Views
ប្រភពអាស៊ីសេរី ៖ មន្ត្រីគណបក្សកាន់អំណាចនិយាយថា រដ្ឋាភិបាល គ្មានការខ្មាសគេទាល់តែសោះ នូវចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលជាជនក្បត់ជាតិ។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន និយាយថា គ្មានប្រទេសណាមួយលើកលែងទោសឲ្យជនក្បត់ជាតិឡើយ។
ខណៈថ្ងៃឱសានវាទរបស់សមាជិកព្រឹទ្ធសភាអាមេរិក មកពីគណបក្សសាធារណរដ្ឋ និងជាអតីតបេក្ខជនប្រធានាធិបតីលោក ថិត គ្រូស (Ted Cruz) ដាក់កំហិតឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ដោះលែងប្រធានគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា លោក កឹម សុខា នៅថ្ងៃទី៩ ខែវិច្ឆិកា។ នៅពេលនេះ នាំពាក្យរបស់គណបក្សកាន់អំណាចចាប់ផ្ដើមនិយាយឌឺដងទៅនឹងវិធានការនេះ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន សរសេរនៅលើបណ្ដាញទំនាក់ទំនងតេឡេក្រាម (Telegram) នៅថ្ងៃទី៦ ខែវិច្ឆិកា ថា ទោសក្បត់ជាតិនេះ លោក កឹម សុខា មិនបានព្យួរកចាត់ទុកថា សំណាងធំហើយ កុំមកចង់តវ៉ាអីទៀត។ ទោះតុលាការមិនទាន់សម្រេចថា លោក កឹម សុខា មានទោសក្បត់ជាតិក្ដី ប៉ុន្តែ លោក សុខ ឥសាន និយាយពេញៗមាត់ថាលោក កឹម សុខា ជាជនក្បត់ជាតិ។ លោកបន្តថា រដ្ឋាភិបាល គ្មានការខ្មាសបន្តិចណាសោះចំពោះចំណាត់ការផ្លូវច្បាប់មកលើជនក្បត់ជាតិ។
នៅមួយរយៈចុងក្រោយនេះ ក្រុមគណបក្សប្រជាជនកម្ពុជា ដែលកំពុងគ្រប់គ្រប់រដ្ឋាភិបាល និងស្ថាប័នសំខាន់ៗរបស់ជាតិ មានចំណាត់ជាបន្តបន្ទាប់ ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ រហូតចុងក្រោយនេះ លោក ហ៊ុន សែន អំពាវនាវឲ្យមន្ត្រីគណបក្សសង្គ្រោះជាតិ គ្រប់ជាន់ថ្នាក់ឲ្យចុះចូលជាមួយគណបក្សប្រជាជនកម្ពុជាដើម្បីអាចរក្សាដំណែងរបស់ខ្លួន។
ចំណែក អ្នកនយោបាយជើងចាស់ និងអតីតឧបនាយករដ្ឋមន្ត្រី លោក លឺ ឡាយស្រេង ដែលធ្លាប់ធ្វើការជាមួយលោក ហ៊ុន សែន ជាង១៥ឆ្នាំ បានចោទសួរថា តើគណបក្សប្រជាជនកម្ពុជាមានមនុស្សចេះដឹងទេ បានទុកឲ្យលោក ហ៊ុន សែន ធ្វើអ្វីតាមអំពើចិត្ត។ លោកព្រមានថា បើគណបក្សសង្គ្រោះជាតិត្រូវរំលាយ គណបក្សប្រជាជនកម្ពុជាត្រូវរលាយដូចគ្នាដែរ ព្រោះលោកសំអាងថា ការបាត់បង់គណបក្សសង្គ្រោះជាតិ ធ្វើឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ក្លាយជារដ្ឋាភិបាលមិនស្របច្បាប់ ចំណុចមួយទៀត គឺរដ្ឋាភិបាលនេះ រងសម្ពាធគ្រប់បែបយ៉ាងពីអន្តរជាតិ៖ «តា ហ៊ុន សែន គាត់អត់ដឹងអី គាត់ធ្វើអី គាត់ធ្វើហ្នឹង ប៉ុន្តែកុំណា ខ្ញុំគ្រាន់តែណែនាំថា ក្ដៅណាស់កុំអោយសោះ កុំឲ្យជ្រុលពេក តែជ្រុលពេកកែលែងបានហើយ។ នៅក្នុងគណបក្សប្រជាជនអត់មានមនុស្សចេះដឹងទេមិចហ្នឹង ទុកឲ្យមនុស្សម្នាក់កកូរអីស្រេចតែចិត្តអ៊ីចឹង»។
លោក លឺ ឡាយស្រេង យល់ថា វិបត្តិនយោបាយកាលពីអំឡុងឆ្នាំ១៩៧០ ជាជម្លោះ ប្រើដោយអាវុធប៉ុន្តែលោក ហ៊ុន សែន អាចចរចាដោះស្រាយបាន ដូច្នេះលោកថា វិបត្តិនយោបាយនៅពេលនេះ វាគ្រាន់តែកើតឡើង ដោយពាក្យសំដីក៏អាចចរចាដោះស្រាយបានដែរ។ ប៉ុន្តែ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ទាត់ចោលនូវគំនិតបែបនេះរបស់លោក លឺ ឡាយស្រេង។
អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះនិយាយថា៖ «ពេលទឹកដល់ច្រមុះហើយទើបអំពាវនាវរកការចរចា ស្រុះស្រួលគ្នារវាងខ្មែរ និងខ្មែរ ។ ស្អីក៏ចេះម្ល៉េះ វាយគេតាមចិត្ត ដល់គេតដៃស្រាប់តែចង់ចរចា។ ក្រែងក្រុមខ្លួនឯងហ្នឹងទេតើស ដែលបំផ្លាញវប្បធម៌សន្ទនានោះ»។
ផ្ទុយពីលើកឡើងរបស់លោក សុខ ឥសាន ដូចនេះ វប្បធម៌សន្ទនាដែលគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានបង្កើតឡើងកាលពីឆ្នាំ២០១៤ ដើម្បីបញ្ចប់វិបត្តិនយោបាយ ត្រូវលោក ហ៊ុន សែន លុបចោលទៅវិញ ក្នុងពេលនេះគណបក្សចាប់ផ្ដើមមានទំនាស់នឹងគ្នា។ លោក ហ៊ុន សែន ថាបើចង់និយាយគ្នាដែលតែនិយាយគ្នាពេលប្រជុំសភាប៉ុណ្ណោះ។
លោក កឹម សុខា ត្រូវរដ្ឋាភិបាលលោក ហ៊ុន សែន ចាប់ខ្លួនយកទៅឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៣ ខែកញ្ញា ដោយចោទប្រកាន់ពីបទក្បត់ជាតិ។ ទោះតុលាការមិនទាន់រកឃើញថា លោក កឹម សុខា បានប្រព្រឹត្តដូចការក្ដី ប៉ុន្តែទាំងលោក ហ៊ុន សែន និងមន្ត្រីរបស់លោកបានហៅលោក កឹម សុខា ពេញៗមាត់ថា ជនក្បត់ជាតិ។ លោក សុខ ឥសាន ថា លោក កឹម សុខា បានជាប់នៅក្នុងពន្ធនាគារ ជាភ័ព្វសំណាងទៅវិញទេ ព្រោះថាទោសនេះ កាលពីសម័យមុនត្រូវបាញ់សម្លាប់ចោល៕
Pdach Mok
Tuesday, November 7, 2017