Views
ប្រភពវីអូឌី ៖ ជាថ្មីម្តងទៀតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសលើហ្វេសប៊ុករបស់លោកថា លោកហ៊ានភ្នាល់ដាក់ជីវិត បើគណបក្សសង្រោះជាតិមិនរលាយ ។
ការដែលលោក ហ៊ុន សែន ប្រកាសសារនយោបាយបែបម៉ឺងម៉ាត់នេះ មិនមែនជាលើកទី១ទេ បើគិតចាប់ពីថ្ងៃដែលសមត្ថកិច្ចឆ្មក់ចូលចាប់ខ្លួន មេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ទាំងយប់រំលងអាធ្រាត កាលពីជិត២ខែមុនមកនោះ ។
ប៉ុន្តែជាការកត់សម្គាល់ នៅពេលកម្តៅនយោបាយបានហក់ឡើងដល់កម្រិតប្រកាសអាសន្ននេះ អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ដែលធ្លាប់ប្រកាសដកខ្លួនចេញពីឆាកនយោបាយទៅហើយនោះ បានហក់ចូលមក ថ្លែងសារតបជាមួយ លោក ហ៊ុន សែន វិញ។
លោក សម រង្ស៊ី បានអះអាងថា គណបក្សប្រជាជនរបស់លោក ហ៊ុន សែន បានបរាជ័យ ក្នុងការប៉ុនប៉ងរំលាយ គណបក្សសង្គ្រោះជាតិនេះ។
អ្វីដែលលោក សម រង្ស៊ី យកមកសំអាងដើម្បីវាយបកទៅដៃគូប្រកួតដ៏មានឥទ្ធិពល គឺលោកសំអាងទៅលើការដាក់សម្ពាធពីសហគមន៍អន្តរជាតិ។
បើទោះជាមេដឹកនាំបក្សកាន់អំណាចនិងអតីមេដឹកនាំគណបក្សប្រឆាំង អះអាងពីភាពខ្លាំងតែរៀងៗខ្លួនបែបនេះក្តី ប៉ុន្តែអ្នកតាមដានអះអាងថា អ្នកនយោបាយដែលពលរដ្ឋស្រឡាញ់និងគោរព គឺអ្នកនយោបាយដែលចេះការពារប្រយោជន៍ជាតិជាធំ។
បើគេពិនិត្យពីសារនយោបាយរបស់បក្សកាន់អំណាច គេឮញឹកគាប់នូវពាក្យថា «គ្មានសន្តិភាព គ្មានទេការអភិវឌ្ឍ»។ សារនយោបាយនេះ បានបង្ហាញបំណងចង់រក្សាផលប្រយោជន៍ជាតិជាធំ។
ចំណែកឯមេដឹកនាំបក្សប្រឆាំងវិញ ធ្លាប់អះអាងថា «បើគណបក្សសង្គ្រោះជាតិឈ្នះ ខ្មែរទាំងអស់គ្នាជាអ្នកឈ្នះ »។ សារនយោបាយនេះ ក៏ត្រូវបានគេមើលឃើញថា បានតម្កល់នូវស្មារតីជាតិជាធំដែរ។
សំនួរសួរថា បើគណបក្សទាំងពីរបានផ្ញើសារនយោបាយតម្កល់ប្រយោជន៍ជាតិ ប្រហាក់ប្រហែលគ្នាបែបនេះ ហេតុអ្វីបានជាកម្តៅនយោបាយពេលនេះ ឈានទៅចង់រំលាយគ្នា។
តើអ្វីនៅពីក្រោយកម្តៅនយោបាយនេះ?
អ្នកវិភាគនយោបាយជើងចាស់មួយរូប គឺលោកបណ្ឌិត ឡៅ ម៉ុងហៃ វិភាគថា បញ្ហាធំបំផុតធ្វើឲ្យមានវិវាទនយោបាយនៅពេលនេះ លោកថាគឺការក្រាញអំណាច។
លោកថា៖ «ឫសគល់នៃកម្តៅនយោបាយសព្វថ្ងៃ គឺលោភ ទោស មោហ លោភអំណាច បានអំណាចមួយការ៉ុងហើយ ចង់បានមួយការ៉ុងទៀត។ លោភបានទ្រព្យសម្បត្តិ៍មួយការ៉ុងហើយ ចង់បានទ្រព្យសម្បត្តិ៍មួយការ៉ុងទៀត»។
លោកបណ្ឌិត ឡៅ ម៉ុងហៃ វិភាគទៀតថា កម្តៅនយោបាយពេលនេះប្រហាក់ប្រហែលពីអតីតកាល ដែរ ដែលលោកថា អ្នកនយោបាយខ្មែរធ្វើនយោបាយដើម្បីបម្រើតែប្រយោជន៍ឲ្យទេសជិតខាងដោយមិនដឹងខ្លួន តាមរយៈបង្កឲ្យមានជម្លោះផ្ទៃក្នុងនេះ។
បើតាមលោក ឡៅ ម៉ុងហៃ បើអ្នកនយោបាយមិនលះបង់នូវសេចក្តីលោភលន់នេះទេ លោកថា ប្រទេសនឹងមានវិបត្តិ ដោយថាស្ថាប័នជាតិទាំងអស់ នឹងក្លាយជាឧបករណ៍នយោបាយ បម្រើឲ្យមនុស្សមួយក្រុម ប្រទេសជាតិប្រឈមនឹងការបែកបាក់ ។
លោកថា៖ «វិបត្តិទី១មួយហើយជាធំ ហើយមើលអត់ឃើញគឺវិបត្តិសីលធម៌ វាលែងដឹងខុសដឹង ត្រូវអស់ទៅ ដូចជានាំគ្នាធ្វើច្បាប់ឲ្យស្តេចយើងឡាយព្រះហស្ថលេខាទៀត។ អាច្បាប់អធម្មនុញ្ញ ច្បាប់អយុត្តិធម៌ អសីលធម៌ហ្នឹងណាស់ពីកំពូលៗទៅណាស់ ដល់កំពូលលែងដឹងខុសដឹងត្រូវ ដឹងល្អដឹងអាក្រក់។ អាហ្នឹងសម្រាប់សង្គមវាច្របូកច្របល់អស់ទៅ»។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា វិភាគថា កម្តៅនយោបាយឈានដល់ធ្វើច្បាប់រឹបអូសអាសនៈដៃគូនៅពេលនេះ លោកថា អាចមកពីយន្តការធ្វើកំណែទម្រង់ដ៏ពិតប្រាកដមួយទៅមុខលែងរួច។
លោកថា៖ «លទ្ធផលបោះឆ្នោតឆ្នាំ២០១៧នេះ ធ្វើឲ្យគណបក្សប្រជាជនបាត់បង់អាសនៈក្រុមប្រឹក្សា ឃុំសង្កាត់ ច្រើននោះបាទ។ ហើយចំនុចទី៣ការដែលកម្តៅនយោបាយកើតឡើងនេះ គឺជាការវាយ ប្រហាដៃគូប្រកួត ដើម្បីយកប្រៀបឈ្នះមុនការបោះឆ្នោតមកដល់»។
មួយវិញទៀតលោក សូ ចន្ថា លើកឡើងថា កម្តៅនយោបាយនៅពេលនេះ ហាក់បង្ហាញពីគំរូអាក្រក់ដល់យុវជន ពីវប្បធម៌សងសឹកឡើងវិញ។
លោកថា៖ «ក្រោយការបោះឆ្នោតឆ្នំា២០១៣ យើងក៏បានឃើញ លោកនាយករដ្ឋមន្ត្រីក៏បានលើក ឡើងដែរថា អ្នកនយោបាយចាស់ៗអស់ហើយគួរតែបញ្ចប់នយោបាយទឹកឡើង ត្រីស៊ីស្រមោច។ ប៉ុន្តែយើងឃើញថានៅបន្តទៀត នេះជាវប្បធម៌ចាស់គំរិល របស់អ្នកនយោបាយដែលធ្វើឲ្យមានការ មិនទុកចិត្តគ្នានោះ»។
បើទោះបីជាអ្នកវិភាគបានបង្ហាញខ្លះៗពីដើមចមមួយចំនួន នៅពីក្រោយកម្តៅនយោបាយពេលនេះក៏ដោយ ប៉ុន្តែពួកគេថា កម្តៅនយោបាយនៅពេលនេះ ក៏ម៉ែត្រវាស់ឲ្យពលរដ្ឋដឹងកាន់តែច្បាស់ដែរថា តើការវិវឌ្ឍនយោបាយនៅពេលដ៏ខ្លីខាងមុខនេះ តើគណបក្សណាបានតម្កល់ផលប្រយោជន៍ជាតិជាធំ និងគណបក្សណាយកស្ថាប័នជាតិ ទាំងមូលទៅធ្វើជារនាំង សម្រាប់បិទបាំង ដើម្បីការពារប្រយោជន៍បក្ខពួក និងក្រុមគ្រួសារនោះ៕