Views
តុលាការគ្រោងសួរចម្លើយមេដឹកនាំបក្សប្រឆាំងកំពុងជាប់ឃុំជាថ្មីម្ដងទៀតនៅជិតចុងខែនេះ។ នេះដោយយោងតាមលិខិតអញ្ចើញ ដែលត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក គី ឫទ្ធី ផ្ញើទៅកាន់ក្រុមមេធាវីការពារក្ដីឲ្យមេបក្សប្រឆាំង លោក កឹម សុខា កាលពីថ្ងៃទី០៧ ខែវិច្ឆិកាកន្លងមកនេះ។
យោងតាមលិខិតដដែលនោះ មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នឹងត្រូវបានបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សួរចម្លើយជាថ្មីនៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅឯពន្ធនាគារត្រពាំងផ្លុង ស្ថិតក្នុងខេត្តត្បូងឃ្មុំតែម្ដង។
លោក សំ សុគង់ សហមេធាវីការពារក្ដីឲ្យលោក កឹម សុខា ប្រាប់វីអូឌីនៅថ្ងៃនេះថា មេធាវីទាំងប្រាំបីនាក់នឹងចូលរួមការសួរចម្លើយនេះ។ លោកបន្តថា ក្រុមមេធាវីនឹងរង់ចាំនៅពេលសាកសួរចម្លើយនៅថ្ងៃ២៤ វិច្ឆិកាខាងមុខរួច ទើបប្រជុំគ្នាជាផ្លូវការណ៍ដើម្បីសម្រេចការងារបន្តទៀត។
មេដឹកនាំបក្សប្រឆាំងរូបនេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងបញ្ជូនទៅដាក់ឃុំនៅពន្ធនាគារត្រពាំងផ្លុង កាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី០៣ ខែកញ្ញា ក្រោមការចោទប្រកាន់ថា «ក្បត់ជាតិ» និងឃុបឃិតជាមួយជនបរទេស ក្នុងបំណងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់។
រដ្ឋាភិបាលអះអាងថា ការចាប់ខ្លួនលោក កឹម សុខា គឺជាវិធានការច្បាប់។ ប៉ុន្តែ សហគមន៍អន្តរជាតិ និងអង្គការសិទ្ធិមនុស្សមួយចំនួនទៀត បានហៅការចាប់ខ្លួននេះថា ជាការគំរាមកំហែងផ្នែកនយោបាយ និងទាមទារឲ្យដោះលែងជាបន្ទាន់ ដោយថា ដើម្បីឲ្យដំណើរការបោះឆ្នោតខាងមុខ មានភាពត្រឹមត្រូវ សេរី និងយុត្តិធម៌៕
Pdach Mok
Thursday, November 9, 2017