Views
ព្រៃនគរនៅកម្ពុជាក្រោម
..............................
ឈ្មោះ «ព្រៃនគរ» ព្រះមហាក្សត្រខ្មែរព្រះបាទ ឥន្ទ្រ វរ្ម័ន ទី ២ ដាក់ឱ្យកាលពីឆ្នាំ ១១៩០ នៃគ្រិស្តសករាជ
ទីក្រុងព្រៃនគរត្រូវបានគេស្គាល់ថាជាគុជពណ៌ទឹកក្រូច ដែលមានដើមកំណើតចេញពីទីក្រុងបៃហ្គ័រ «Bai Gaur» ជាឈ្មោះភាសាចម្ប៉ា ស្ថិតនៅភាគខាងត្បូងនៃប្រទេសចម្ប៉ាដែលគេហៅថា ទន្លេដុងណៃ ។ ទីក្រុងព្រៃនគរ គឺជាដែនដីដ៏ពិសិដ្ឋរបស់ខ្មែរនៅក្នុងសម័យកាលរបស់ហ្វ៊ូណន ដែលពេលនោះមានកំពង់ផែអូកែវជាចំណុចប្រសព្វនៃផ្លូវពាណិជ្ជកម្មរវាងចិន និងឥណ្ឌា ។ ប៉ុន្ដែឈ្មោះទីក្រុងព្រៃនគរនេះទើបតែត្រូវបានដាក់ឈ្មោះដោយព្រះបាទឥន្ទ្រវរ្ម័នទី ២ បន្ទាប់ពីព្រះអង្គយាងទៅគ្រប់គ្រងនៅនគរចម្ប៉ានៅឆ្នាំ ១១៩០ គ.ស. ហើយនៅពេលនោះព្រះអង្គ បានកសាងរាជធានីមួយហៅថា «ក្រុងព្រៃនគរ» ព្រោះជាកន្លែងសម្បូរទៅដោយដើមគរ ហើយក៏ជាទីប្រសព្វនៃទន្លេជាច្រើនសម្រាប់តភ្ជាប់មកទន្លេចតុមុខនិងអង្គរផងដែរ ។
ឈ្មោះទីក្រុងព្រៃនគរបានរក្សាជាប់គង់វង្សអស់ជាច្រើនសតវត្សរ៍ រហូតមកដល់សតវត្សរ៍ទី ១៧ ទើបទីក្រុងនេះបានធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់ដាយវៀត រួចក៏ផ្លាស់ប្ដូរឈ្មោះពីទីក្រុងព្រៃនគរទៅជាទីក្រុងហ្សាឌីង ។ ប៉ុន្ដែទោះបីដាយវៀតបានផ្លាស់ប្ដូរឈ្មោះទីក្រុងព្រៃនគរក៏ដោយ ក៏ទីក្រុងនេះនៅតែរក្សាបាននូវអត្ថន័យដើមដដែល ព្រោះថាក្រុងព្រៃនគរមកពីភាសាខ្មែរថា «ព្រៃគរ» មានន័យថា នៅតំបន់នោះពោរពេញទៅដោយដើមគរដុះជាច្រើន ។
ដូច្នេះបើតាមទម្លាប់របស់ប្រជាពលរដ្ឋខ្មែរ ឱ្យតែមានរុក្ខជាតិអ្វីដុះជាច្រើននៅតំបន់ណាមួយ គេតែងតែហៅឈ្មោះតំបន់នោះទៅតាមឈ្មោះរុក្ខជាតិ ដូចជាបឹងដែលមានដើមកក់ដុះច្រើនគេហៅថា «បឹងកក់» ។ ដូច្នេះតំបន់នោះមានដើមគរដុះជាច្រើនទើបគេហៅថាព្រៃគរ ឬ ព្រៃដើមគរ ។ ប៉ុន្ដែក្រោយមកតំបន់នោះ ត្រូវបានព្រះបាទឥន្ទ្រវរ្ម័នទី ២ យកមកធ្វើជាទីក្រុងដោយហៅថា «ក្រុងព្រៃនគរ ហើយយូរៗទៅក្លាយទៅជាទីក្រុងព្រៃនគរ» ។
បន្ទាប់មកនៅពេលស្ដេចង្វៀនគ្រប់គ្រងទីក្រុងព្រៃនគរក៏បានប្ដូរឈ្មោះដោយយកតាមភាសាម៉ាឡេហៅថា «ទីក្រុងហ្សាឌីង”នេះបើយោងតាមឯកសារប្រវត្តិសាស្ដ្រវៀតណាមបានលើកឡើងថា៖”ហ្សាឌីង គឺមកពីពាក្យម៉ាឡេ Gia: Ya”ភាសាម៉ាឡេ”: ទឹកឬទន្លេហើយពាក្យ Dinh: Digin ( ភាសាម៉ាឡេ : ត្រជាក់ , ថ្លា ) ដូច្នេះពាក្យហ្សាឌីងមានន័យថា «ទីក្រុងដែលមានទន្លេទឹកត្រជាក់ ។ ក្រោយមកទីក្រុងព្រៃនគរ ( ហ្សាឌីង ) ត្រូវបានប្ដូរឈ្មោះទៅជាទីក្រុង សៃហ្គន ( Saigon ) ដែលពាក្យនេះយកតាមភាសាចិន គឺមកពីពាក្យ Sai : អូសឬព្រៃ , Gon: គរឬកប្បាស ។ ដូច្នេះពាក្យសៃហ្គន «Saigon» មានន័យថាព្រៃសម្បូរទៅដោយដើមគរ ។
ដូច្នេះបើយោងទៅតាមភាសាចិនហៅថា «សៃហ្គន» នេះ គឺស្របទៅនឹងភាសាខ្មែរហៅថា «ព្រៃគរ ឬ ព្រៃនគរ» ។ ការបាត់បង់ក្រុងព្រៃនគរគឺជាការខាតបង់ដ៏ធំធេងរបស់ខ្មែរព្រោះបានបាត់បង់ផ្លូវពាណិជ្ជកម្មដ៏សំខាន់មួយ ហើយអ្វីដែលកាន់តែសំខាន់ជាងនេះទៅទៀតនោះគឺដាយវៀត បានប្រើប្រាស់តំបន់នេះធ្វើជាមូលដ្ឋានរដ្ឋបាល យោធា និង សេដ្ឋកិច្ចរបស់ខ្លួន ក្នុងការឈានមកយកទឹកដីខ្មែរជាបន្ដបន្ទាប់ទៀត ដូចជាដាយវៀតចូលមកគ្រប់គ្រងនៅខេត្តបារៀង ឆ្នាំ ១៦៥៨ , ក្រុងព្រៃនគរឆ្នាំ ១៦៩៨ , ខេត្តមីថូ និង ខេត្តវីងឡុង ឆ្នាំ ១៧៣១ ខេត្តទ្រាំងឆ្នាំ១៧៤៧ និង ខេត្តផ្សារដែក ( ចូវដុក ) នៅឆ្នាំ ១៧៥៧ ។ ការដែលដាយវៀតចូលមកកាន់កាប់ខេត្តទាំងអស់នេះ ពុំមានការបង្ហូរឈាមអ្វីទេ គឺខ្មែរចេះតែដកថយទៅទិសខាងលិចរហូតទៅដល់ខេត្តតាយនីញ ។
បើយោងតាមកំណត់ត្រាប្រវត្តិសាស្ដ្រខ្មែរបានលើកឡើងថា ដាយវៀតបានបង្ខំឲ្យស្ដេចខ្មែរទទួលយកជនជាតិដាយវៀតទាំងឡាយ ដែលរត់គេចខ្លួនពីការចាប់ចងឬមករស់នៅលើទឹកដីខ្មែរ ត្រូវទទួលបានសិទ្ធិកាន់កាប់ដីធ្លីដោយស្របច្បាប់។ ក្រោយមកដាយវៀតចេះតែបន្ដការឈ្លានពានវាតទីយកទឹកដីខ្មែរជាបន្ដបន្ទាប់ ដូចជាការសង់បន្ទាយនៅផ្សារដែក ( សាដែក ) នៅ គូឡាវយ៉ាង ( កោះតេង ) និង ចូវដុក ( មាត់ជ្រូក ) ។ល។
ក្រោយពេលរាជវង្សង្វៀន បានឡើងគ្រងរាជ្យ សៀមបានលើកទ័ពទ្រង់ទ្រាយធំ មកវាយខ្មែរដោយមាន កងទ័ពជើងគោក ចំនួន៥ម៉ឺននាក់ កងទ័ពជើងទឹកចំនួន២ម៉ឺននាក់ ចូលមកតាមច្រកហាទៀង តែស្របពេលនោះមេទ័ពសៀម មានជម្ងឺគ្រុនក្ដៅក៏បានដកថយតាមសំពៅទៅមុនហើយកងទ័ពដកចេញទៅតាមក្រោយ ។
ចាប់ពីពេលនោះមកសៀម ពុំមានការវាយប្រហារមកលើកម្ពុជាទៀតទេរហូតដល់ឆ្នាំ ១៧៧១ និង ឆ្នាំ ១៧៧៣ ទើបសៀមលើកកងទ័ពមកឈ្លានពានខ្មែរជាបន្ដបន្ទាប់ទៀត ប៉ុន្ដែរដ្ឋាភិបាលក្រុងវ៉េបញ្ជាឱ្យឧត្តមសេនីយ៍«ដាំ» ជំនួសឧត្តមសេនីយ៍«ខយ» លើកកងទ័ពចំនួន ១ ម៉ឺននាក់ រួមទាំងទូកសំពៅចម្បាំងចំនួន ៣០ ឡើងតាមដងទន្លេមេគង្គមកវាយកងទ័ពសៀមនៅជាយក្រុងភ្នំពេញ ពេលនោះមេទ័ពសៀម ភ្យាតាក បានដកកងទ័ពថយទៅវិញ ហើយស្វែងរកការចរចាសន្ដិភាពជាមួយក្រុងវ៉េ នៅឆ្នាំ១៧៧៤ ប្រទេសទាំងពីរបានចុះសន្ធិសញ្ញារួមគ្នាមួយ ដោយសៀមទទួលស្គាល់ឲ្យដាយវៀតគ្រប់គ្រងតំបន់ទន្លេមេគង្គផ្នែកខាងកើតនិងផ្នែកខាងលើ ចំណែកសៀមគ្រប់គ្រងនៅផ្នែកខាងលិចទន្លេមេគង្គ ហើយរហូតមកដល់ឆ្នាំ ១៧៨០ កងទ័ពដាយវៀតបានចូលមកក្នុងទឹកដីខ្មែរយ៉ាងជ្រៅ រហូតបានគ្រប់គ្រងនៅឧបទ្វីបកាម៉ៅ «ទឹកខ្មៅ» ទាំងមូល ។
ការបែងចែកទឹកដីខ្មែររវាងសៀមនិងយួននៅសតវត្សត៍ទី ១៨ មិនបានសម្រេចដោយសារតែចរន្ដរ៍នយោបាយផ្ទៃក្នុងរបស់ដាយវៀត ព្រោះនៅកំពុងធ្វើការចរចាជាមួយសៀមមិនទាន់បានដាច់ស្រេចផង ក៏មានក្រុមចលនាតស៊ូតៃសឺង ធ្វើការបះបោរបំបែករដ្ឋប្រឈាំងទៅនឹងដាយវៀតយ៉ាងខ្លាំងក្លា ដូច្នេះសង្គ្រាមផ្ទៃក្នុងរបស់ដាយវៀតបានផ្ទុះឡើងជាបន្ដបន្ទាប់ ហេតុនេះហើយធ្វើឲ្យស្ដេចង្វៀន ងាកចេញពីកម្ពុជាទៅទប់ទល់ជាមួយពួកតៃសឺង ។
ចំណែកនៅប្រទេសសៀមវិញ កងទ័ពភូមាបានវាយប្រហារជាបន្ដបន្ទាប់ ដូច្នេះស្ដេចង្វៀននិងសៀម បានខកខានលើការបែងចែកទឹកដីខ្មែរ ដោយសារការបះបោររបស់តៃសឺងនិងការឈ្លានពានរបស់ប្រទេសភូមាទៅលើសៀម ។ ចំណែកការបះបោររបស់តៃសឺង បានធ្វើឲ្យសង្គ្រាមផ្ទុះឡើងអស់រយៈពេលជាច្រើនឆ្នាំ ធ្វើឲ្យស្ដេចង្វៀនមិនអាចទប់ទល់បានដោយសារកងទ័ពតៃសឺងបានចូលទៅកាន់កាប់ទីក្រុងធំៗជាបន្ដបន្ទាប់រហូតមកដល់ឆ្នាំ ១៧៨៦ កងទ័ពតៃសឺងចូលទៅកាន់កាប់ទីក្រុងហាណូយនិងក្រុងព្រៃនគរ ហើយរជ្ជកាលរបស់ស្ដេចង្វៀនក៏ត្រូវបានបញ្ចប់។ ប៉ុន្ដែព្រះអង្គម្ចាស់អានបានរត់មកជ្រកកោនក្នុងទឹកដីខ្មែរកោះត្រល់ ហេតុនេះហើយធ្វើឲ្យសន្ធិសញ្ញាបែងចែកទឹកដីខ្មែររវាងសៀមនិងយួនសតវត្សរ៍ទី១៨នោះត្រូវបរាជ័យ ។
បើយោងទៅតាមប្រវត្តិសាស្ដ្រវៀតណាម បានលើកឡើងថា «នៅខែមករាឆ្នាំ ១៧៨៥ សៀមបានផ្ដល់កងទ័ពចំនួន ២ ម៉ឺននាក់ និង នាវា ៣០០ គ្រឿងថ្វាយព្រះអង្គម្ចាស់ ង្វៀនអាន ដើម្បីវាយប្រហារពីរមុខព្រួញ នៅលើកងទ័ពបះបោរតៃសឺងនៅក្នុងទឹកដីកម្ពុជា ដោយឆ្លងកាត់តាមឈូងសមុទ្រសៀម ។ ប៉ុន្ដែកងទ័ពតៃសឺងបានត្រៀមលក្ខណៈរួចចាស្រេចរង់ចាំវាយប្រហារស្ទាក់នៅកណ្ដាលផ្លូវតាមដងទន្លេមេគង្គហើយបានកម្ទេចនាវារបស់កងទ័ពសៀម ព្រមទាំងបានសម្លាប់កងទ័ពងអស់ជាច្រើន រួមទាំងកងទ័ពរបស់ព្រះអង្គម្ចាស់ង្វៀនអានផងដែរ ធ្វើឲ្យកងទ័ពសៀមដកថយទៅ វិញអស់ ។
ចំណែកព្រះអង្គម្ចាស់ង្វៀនអាន បានភៀសព្រះកាយមកនៅលើកោះត្រល់របស់ខ្មែរតាំងពីឆ្នាំ១៧៧៧ ក្នុងអំឡុងពេលមានសង្គ្រាមជាមួយក្រុមបះបោរតៃសឺង ។ ព្រះអង្គម្ចាស់ង្វៀនអានក៏ធ្លាប់បានយាងមកក្រុងឧត្តុង្គ ដើម្បីសុំជំនួយពីចៅហ្វ៊ាបែនឲ្យបញ្ចូនកងទ័ពទៅជួយវាយកងទ័ពបះបះបោរតៃសឺងឲ្យចេញព្រៃនគរ ។ នៅត្រង់ចំណុចនេះ បើយោងតាមឯកសារប្រវត្តិសាស្ដ្រខ្មែរគឺជាស្ដេចសៀមបញ្ជាឲ្យចៅហ្វ៊ាបែន លើកកងទ័ពទៅជួយព្រះអង្គម្ចាស់ង្វៀនអានក្នុងការកម្ចាត់ពួកបះបោរតៃសឺង ប៉ុន្ដែត្រូវបរាជ័យ ។
នៅពេលភៀសព្រះកាយមកដល់កោះត្រល់ ទ្រង់បានជួបជាមួយបេសកជនបារាំងឈ្មោះពិជនូ ឌឺ បេហីន ដែលបានមកដល់កោះត្រល់តាំងពីឆ្នាំ ១៧៦៥ រហូតដល់១៧៧៧ ហើយក៏មានទំនាក់ទំនងជាមួយព្រះអង្គម្ចាស់ង្វៀនអាន ដែលបានភៀសព្រះកាយមកស្នាក់នៅលើកោះត្រល់នោះដែរ ។ បន្ទាប់មកលោកពិជនូ ឌឺ បេហីនបានណែនាំឲ្យព្រះអង្គម្ចាស់ង្វៀនអាន រួមជាមួយព្រះរាជបុត្រាព្រះនាមង្វៀនកាន់ ស្នើសុំចូលគាល់ព្រះចៅអធិរាជបារាំង លីសទី ១៦ «LOUIS XVI» ដើម្បីស្នើសុំជំនួយពីបារាំង ហើយបើយោងតាមកំណត់ត្រាឯកសារប្រវត្តិសាស្ដ្រវៀតណាម បានបញ្ជាក់ថាការសម្របសម្រួលរបស់បេសកជនបារាំងរូបនោះ បានចំណាយពេលរហូតមកដល់ឆ្នាំ ១៧៨៥ ទើបលោកពិជនូ ឌឺ បេហីន បានបញ្ចុះបញ្ចូលព្រះចៅអធិរាជបារាំង ល្វីសទី ១៦ ឱ្យង្វៀនអាននិងព្រះរាជបុត្រាចូលគាល់ដើម្បីស្នើសុំជំនួយយោធាពីបារាំង ។
ដូច្នេះនៅថ្ងៃទី ២៨ ខែវិច្ឆិកាឆ្នាំ ១៧៨៧ រដ្ឋមន្ដ្រីការបរទេសបារាំង កំឌឺម៉ុងម៉ូរីន បានចុះសន្ធិសញ្ញាជាមួយព្រះអង្គម្ចាស់ង្វៀនអាន ក្នុងការផ្ដល់កងទ័ពបារាំងចំនួន ១.៦៥០ នាក់ ឱ្យជូនព្រះអង្គម្ចាស់ង្វៀនអានមកកោះត្រឡាច «Poulo Condore» និង នៅកំពង់ផែទូរ៉ាន ។ ក្រោយពីមានជំនួយពីរដ្ឋាភិបាលបារាំង រួមទាំងកងទ័ពបារាំងផងនោះព្រះអង្គម្ចាស់ង្វៀនអាន អាចផ្ដួលរំលំក្រុមបះបោរតៃសឺងបានដោយជោគជ័យ ។ បន្ទាប់មកឡើងគ្រងរាជ្យក្នុងព្រះបរណនាមព្រះចៅយ៉ាឡុង នៅថ្ងៃទី ១ ខែមិថុនា ឆ្នាំ ១៨០២ ព្រមទាំងបានផ្លាស់ប្ដូរទីក្រុងទៅទីទីក្រុងវ៉េវិញ ។ ក្រោយពីបានឡើងគ្រងរាជ្យព្រះចៅយ៉ាឡុង បានធ្វើការផ្លាស់ប្ដូររាជាណាចក្រដាយវៀតទៅជាវៀតណាមវិញ ។
នៅក្នុងរជ្ជកាលរបស់ស្ដេចយ៉ាឡុងនេះដែរ បានផ្ដោតសំខាន់ទៅលើការកសាងកម្លាំងយោធាឲ្យបានខ្លាំងក្លា នេះបើយោងតាមឯកសារប្រវត្តិសាស្ដ្រវៀតណាមបានលើកឡើងថា «នៅទសវត្សរ៍ឆ្នាំ ១៨០០ ព្រះចៅង្វៀនអានបានពង្រឹងវិស័យកងទ័ពរបស់ខ្លួន រហូត ១៤.០០០នាក់ បែងចែកទៅតាមផ្នែកនីមួយៗ ដូចជាកងទ័ពជើងគោកមានចំនួន ១១៣.០០០ នាក់ កងទ័ពជើងទឹកមានចំនួន ២.៦៨០ នាក់ សរុបទាំងអស់មានចំនួន ១៣៩.៨០០នាក់…» ។
យើងឃើញហើយថា ការពង្រីកវិស័យយោធារបស់ស្ដេចយ៉ាឡុង ក៏ដោយសារកំណើនប្រជាជនវៀតណាម ចេះតែកើនឡើងច្រើនទៅៗធ្វើឱ្យវៀតណាមចេះតែពង្រីកទឹកដីចូលមកម្ពុជាកាន់តែជ្រៅទៅៗជាបន្ដបន្ទាប់ ។ មានប្រជាពលរដ្ឋខ្មែរក្រោមជាច្រើនរស់នៅក្នុងទឹកដីកូស័ងស៊ីន ត្រូវបានវៀតណាមបង្ខំឱ្យចាកចេញពីទឹកដីកេរដូនតារបស់ខ្លួន ។
ក្រោយពីរំដោះប្រទេសឲ្យបានឯករាជ្យឡើងវិញ ព្រះចៅយ៉ាឡុងចាប់ផ្ដើមឈ្លានពានប្រទេសកម្ពុជាពីឆ្នាំ ១៨១១ ដល់ឆ្នាំ ១៨១២ ធ្វើឱ្យមានសង្គ្រាមរវាងវៀតណាម និង សៀម ក្នុងការដណ្ដើមគ្នាគ្រប់គ្រងលើទឹកដីខ្មែរកើតឡើងជាបន្ដបន្ទាប់ ហើយបញ្ហានេះបានធ្លាក់ទៅក្នុងស្ថានភាពកាន់តែធ្ងន់ធ្ងរទៅៗ នៅត្រឹមរជ្ជកាលរបស់ស្ដេចអង្គចន្ទ និង ក្សត្រីយ៍ អង្គម៉ី ដែលវៀតណាមបានគ្រប់គ្រងមកលើកម្ពុជាទាំងស្រុងទៅហើយ ៕
Pdach Mok
Thursday, December 28, 2017