់មកចូលរួមពិធីបុណ្យអុំទូកនៅភ្នំពេញវិញ
កាលពីថ្ងៃអុំទូកចុងក្រោយ។ ឯសង្គមស៊ីវិល
មើលឃើញចំនួនពលរដ្ឋមកលេងក្សាន្តបុណ្យអុំទូកមានចំនួនថយចុះ
បើធៀបទៅនឹងឆ្នាំមុនៗ។
អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុក (Adhoc) លោក
ស៊ឹង សែនករុណា មើលឃើញថា
ការដាក់ពង្រាយកងកម្លាំងកាន់អាវុធសំញ៉ែងពលរដ្ឋច្រើនពេក
បានធ្វើឲ្យពលរដ្ឋភ័យខ្លាច ខណៈដែលផ្លូវចូលទៅពីធីបុណ្យអុំទូក
នៅតែកកស្ទះដោយសារមិនសូវសំបូរវត្តមានប៉ូលិសសម្រួលចរាចរណ៍ច្រើន
ដូចកងកម្លាំងដើរកាន់អាវុធច្រូងច្រាង។ «សំឡេង»
ឯសំរាមនៅក្រោយពិធីបុណ្យអុំទូកវិញ
សង្គមស៊ីវិលយល់ថា កត្តាខ្វះការអប់រំ ទើបបណ្ដាលឲ្យពលរដ្ឋ
បោះសំរាមចោលពាសវាលពាសកាល និងកត្តាតំបន់ខ្លះ ខ្វះធុងសំរាម
ឬសំរាមហៀរធុង ធ្វើឲ្យពលរដ្ឋ បោះចោលខាងក្រៅ និងទុកក្បែរធុងសំរាម ៕
ក្អែកឆ្លាត ចេះរើសសំរាមទុកក្នុងធុង
Posted by Non-LDP Hero on Friday, 3 November 2017