Views
ប្រភពវិទ្យុបារាំង ៖ ប្រមុខរដ្ឋាភិបាលកម្ពុជា លោកហ៊ុន សែន នៅព្រឹកថ្ងៃសៅរ៍នេះ បានចាកចេញពីប្រទេសវៀតណាម បន្តដំណើរឆ្ពោះទៅកាន់កិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសហ្វីលីពីនហើយ។ ប៉ុន្តែមុននឹងចាកចេញ នាយករដ្ឋមន្ដ្រីកម្ពុជា បានជួបទទួលទានអាហារពេលព្រឹកនិងពិភាក្សាការងារជាមួយសមភាគីវៀតណាម គឺលោកនាយករដ្ឋមន្ដ្រីវៀតណាម ង្វៀន សួនហ្វុក។ នៅក្នុងជំនួបនោះ លោកទាំងពីរបានសន្យាគ្នាជំរុញការបោះបង្គោលព្រំដែនគោករវាងកម្ពុជានិងវៀតណាម ឲ្យចប់រួចរាល់នៅឆ្នាំ២០១៨ខាងមុខ។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន។
ការសន្យារវាងមេដឹកនាំកម្ពុជាវៀតណាម ដើម្បីបញ្ចប់ការបោះបង្គោលព្រំដែនគោកនៃប្រទេសទាំងពីរនៅរដូវប្រាំងឆ្នាំ២០១៨នេះ ធ្វើឡើងនៅក្នុងជំនួបអាហារពេលព្រឹករួមគ្នាដ៏ស្និទ្ធស្នាល ដែលរៀបចំដោយនាយករដ្ឋមន្ដ្រីវៀតណាម លោក ង្វៀន សួនហ្វុក។ ការជំរុញនេះ បើតាមនាយករដ្ឋមន្ដ្រីនៃប្រទេសទាំងពីរ គឺធ្វើឡើងដើម្បីប្រែក្លាយតំបន់ព្រំដែនគោកកម្ពុជាវៀតណាម ឲ្យក្លាយជាតំបន់ព្រំដែនប្រកបដោយសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ ការផ្លាស់ប្ដូរទំនិញ ពាណិជ្ជកម្ម ទេសចរណ៍ និងការធ្វើដំណើរឆ្លងដែនទៅមករបស់ប្រជាជននិងភ្ញៀវទេសចរណ៍។
សូមជម្រាបជូនថា កម្ពុជានិងវៀតណាមមានព្រំដែនគោកជាប់គ្នាប្រវែង១២៧០គីឡូម៉ែត្រ អូសកាត់ខេត្តចំនួន៩របស់កម្ពុជា។ ក្នុងនោះ គណៈកម្មាធិការទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជានិងវៀតណាម សម្រេចការងារបោះបង្គោលព្រំដែនបាន ៨៤ភាគរយហើយ។ នៅសល់១៦ភាគរយទៀត ភាគីទាំងពីរកំពុងតែបន្តការដោះស្រាយ ដោយតាមខេត្តខ្លះមានដំណើរការយឺត ខណៈខេត្តខ្លះទៀតបោះពួយលឿនទៅមុខ។
ជាក់ស្ដែង កាលពីខែតុលាកន្លងទៅថ្មីៗនេះ កម្ពុជានិងវៀតណាម ទើបតែបានបញ្ចប់ការងារបោះបង្គោលព្រំដែនធំនៅខេត្តព្រៃវែងនិងដុងថាប់។ ចំណែកការបោះបង្គោលព្រំដែនបំពេញបន្ថែមរវាងកម្ពុជានិងវៀតណាមនៅខេត្តព្រៃវែង សម្រេចបាន៧១ភាគរយ។
ជាការកត់សម្គាល់ នៅក្នុងសំណុំរឿងព្រំដែនកម្ពុជាវៀតណាមនេះ អ្នកសិក្សាលើបញ្ហាព្រំដែនបានទទូចឲ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរ ស្នើសុំជំនួយពីអ្នកជំនាញការបារាំង។ សម្រាប់ពួកគេ ការស្នើសុំជំនួយពីអ្នកជំនាញបារាំងនេះ គឺជាជម្រើសដ៏ល្អបំផុត ដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជាវៀតណាម ដែលមានលក្ខណៈរសើប ស្មុគស្មាញ និងប្រទាញប្រទង់គ្នាខ្លាំង អស់រយៈពេលជាច្រើនឆ្នាំមកនេះ។
កាលពីចុងឆ្នាំ ២០១៦ កន្លងទៅ រដ្ឋាភិបាលកម្ពុជានិងវៀតណាមធ្លាប់ផ្ញើលិខិតស្នើសុំអ្នកជំនាញផែនទីវិទ្យាបារាំង ឲ្យមកធ្វើការជាមួយគណៈកម្មាធិការព្រំដែននៃប្រទេសទាំងពីរ ដើម្បីផ្ទេរផែនទីខ្នាត១លើ១០០ពាន់ ទៅ១លើ៥០ពាន់។ ជិតមួយឆ្នាំក្រោយមក ពោលគឺនៅខែតុលាឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្ដ្រីហ៊ុន សែន ត្រូវបានរដ្ឋមន្ដ្រីក្រសួងព័ត៌មាន លោក ខៀវ កញ្ញារីទ្ធ ស្រង់សម្ដីបញ្ជាក់ថា ភាគីបារាំង យល់ព្រមឲ្យអ្នកឯកទេសមកជួយកម្ពុជារឿងផែនទីហើយ។ ប៉ុន្តែគេនៅមិនទាន់ដឹងថា អ្នកជំនាញការបារាំង នឹងមកដល់កម្ពុជាដើម្បីធ្វើការងារនេះនៅពេលណានៅឡើយ៕
Pdach Mok
Saturday, November 11, 2017