Views
រឿងការពារអំណាចផ្ទៃក្នុងសង្គម លោក នេត សាវឿន ទទួលខុសត្រូវ ព្រោះជាអគ្គស្នងការនគរបាលជាតិ សំឡុត គំរាម ចាប់ចងរាល់ចលនាកម្រើកកក្រើកណាមួយដែលធ្វើឲ្យប៉ះពាល់អំណាចចេស្តារបស់សម្តេចជោ រហូតដល់សព្វថ្ងៃនេះ ពលរដ្ឋត្រូវបានបង្រ្កាបរាបដូចកន្ទេល សូម្បីតែហាមាត់រិះគន់ទង្វើអវិជ្ជមានណាមួយក្នុងសង្គមក៏សឹងត្រូវបានអង្គការភ្នែកម្នាស់របស់លោក នេត សាវឿន ចាប់ក្របួចកយកទៅកសាងសំណុំរឿងចោទប្រកាន់ថាធ្វើបដិវត្តន៍ពណ៌ ។
ពលរដ្ឋសព្វថ្ងៃសឹងក្លាយជាកូនកង្កែប ត្រូវនាយព្រាន គឺ ប៉ូលិស ទាហាន បាតដៃទី ៣ ប្រជាការពារ ត្រៀមចាប់ចង វាយខ្នោះ ការពារអំណាចចេស្តារបស់សម្តេចជោគ្រប់ពេលវេលា រហូតដល់រងបណ្តាសាពីជនរងគ្រោះគ្រប់ ៗ គ្នា ។
ធម្មតាទេ ជីវិតមនុស្ស ព្រះលោកថា មិនទៀង កើត ចាស់ ឈឺ ស្លាប់ តាមធម្មជាតិ ។ តាមប្រភពពត៌មានផ្ទៃក្នុងបញ្ចេញឲ្យដឹងថា លោក នេត សាវឿន ពេលនេះបានធ្លាក់ខ្លួនឈឺធ្ងន់ ទ្រាំនៅការពារអំណាចសម្តេចជោតទៅមិនបាន ទើបត្រូវបញ្ជូនខ្លួនទៅព្យាបាលនៅសាំងហ្គាពួរ ។
ប្រភពដដែលបានឲ្យពត៌មានតាមរយៈលោក ឆាំ ឆានី ថា
នេត សាវឿន ឈឺធ្ងន់ត្រូវបញ្ជូនទៅសាំងហ្កាពួរ
—
ប្រភពច្បាស់ការណ៍ ដែលតែងតែផ្តល់ព៌តមានមកឲ្យ ឆាំ ឆានី ចុះផ្សាយ រហូតធ្វើឲ្យក្រុមគ្រួសារសម្តេច ជោ ក្តៅក្រហាយគ្មានទីបញ្ចប់ បានឲ្យដឹងថា នៅពេលនេះឧត្តមសេនីយ៍ អគ្គស្នងការនរគរបាលជាតិ នេត សាវឿន ឈឺធ្ងន់ ហើយត្រូវក្រុមគ្រួសារបញ្ជូនទៅដេកពេទ្យនៅសាំងហ្កាពួរហើយ ខណះសម្តេច ជោ កំពុងដេកព្យាបាលនៅសាំងហ្កាពួរស្រាប់ ។
ករណី នេត សាវឿន ឈឺធ្ងន់ហើយត្រូវចាកចេញពីកម្ពុជា ទៅព្យាបាលនៅសាំងហ្កាពួរនេះ ក្រុមគ្រួសារ និងរដ្ឋាភិបាល ហ៊ុន សែន ព្យាយាមលាក់ព៌តមាន តែទោះជាយ៉ាងនេះក្តីកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ម្សិលមិញលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចាត់តាំងលោកនាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ឋ ជាអគ្គស្នងការនគរបាលជាតិស្តីទីជំនួសលោកនាយឧត្តមសេនីយ៍ផ្កាយមាស៤ នេត សាវឿន ដែលអវត្តមាននៅក្នុងប្រទេស ។
ក្នុងសេចក្តីសម្រេចខាងលើ មិនបានបញ្ជាក់អំពីមូលហេតុនៃការអវត្តមានរបស់លោក នេត សាវឿន ដែលគេស្គាល់ថាត្រូវជាក្មួយប្រសាររបស់ ហ៊ុន សែន (កូនប្រសារ ហ៊ុន ណេង) នោះទេ ដោយគ្រាន់តែបញ្ជាក់ថា អគ្គស្នងការស្តីទី លោកផ្កាយ៤ ឆៃ ស៊ីណារិទ្ឋ មានសិទ្ឋិសម្រេចការងារពេញសមត្ថកិច្ចក្នុងនាមអគ្គស្នងការនៃអគ្គស្នងការនគរបាលជាតិ រហូតដល់ពេលមានវត្តមានអគ្គស្នងការនៃអគ្គស្នងការនគរបាលជាតិ មកបំពេញភារកិច្ចវិញ ។
តាមប្រភពពត៌មានក្នុងស្រុកមួយបានផ្សាយថា អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ ក៍ដូចជាអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ឋ មិនអាចរកការសុំអត្ថាធិប្បាយបញ្ជាក់បន្ថែមក្នុងរឿងតែងតាំងលោក ឆៃ ស៊ីណារិទ្ធ ជំនួសលោក នេត សាវឿន បានទេ នៅព្រឹកថ្ងៃ២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ ។
ការពិត រឿងដែលលោក ស ខេង តែងតាំងលោក ឆៃ ស៊ីណារិទ្ធ ជាអគ្គស្នងការនរគរបាលជាតិស្តីទី ជំនួសលោក នេត សាវឿន គឺបណ្តាលមកពីលោក នេត សាវឿន ឈឺធ្ងន់ត្រូវទៅព្យាបាលនៅសាំងហ្កាពួរហ្នឹងឯង ។
ប្រភពបញ្ជាក់ថា ការតែងតាំងលោក ឆៃ ស៊ីណារិទ្ធ ជំនួសលោក នេត សាវឿន នៅពេលនេះ មិនប្រាកដថាអាចដកវិញនៅពេលដែលលោក នេត សាវឿន ត្រឡប់មកកម្ពុជានោះទេ ព្រោះលោក ឆៃ ស៊ីណារិទ្ធ ជាមនុស្សក្នុងក្រុមលោក ស ខេង ដូច្នេះនៅពេលដែលអវត្តមានលោក នេត សាវឿន វាដូចជាក្រុមលោក ស ខេង បានទទួលកំណប់ធ្លាក់ពីលើមេឃដើម្បីពង្រឹងអំណាចអញ្ចឹង ៕
ប្រភព ៖ Chham Chhany
Pdach Mok
Tuesday, November 28, 2017