Views
អង្គការ NPA ជាអង្គការដៃគូជាមួយស៊ីម៉ាក់ បានបង្ហើបព័ត៌មានថា ស្ថានទូតអាមេរិកបានសម្រេចផ្តាច់ជំនួយមនុស្សធម៌ស៊ីម៉ាក់ចាប់ពីដើម ខែមករា ឆ្នាំ២០១៨ តទៅ ដោយគ្មានការបញ្ជាក់ហេតុផលអ្វីច្បាស់លាស់ឡើយ។ នេះបើតាមលោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) បានថ្លែងប្រាប់បណ្តាញព័ត៌មានកាលពីប៉ុន្មានថ្ងៃមុននេះ ។
ថវិកាប្រមាណ ២.៥ លានដុល្លារក្នុង ១ ឆ្នាំៗ ជាជំនួយសម្រាប់បោសសំអាតគ្រាប់បែករបស់អាមេរិក ដែលទំលាក់លើទឹកដីខ្មែរ ប៉ុន្តែបើទោះបីគ្មានថវិកានេះក្តី សម្តេចតេជោ ហ៊ុន សែន និងដៃគូអភិវឌ្ឍន៍ដទៃទៀតធានាជួយឲ្យស៊ីម៉ាក់ នៅបន្តប្រតិបត្តិការនេះដដែលមិនដកថយឡើយ ។
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) ថា «ខ្ញុំមានការសោកស្តាយ និងខកចិត្តយ៉ាងខ្លាំង ចំពោះការបញ្ចប់ជំនួយយ៉ាងតល់ក្រហល់នេះ ជាពិសេសទន្ទឹមពេលដែលកម្ពុជាកំពុងរុករកឃើញ និងទទួលផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារសំណល់អាវុធគីមីរបស់អាមេរិកដែលរដ្ឋាភិបាលអាមេរិក ត្រូវទទួលខុសត្រូវ ។
ខ្ញុំសូមឆ្លៀតឱកាសនេះ អំពាវនាវដល់ប្រជាពលរដ្ឋ ដែលរងការគំរាមកំហែងដោយសារគ្រាប់សំណល់ជាតិផ្ទុះពីសង្គ្រាមអាមេរិក មេត្តាកុំមានការព្រួយបារម្ភចំពោះការ កាត់ផ្តាច់ជំនួយនេះ ព្រោះថាសម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលនឹង មិនឲ្យការបញ្ចប់ជំនួយអាមេរិកនេះ ប៉ះពាល់កិច្ចប្រតិបតិ្តការរបស់ស៊ីម៉ាក់ ក្នុងការជួយដល់ប្រជាពលរដ្ឋកម្ពុជាឡើយ»។
បន្ទាប់ពីរដ្ឋាភិបាលអាមេរិកសម្រេចផ្តាច់ជំនួយក្នុងការបោសសម្អាតគ្រាប់បែកនេះផងដែរ រាជរដ្ឋាភិបាលកម្ពុជា និងដៃគូដទៃទៀត ធានារ៉ាប់រងផ្តល់ថវិកាគាំទ្រកិច្ចប្រតិបតិ្តការរបស់ស៊ីម៉ាក់ឲ្យនៅដដែល ជំនួសថវិការបស់អាមេរិក ដែលផ្តាច់ជំនួយចំពោះកិច្ចប្រតិបតិ្តការមនុស្សធម៌របស់ស៊ីម៉ាក់ ក្នុងការបោសសំអាតគ្រាប់សំណល់ជាតិផ្ទុះពីសង្គ្រាមរបស់សហរដ្ឋអាមេរិក។
ជំវិញការផ្តាច់ជំនួយនេះ មិនអាចទាក់ទងឯកអគ្គរាជទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដើម្បីឆ្លើយបំភ្លឺជំវិញការផ្តាច់ជំនួយនេះបានទេនៅយប់ថ្ងៃទី ៦ វិច្ឆិកានេះ៕
Pdach Mok
Wednesday, November 8, 2017