Views
កាលណោះ ព្រះចៅក្រុងពែក្ស ( Persia )
ទ្រង់ត្រាស់បង្គាប់ ដល់លោកមហាត្លិកដែលជាអ្នកបំរើជំនិត ឲ្យរកស្រីក្រមុំដែលមានរូបស្អាត មួយយប់ម្នាក់ មករួមស្នេហាជាមួយព្រះអង្គ បានត្រឹមមួយរាត្រី ត្រូវប្រហារជីវិតនាងចោល ហើយរើសយកស្រីក្រមុំម្នាក់ទៀតសំរាប់យប់បន្ទាប់
រួចហើយសម្លាប់ចោលទៀត រាល់ថ្ងៃជាបន្តបន្ទាប់ ។
ដោយមានសេចក្តីកោតក្រែង ដល់ព្រះចេស្តា លោកមហាត្លិក បង្ខំចិត្តធ្វើតាម ព្រះរាជបញ្ជា ។ ព្រះរាជា ទ្រង់ចាត់ឲ្យមានកងពលសេនា ប្រដាប់អាវុធ តាមហែរហម លោកមហាត្លិក ដើម្បីឲ្យមាន ប្រសិទ្ធភាព ក្នុងការស្វែងរកចាប់ស្រីក្រមុំ ។
មិនយូរប៉ុន្មានដំណឹងនេះ ក៏ឮសុះសាយពេញទាំង នគរ ។ ប្រជានុរាស្រ្ត មានសេចក្តីភិតភ័យ តក់ស្លុត ឥតឧបមា ពិសេស អ្នកដែលមានកូនក្រមុំ ។
និយាយអំពីលោកមហាត្លិក លោកមានកូនក្រមុំ
ពីររូប មានរូបឆោមលោមពណ៌ ល្អគ្រប់លក្ខិណា
ចំណេះបា្រជ្ញា ក៏មានមិនចន្លោះ ព្រមទាំងមាន
សណ្តានចិត្តល្អ ប្រដូចពុំបាន មានទាំងសេចក្តី
ក្លាហាន មោះមុត មិនដែលតក់ស្លុត នឹងគ្រោះភ័យ
អ្វីឡើយ ។
ដោយឃើញមាន គ្រោះកាច គ្របដណ្តប់ទូរទាំង
ព្រះនគរ នាងក្រមុំទាំងពីរគិតគ្នាថា នឹងមិនគួរ
បណ្តោយ ឲ្យព្រះរាជា ធ្វើអ្វីស្រេចតែព្រះទ័យ
ព្រះអង្គនោះទេ ត្រូវតែមាន វិធានការណ៍អ្វីមួយ
ដើម្បីទប់ស្កាត់ អំពើហឹង្សា អមនុស្សធម៌ និង
អយុត្តិធម៌នេះ ។ គិតគ្នាស្រេចកាលណា នាងក្រមុំ
ក៏នាំគ្នាចូលទៅជួបលោកមហាត្លិក ជាឪពុក ហើយសូមឲ្យលោក នាំនាងទាំងពីរ់ ទៅថ្វាយព្រះរាជា ។
ឃើញដូច្នេះ លោកមហាត្លិកហួសចិត្ត បើកភ្នែកធំៗ ហើយពោលថា :
« ឱកូនសម្លាញ់ ស្មើកែវភ្នែកទាំងពីរ របស់ឪពុក ម្តេចឡើយមកបង្ខំឪពុក ឲ្យនាំកូនទៅរក សេចក្តី
ស្លាប់យ៉ាងដូច្នេះ ? »
នាងក្រមុំទាំងពីរ ក៏ឆ្លើយវិញថា :
« សូមលោកឪពុកទុកចិត្ត កូនទាំងពីរចុះ ធ្វើ
ដូច្នេះគឺដើម្បី ប្រជាជាតិទាំងមូល ដូច្នេះសូម
លោកឪពុក នាំកូនទៅថ្វាយព្រះរាជា កុំបីបារម្ភ
ឡើយ »
អស់ពីភ័យ ចូលដល់ខឹង លោកមហាត្លិក ក៏
ពោលទៅកាន់កូនទាំងពីរ ថា :
« កូនចម្កួត ឯងទាំងពីរនេះ សមតែត្រូវដំបង
ដូចប្រពន្ធ បុរសដែលចេះភាសាសត្វ នោះ
ហើយ »
រួចក៏ចាប់និទានរឿងនេះឡើង ។
========================
រឿង « កសិករ ចេះភាសាសត្វ »
========================
មានប្តីប្រពន្ធកសិករ ទើបនឹងរៀបការថ្មី
តាំងទីលំនៅដ្ឋាន នៅជនបទដាច់ស្រយាល ។
ក្រៅអំពីការងារស្រែចម្ការ ពីរនាក់ប្រពន្ធប្តីចិញ្ចិម
សព្វសត្វ មាន ចៀម ពពែ មាន់ ទា លា គោ ឆ្កែ ។
មានសត្វគោ ដើម្បីភ្ជួរ ចម្ការស្រែ
មានសត្វឆ្កែ ដើម្បីចាំផ្ទះ និង ឃ្វាល ចៀម មាន់ ទា
មានសត្វលា ដើម្បីដឹកឥវ៉ាន់ ទៅលក់ឯផ្សា ។
បុរសកសិករ មានសិល្បវិជ្ជាការ ចេះស្តាប់យល់
បាននូវភាសាសត្វ ប៉ុន្តែមានតំណម ជាបណ្តាំអំពី
គ្រូ ត្រូវលាក់បាំងរបៀន មិនឲ្យមានអ្នកណាដឹងថា
ខ្លួនចេះឡើយ ស្តាប់ដឹងភាសាសត្វហើយ ក៏ទុក
ក្នុងខ្លួនតែម្នាក់ឯង ពុំនោះសោតទេ នឹងត្រូវជួប
គ្រោះអស់អាយុសង្ខារ អសារបង់ ។
រាល់ថ្ងៃ បុរសកសិករតែងតែ ងើបពីព្រឹកព្រលឹម
ដឹកគោទៅភ្ជួរស្រែ ។ ចំណែកនាងជាភរិយា
មានរូបស្រស់ឆើត របៀបអ្នកស្រែចម្ការ យល់អំពី
សេចក្ដីស្នេហា ដ៏លើសលប់របស់ស្វាមី មានចំពោះ
រូបនាង ។ ក្រៅពីកិច្ចការក្នុងផ្ទះ នាងថែទាំឲ្យចំណី
សត្វ នឹងឆ្លៀតធ្វើច្បារដំណាំ សំរាប់បរិភោគពីរនាក់
នឹងនៅមានសល់ បានទៅលក់យកកម្រៃ ។
យូរៗម្តងកសិករប្រពន្ធប្តី នាំយកមាន់ទា បន្លែបង្ការ
ដាក់លើខ្នងសត្វលា បណ្តើរគ្នាយកទៅលក់ឯទីផ្សា
ហើយទិញ របស់ត្រូវការ អំពីផ្សាមកវិញ ។
គោ និង លា ដេកក្នុងក្រោលជាមួយគ្នា ។
រាល់យប់ សត្វទាំងពីរ តែងតែសារសង អំពីជីវិតប្រចាំថ្ងៃ ។ គោ ដែលស្គាល់តែ ការងារភ្ជួររាស់
លុះបានដឹង អំពីសេចក្ដីសប្បាយ របស់សត្វលា
ដែលបានជួបនៅទីផ្សា ក៏កើតក្តីច្រណែន លាយឡំ
និងសេចក្តីកោតសសើរ បានពោលពាក្យទៅកាន់
លា ថា :
« ឱ បងលាអុើយ បងមានវាសនា ខ្ពស់ណាស់ ។
ម្ចាស់ស្រី ក៏យកចិត្តទុកដាក់ ដុសលាងថែទាំ បងបានល្អ
មិនដូចរូបខ្ញុំ ដែលស្គាល់តែ អាចម៍បំណះ
និង រំពាត់ខ្សែតី »
ឮដូច្នេះ លា ក៏សប្បាយចិត្ត សើចញញឹម ឡើង
វៀចបបូរមាត់ បញ្ចេញធ្មេញធំៗ របស់ខ្លួន
ហើយតបវិញថា : « បងគោអុើយ កុំតូចចិត្តអី
សត្វលោក កើតមកមានវាសនា មិនដូចគ្នាទេ ។
ខ្ញុំមិនចង់និយាយទេ តែខ្ញុំមើលទៅ បងដូចជា
ឆោតបន្តិច ... បងមានមាឌធំ កម្លាំងបាន តែ
បា្រជ្ញាខ្សោយ .. បងបណ្តោយឲ្យ មនុស្សលោក
ដឹកបានស្រេចតែនឹងចិត្ត ។ ថ្ងៃណាបងមិនចង់
ធ្វើការ បងប្រកែកប្រឆាំងទៅ បងកាច បងក្រាញ
បងទាញ បងវ័ធ បងជល់ បងទាត់ ម្ចាស់គាត់
បា្រកដ ជាមិនហ៊ាននឹងបងទេ » ។
លុះស្អែកឡើង កសិករងើបពីព្រលឹម មករក
ដឹកគោទៅស្រែ ដូចសព្វមួយដង ។ តែព្រឹកនេះ
ចម្លែក គោធ្វើតាមបង្គាប់លា មិនព្រមឲ្យម្ចាស់ដឹក
ទៅភ្ជួរសោះ កសិករមានចម្ងល់ ទាល់គំនិត គិត
មិនចេញ ខកខាន មិនបានទៅភ្ជួរអស់មួយថ្ងៃ ។
សត្វគោបានរួចផុតពីការងារ មានចិត្តត្រេកអរ
ឥតឧបមា ចេះតែញញឹមញញែម ដាក់សត្វលា ។
កសិករបានលួចសង្កេតឃើញ អាកប្បកិរិយារបស់
សត្វគោ និង សត្វលា ចម្លែកខុសសព្វដង កើតក្តី
ពិផលក្នុងចិត្ត មានគំនិតតាមដានហេតុការណ៍
អាថ៌កំបាំងនេះ ។
លុះយប់ឡើង កសិករក៏មកលបលួចស្តាប់ សត្វទាំងពីរ ។ ដូចបានគិតទុក បុរសកសិករបានឮគោ ពោលទៅកាន់លា ថា :
« ខ្ញុំសូមអរគុណ នឹងបងលាណាស់ ដែលបាន
ដាស់តឿនសតិខ្ញុំ ... ប៉ុណ្ណេះខ្ញុំអាចរស់នៅ សុខស្រួល
ដូចបងដែរហើយ »
បុរសកសិករ នឹកហួសចិត្តនឹងគំនិតខូច របស់
សត្វទាំងពីរជាខ្លាំង ហើយក៏ត្រឡប់ចូលក្នុងផ្ទះ
ចូលដំណេក ក្បែរភរិយា ។
ភ្ញាក់ពីព្រលឹម បុរសកសិករដើរសំដៅទៅក្រោលតែ
ព្រឹកនេះ គាត់ចាប់ដឹកសត្វលាយកទៅភ្ជួរ វិញម្តង ។
ជួបនឹងក្តីលំបាកសត្វលា ក៏នឹកតូចចិត្ត គិតថា
គួរអីទៅបា្រប់
ឲ្យគេស្រណុក បែរជាយកទុក្ខមក
ដាក់ខ្លួន ។ ណាមួយកំឡាំងតិចជាងគោ ត្រូវម្ចាស់
វាយវ័ធ បង្ខំឲ្យទាញនង្គ័ល ស្ទើរតែក្ស័យសង្ខារ ។
លុះព្រលប់ចូលមកដល់ក្រោលវិញ សត្វទាំងពីរ
មិនមានមាត់កដាក់គ្នា លាដោយលា គោដោយគោ
តែគោ ជាអ្នកខ្លាចចិត្តលា ក៏និយាយទៅកាន់លា
មុនថា :
« បងលា ថ្ងៃនេះបា្រកដជា អស់កម្លាំង
មិនធម្មតាទេ ជាមួយការងារស្រែចំការ »
ជួនជាពេលនោះ បុរសកសិករបានមកលួចយក
ការណ៍ ដូចយប់មុនទៀត ។
លា ឆ្លើយតបថា :
« បងគោអុើយ ការងារស្រែចំការ តែងតែពិបាក
ដូច្នេះហើយ ... ប៉ុន្តែ ខ្ញុំបារម្ភចំពោះ បងគោ ទៅ
វិញទេណាបង ត្បិតអី កាលបណ្តើរខ្ញុំមកពីស្រែ
ខ្ញុំ បានឃើញ បានឮ ម្ចាស់យើង ជួបមិត្តភ័ក្តគាត់
និយាយគ្នាថា ចាំមើលស្អែកគាត់មកដឹកបង ទៅ
ស្រែម្តងទៀត បើបងគោ នៅតែកាច មិនស្តាប់
ម្ចាស់ ក៏ទុកនៅមិនមានប្រយោជន៍ នុះគាត់នឹងលក់បង ទៅឲ្យគេសម្លាប់យកសាច់ យកស្បែក វិញល្អ
ជាជាង ទុកចិញ្ចឹមនៅនាំចង្អៀតក្រោល »
សត្វគោឮដូច្នេះ ភ័យស្លន់ស្លោរ ហើយថ្លែង
អំណរគុណ ដល់សត្វលាញាប់មាត់ ព្រមទាំងសន្យាថា នឹងឈប់ ធ្វើផ្តេសផ្តាស់ដូចថ្ងៃមុនហើយ ។
បុរសកសិករ ស្តាប់បាន យល់អស់សេចក្តី ក៏នឹក
ហួសចិត្ត នឹងគំនិតរបុិលរប៉ូច របស់សត្វទាំងពីរ
អស់សំណើច តែម្នាក់ឯង ។
និយាយអំពីនាងជាភរិយា ដែលអង្គុយចាំប្តី
លុះឃើញប្តីមកដល់ ធ្វើមុខញឹមៗ ក៏សួរប្តីថា :
« បងមានរឿងអីសប្បាយចិត្ត ប្រាប់អូនឲ្យបានសើចសប្បាយផង ? »
ប្តីឮប្រពន្ធ សួរដូច្នេះក៏អស់សំណើច ហាស់ៗ
កាន់តែខ្លាំង រួចឈប់ង៉ក់ ភ្លាមមួយរំពេច ហើយធ្វើ
មុខស្ងួត ប្រាប់ប្រពន្ធថា : « អត់មានអីទេ »
នាងប្រពន្ធមិនសុខចិត្ត ទទូចសួរថា :
« ម៉េចបងថាអត់ ? អម្បាញមុិញ ខ្ញុំឃើញបងលួច
សើចម្នាក់ឯង ច្បាស់ណាស់ ឬ មួយខ្ញុំបានធ្វើ
អ្វីឆ្គង មិនសមមិនគប្បី ទើបបងលួចសើចចំអក
ឲ្យខ្ញុំ ? » ប្តីអង្អែលខ្នងប្រពន្ធ ហើយប្រាប់ថា :
« អូននាងល្អណាស់ មិនដែលមានអ្វី ឲ្យទាស់ចិត្ត
បងទេ ... ការនេះបងប្រាប់មិនបាន ដឹងបានតែ
បងម្នាក់ឯង » ។ នាងជាប្រពន្ធ កាន់តែចង់ដឹង
ពន្យល់ប្តីថា :
« ការសម្ងាត់លាក់កំបាំងអ្វី ក៏ប្រពន្ធប្តី អាចឲ្យដឹងដល់គ្នាដែរ បងធ្វើយ៉ាងនេះមានតែបង មានលាក់
គំនួច មិនមានស្រឡាញ់ខ្ញុំពិតបា្រកដទេ » ។
ប្តីខំតែអង្វរ ប្រពន្ធនៅតែមិនស្តាប់ ប្តីនៅតែមិន
ប្រាប់ ប្រពន្ធបែរជាខឹង យប់នោះក៏គេងបែរខ្នង ធ្វើ
មិនដឹង មិនឲ្យប្តីប៉ះ សូម្បីបន្តិចបន្តួចក៏មិនព្រម ។
នាងជាភរិយា ប្រកាន់មិននិយាយជាមួយប្តី
អស់ជាច្រើនថ្ងៃ ធ្វើឲ្យបុរសកសិករមានក្តីហ្មងសៅ
មិនល្ហែល្ហើយ មិនដឹងជារកវិធីណា លួងលោម
ភរិយា ជាទីពេញចិត្តស្នេហា ឲ្យប្តូរចិត្តបាន ។
និយាយអំពីសត្វឆ្កែ ដែលតែងតែ មានចិត្តស្មោះ
នឹងម្ចាស់ ឃើញម្ចាស់មានវិបត្តិ ក៏មានចិត្ត រួមទុក្ខ
រួមសោកជាមួយម្ចាស់ ។ នៅក្បែរជណ្តើរ ឆ្កែដេកដាក់ក្បាល លើជើងទាំងពីរគងខ្វែងគ្នា បើកភ្នែក
ភ្លឹះៗ សម្លឹងមើលហ្វូងមាន់ ដែលកំពុងប្រជែងគ្នា
ចឹកចំណី ។
មានមាន់គកធំមួយ រវល់តែជាន់ញី មួយហើយ
មួយទៀត មិនហត់ មិនឈប់ មិនឈរ រត់ដេញមេ ពេញទីធ្លា ។ ឃើញដូច្នេះ ទ្រាំពុំបាន ឆ្កែក៏ស្រែក
ស្តីបន្ទោស ទៅកាន់មាន់គកថា :
« នែហ៍ បងគក បងឯងគិតតែសប្បាយនឹងស្រីញី
គ្មានគិតនឹកខ្វល់ ដល់ម្ចាស់យើងសោះ »
មាន់គក ធ្វើដូចមិនឮ ព្រោះរវល់រត់ដេញ មេក្មេង
ទើបនឹងឡើងខ្លួន លុះសម្រេចកិច្ចហើយ ក៏ពត់ខ្លួន
រលាស់ស្លាប រងាវយកសម្លេង រួចដើរបញ្ឆៀង មក
រកឆ្កែ ហើយបោះសំដីទៅឆ្កែថា :
« ខ្ញុំមើលឃើញថា ប្អូននៅមានគំនិតខ្លី ... ខ្ញុំមិន
ចង់និយាយ អំពីម្ចាស់យើងទេ ។ គាត់មានប្រពន្ធ
តែមួយគ្រប់គ្រងមិនបាន ស្រឡាញ់ប្រពន្ធឲ្យប្រពន្ធ
ដឹងចិត្ត ។ ប្អូនឯងមើលបង ... ប្រពន្ធម្ភៃសាមសិប
គ្មានមេណាមួយហ៑ានក្អកនិងបងទេ ថាឆ្វេងគឺឆ្វេង
ថាស្តាំគឺស្តាំ ។ ប្រពន្ធ ទាល់តែលែងធម៌ក្តៅបន្តិច
ទើបបាន »
ពេលនោះ បុរសកសិករនៅសម្ងំក្បែរបង្អួច
បានឮ ឆ្កែនិងមាន់ ឆ្លើយឆ្លងគ្នា សព្វគ្រប់សេចក្តី ក៏
មានចិត្តខ្មាសនឹងសំដីមាន់ ស្ទុះវឹងទៅរករំពាត់ ចាប់
បានមែកឈើ ទុកធ្វើទ្រើងសណ្តែក ចូលទៅរក
ប្រពន្ធ ដែលកំពុងអង្គុយសំកុកនៅចុងគ្រែ ។ ចូល
ដល់ក្នុងបន្ទប់ បិតទ្វារដាក់រនុក ហើយក៏ចាប់វាយ
វាត់ នាងជាភរិយាមិនសំចៃដៃ ។ ប្រពន្ធកសិករ
ភ័យផង ឈឺផង ក៏លើកដៃសំពះប្តី ថាឈប់ចចេស
ឈប់ចង់ដឹង ឈប់ងរ ឈប់ង៉ក់ទៀតហើយ ។ ឃើញដូចអាណិតប្រពន្ធ បុរសជាប្តី ក៏ទំលាក់រំពាត់ចុះ ដើរចេញទុកឲ្យប្រពន្ធ យំសសឹកតែម្នាក់ឯង ។
ពេលវេលាកន្លងទៅ អនុស្សាវរីយ៍អាក្រក់ រលុប
បាត់អស់ ប្តីប្រពន្ធកសិករ រស់នៅស្រឡាញ់គ្នា
សុខសាន្ត បានកូនពូនជាចៅ តរៀងរហូតមក ។
===================
និយាយរឿងចប់កាលណា លោកមហាត្លិក ក៏រំលឹក
កូនក្រមុំទាំងពីរថា មិនត្រូវមានចិត្តរឹងរូស ដូចជា
ប្រពន្ធកសិករដូច្នេះឡើយ ជាពិសេសមិនត្រូវជំនះ
នឹងការណែនាំ របស់ឪពុក ។ បុត្រីទាំងពីរពន្យល់
ឪពុកវិញថា ភរិយាកសិករ ជំនះចិត្តប្តី ដើម្បីបំណង
ផ្ទាល់ខ្លួន រីឯនាងទាំងពីរ អង្វរសូមចិត្តឪពុក ព្រោះ
ដើម្បីជួយ ជីវិតស្រីក្រមុំផ្សេងទៀត ពេញមួយនគរ ។
ដោយយល់ថា មិនអាចផ្លាស់ប្តូរចិត្តកូនទាំងពីរ
បាន លោកមហាត្លិក ក៏បង្ខំចិត្ត បង្កប់ដោយក្តីបារម្ភ
នាំនាងក្រមុំទាំងពីរ ទៅថ្វាយ ព្រះរាជា ។ ៚
Pdach Mok
Thursday, December 28, 2017