Views
ប្រភពអាស៊ីសេរី ៖ អតីតមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលដែលធ្លាប់ធ្វើការជាមួយលោកនាយករដ្ឋមន្ត្រី
ហ៊ុន សែន ដ៏ជិតស្និទ្ធបានអំពាវនាវឲ្យលោក ហ៊ុន សែន
បញ្ឈប់ការប្រើប្រាស់ល្បិចកម្ទេចអ្នកដទៃតទៅទៀត
ដើម្បីរស់បានសុខទៅថ្ងៃមុខ។ ក្រៅពីនេះ
លោកក៏រិះគន់អតីតប្រធានគណបក្សរបស់លោក គឺទ្រង់ នរោត្តម រណឫទ្ធិ
និងលោក ហ៊ុន សែន ជាមនុស្សរមិលគុណ លោភលន់ ត្រូវការតែលុយកាក់។
អ្នកនយោបាយចាស់វង្សា លោកព្រឹទ្ធាចារ្យ លឺ ឡាយស្រេង
បានចេញមុខរិះគន់លោក ហ៊ុន សែន ឥតសំចៃមាត់ជាថ្មីទៀតថា លោក ហ៊ុន សែន
គឺជាមនុស្សក្ដោបក្ដាប់អំណាចបង្កើតឲ្យមានតុលាការ ៤ជាន់នៅកម្ពុជា
ដែលផ្ទុយពីរដ្ឋធម្មនុញ្ញដែលចែងពីស្ថាប័នជាតិ៣
បែងចែកដាក់ពីគ្នា គឺស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ
និងស្ថាប័នតុលាការនោះ។
លោក លឺ ឡាយស្រេង បានរិះគន់លោក ហ៊ុន សែន
នៅក្នុងនាទីវេទិកាអ្នកស្ដាប់អាស៊ីសេរី កាលពីយប់ថ្ងៃទី៨
ខែវិច្ឆិកា ធ្ងន់ៗថា លោក ហ៊ុន សែន
គឺជាអ្នកនយោបាយពូកែខាងកម្ទេចគូប្រកួតដោយលោកបានលើកគណបក្សហ្វ៊ុនស៊ិនប៉ិច
ជាឧទាហរណ៍ស្រាប់។ ក្រៅពីនេះ លោក លឺ ឡាយស្រេង បានហៅលោក ហ៊ុន សែន
ថាជាស្ដេចកំពូលកម្ទេចទៀតផង ។
ការចេញមុខរិះគន់លោក ហ៊ុន សែន
របស់អតីតអ្នកនយោបាយចាស់វស្សារូបនេះធ្វើឡើងនៅក្រោយពេលលោក ហ៊ុន
សែន បបួលគេភ្នាល់ជាមួយលោក ១០០ ស៊ីតែ ១ទេ
បើសិនជាតុលាការកំពូលមិនរំលាយគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១៦
ខែវិច្ឆិកា នោះ។ ទន្ទឹមនឹងនេះ លោក ហ៊ុន សែន
ក៏ទទូចអង្វរឲ្យសមាជិកគណបក្សប្រឆាំងចុះចូលជាមួយបក្សកាន់អំណាចរបស់លោកទៀតដែរ ។
ទាក់ទងនឹងបញ្ហានេះ លោកព្រឹទ្ធាចារ្យ លឺ ឡាយស្រេង
ក៏រំលឹកអំពីប្រវត្តិដ៏ចូរចត់តស៊ូនៅក្នុងព្រៃដើម្បីការពារគណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច
រហូតដល់រៀបចំចូលប្រកួតប្រជែងបោះឆ្នោតជាមួយគណបក្សប្រជាជនកម្ពុជា
ទទួលបានជោគជ័យកាលពីអាណត្តិទី១ ឆ្នាំ១៩៩៣ ទៀតផង។
ក៏ប៉ុន្តែលោកសម្ដែងការសោកស្ដាយក្រោយពីទទួលបានជ័យជំនះ
ហើយដឹកនាំរដ្ឋាភិបាល តែបែរជាព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ
ភ្លេចអ្នកតស៊ូ
ហើយទទួលសំណូកសូកប៉ាន់ក្នុងការផ្ដល់តួនាទីជូនមន្ត្រីមានលុយកាក់
រីឯអ្នកតស៊ូបានត្រឹមតួនាទីតូចតាចដែលលោកហៅព្រះអង្គម្ចាស់ នរោត្តម
រណឫទ្ធិ ថាជាមនុស្សរមិលគុណ ។
មិនខុសគ្នាប៉ុន្មានទេ ចំពោះលោក ហ៊ុន សែន វិញ លោក លឺ ឡាយស្រេង
លើកឡើងថា
ជាមនុស្សទទួលសំណូកពីមន្ត្រីរបស់ខ្លួនមិនខុសពីព្រះអង្គម្ចាស់
នរោត្តម រណឫទ្ធិ ឡើយ។ លោកទាំងពីរជាមនុស្សរមិលគុណដូចគ្នា។ ចំពោះលោក
ហ៊ុន សែន វិញ លោក ញឹក ប៊ុនឆៃ
សុខចិត្តក្បត់បក្សរបស់ខ្លួនធ្វើការឲ្យលោក ហ៊ុន សែន
ដើម្បីឲ្យហ្វ៊ុនស៊ិនប៉ិច បែកបាក់ ចុះខ្សោយ ទីបំផុតចាប់លោក ញឹក ប៊ុនឆៃ
ញាត់គុក។
ក្រៅពីនេះទៀត លោកបានចំអកឲ្យព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ថា
មិនចេះរក្សាអំណាចរបស់ហ្វ៊ុនស៊ិនប៉ិច ឲ្យបានគង់វង្ស
តែបែរជាមកចង់ដណ្ដើមកៅអីរបស់គណបក្សសង្គ្រោះជាតិ
ឥតអៀនខ្មាសនៅពេលនេះទៅវិញ ។
អាស៊ីសេរី មិនអាចទាក់ទងមន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា
និងអ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច
ដើម្បីសុំការបំភ្លឺចំពោះការចោទប្រកាន់នេះបានទេ កាលពីថ្ងៃទី៨
ខែវិច្ឆិកា។ ក៏ប៉ុន្តែលោក សុខ ឥសាន ធ្លាប់បានបញ្ជាក់ថា
អ្វីដែលរដ្ឋាភិបាលធ្វើគឺជាការអនុវត្តច្បាប់ពង្រឹងនីតិរដ្ឋ ហើយថា
មេដឹកនាំគណបក្សសង្គ្រោះជាតិ ក្បត់ជាតិជាដើម។
ទោះបីជាបែបណាក៏ដោយ លោកព្រឹទ្ធាចារ្យព្រមានថា បើលោក ហ៊ុន សែន
មិនបញ្ឈប់នូវការប៉ុនប៉ងរំលាយគណបក្សសង្គ្រោះជាតិទេ លោក ហ៊ុន សែន
នឹងប្រឈមការអន្តរាយដោយខ្លួនឯង ព្រោះថា លោក ហ៊ុន សែន
នឹងទទួលសម្ពាធពីសហគមន៍អន្តរជាតិគ្រប់ទិសទី
និងរងសម្ពាធពីផ្ទៃក្នុងបក្សរបស់ខ្លួន ព្រោះថា
គណបក្សកាន់អំណាចក៏មានបក្សពួកពីរដែរ គឺបក្សពួករបស់លោក ហ៊ុន សែន
និងបក្សពួករបស់លោក ស ខេង ដែលមិនពេញចិត្តនឹងទង្វើរបស់លោក ហ៊ុន សែន
កំពុងធ្វើទុក្ខបុកម្នេញអ្នកដទៃឡើយ៕
Pdach Mok
Friday, November 10, 2017