Views
អ្នកឃ្លាំមើលការបោះឆ្នោតលើកឡើងថា ការផ្ដល់ជំនួយរបស់ប្រទេសកុម្មុយនិស្ត ដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងធ្វើឲ្យកេរ្តិ៍ឈ្មោះនៃការបោះឆ្នោតខាងមុខនេះមិនសូវល្អ។ ការលើកឡើងនេះ បន្ទាប់ពីរដ្ឋាភិបាលចិន នឹងផ្ដល់ជំនួយសម្ភារៈបរិក្ខារចំនួន ៣០មុខដល់ គ.ជ.ប សម្រាប់បម្រើដល់ការរៀបចំការបោះឆ្នោតជាតិ នៅឆ្នាំ២០១៨ ខាងមុខនេះ។
អង្គការសង្គមស៊ីវិលដែលធ្វើការឃ្លាំមើលការបោះឆ្នោត សម្ដែងការព្រួយបារម្ភអំពីដំណើរការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅឆ្នាំ២០១៨ ខាងមុខនេះ ខណៈប្រទេសកុម្មុយនិស្តចិន ចេញមុខផ្ដល់ជំនួយដល់ គ.ជ.ប បន្ទាប់ពីអាមេរិក និងសហគមន៍អឺរ៉ុប ប្រកាសផ្ដាច់ជំនួយកាលពីពេលថ្មីៗនេះ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង មានប្រសាសន៍ថា ប្រសិនបើប្រទេសចិន គ្រាន់តែផ្ដល់លុយដើម្បីរៀបចំដំណើរការបោះឆ្នោត និងមិនលូកដៃក្នុងរឿងបច្ចេកទេសនៃការបោះឆ្នោតនោះទេ គឺមិនសូវមានបញ្ហាធំដុំឡើយ។ លោកបន្តថា ប្រសិនបើប្រទេសចិន ផ្ដល់ទាំងបច្ចេកទេសទៀតនោះ គឺនឹងនាំឲ្យមានបញ្ហាច្រើន ព្រោះចិន មិនមែនជាប្រទេសគំរូដែលកម្ពុជា ត្រូវរៀនសូត្រអំពីប្រជាធិបតេយ្យនោះទេ ។
ការលើកឡើងនេះ បន្ទាប់ពីរដ្ឋាភិបាលចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្លូវការមួយនៅពេលថ្មីៗនេះ ដើម្បីផ្ដល់ជំនួយសម្ភារៈបរិក្ខារចំនួន ៣០មុខ ដល់ គ.ជ.ប សម្រាប់ការបោះឆ្នោតនៅឆ្នាំ២០១៨។
សេចក្ដីប្រកាសរបស់ គ.ជ.ប ដែលចេញផ្សាយកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ បង្ហាញថា សម្ភារៈបរិក្ខារទាំងនោះមានដូចជា កុំព្យូទ័រ ម៉ាស៊ីនបោះពុម្ព (Printer) ម៉ាស៊ីនថតចម្លង កាមេរ៉ា រួមទាំងសម្ភារៈប្រើប្រាស់ផ្សេងៗទៀត ដែលមិនទាន់ប៉ានប្រមាណអំពីទំហំទឹកប្រាក់នៅឡើយ។ ការផ្តល់ជំនួយរបស់ចិន នៅពេលនេះ បានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងអឺរ៉ុប ប្រកាសផ្អាកជំនួយផ្សេងៗដល់ គ.ជ.ប ក្រោយពីតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិ និងចាប់ខ្លួនលោក កឹម សុខា។
សេចក្ដីប្រកាសរបស់ គ.ជ.ប ឲ្យដឹងទៀតថា ភាគីចិន ក៏បានសន្យាថា នឹងបន្តផ្ដល់ជំនួយដល់ គ.ជ.ប បន្ថែមទៀត សម្រាប់ការបោះឆ្នោតជាបន្តបន្ទាប់ឱ្យប្រព្រឹត្តទៅដោយរលូន មានភាពត្រឹមត្រូវ តម្លាភាព និងគណនេយ្យភាព។
នាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ឬហៅថា អង្គការនិចហ្វិក (NICFEC) លោក សំ គន្ធាមី លើកឡើងថា ប្រទេសលោកខាងលិច បានផ្ដាច់ជំនួយដល់គ.ជ.ប ព្រោះតែបញ្ហានយោបាយ និងបញ្ហាអយុត្តិធម៌នៃការបោះឆ្នោត។ ចំណែកប្រទេសចិនវិញ ហាក់មិនខ្វល់អំពីដំណើរការបោះឆ្នោតយ៉ាងណានោះទេ គឺសំខាន់ធ្វើយ៉ាងណាឲ្យតែការបោះឆ្នោតអាចប្រព្រឹត្តទៅមុខបាន ។
កម្ពុជា នឹងរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាអាណត្តិទី៤ នៅថ្ងៃទី២៥ ខែកុម្ភៈ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ ការបោះឆ្នោតទាំងពីរនេះ កម្ពុជាគ្រោងនឹងចំណាយទឹកប្រាក់ប្រមាណជាង ៥០លានដុល្លារ។
លោក យង់ គិមអេង អំពាវនាវឲ្យរដ្ឋាភិបាល និង គ.ជ.ប គួរតែស្វះស្វែងអោយមានការគាំទ្រពីខាងប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ ដូចជាសហគមន៍អឺរ៉ុប ឡើងវិញ ដែលគេអាចជួយផ្តល់ទាំងថវិកា និងជួយលើកកម្ពស់កិត្យានុភាពនៃលទ្ធិប្រជាធិបតេយ្យ៕
Pdach Mok
Thursday, December 28, 2017