Views
ក្រុមហ៊ុន វ៉លម៉ាត (Walmart) របស់អាមេរិក ដែលនាំចេញផលិតផលស្បែកជើងធំជាងគេ និងផលិតផលសម្លៀកបំពាក់លំដាប់ទី២ ពីកម្ពុជា បានរម្លឹកលក្ខខណ្ឌមួយចំនួនដល់រដ្ឋាភិបាលកម្ពុជា រួមមានការគោរពនីតិរដ្ឋ ដើម្បីជាថ្នូរនឹងការអាចឲ្យក្រុមហ៊ុននេះបន្តទិញផលិតផលពីកម្ពុជា តទៅទៀតបាន។ ប៉ុន្តែមន្ត្រីនាំពាក្យគណបក្សកាន់អំណាចចាត់ទុកលិខិតនេះ ថាជាជោគជ័យរបស់រដ្ឋាភិបាល និងបរាជ័យខាងគណបក្សប្រឆាំងទៅវិញ។
មន្ត្រីនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន មិនខ្វល់ថា គាត់បកស្រាយខុសពីខ្លឹមសារលិខិតរបស់ក្រុមហ៊ុន Walmart របស់អាមេរិក នេះយ៉ាងនោះទេ សំខាន់គឺនេះជាការយល់ឃើញរបស់លោក។
លោក សុខ ឥសាន អះអាងប្រាប់អាស៊ីសេរី ថា លិខិតនេះគឺបង្ហាញពីការបន្តយកចិត្តទុកដាក់របស់ក្រុមហ៊ុនសហរដ្ឋអាមេរិក មកលើកម្ពុជា និងហៅថា នេះជាបរាជ័យរបស់បក្សប្រឆាំង៖ «ត្រង់អ្នកណាយល់យ៉ាងម៉េច អាហ្នឹងគឺជារឿងគាត់អ្នកយល់ តែខ្ញុំយល់ផ្សេង។ នេះជាសិទ្ធិសេរីភាពរបស់ខ្ញុំ។ ការគេអត់កាត់ការទិញរបស់អាមេរិក ដែលជាក្រុមហ៊ុនមួយ វាផ្ទុយពីគោលបំណងរបស់ពួកប្រឆាំងដែលឲ្យគេដាក់គំនាប ឬឲ្យគេបិទទីផ្សារអាមេរិក មិនឲ្យនាំចេញទំនិញពីកម្ពុជា។ ពួកប្រឆាំងគេសុំមិនឲ្យនាំចេញ ឥឡូវគេនៅតែនាំចេញ អាហ្នឹងជាបរាជ័យ ឬជោគជ័យ?»។
ក្រុមហ៊ុន Walmart របស់អាមេរិក បានបញ្ជូនប្រតិភូរបស់ខ្លួនចុះទៅប្រទេសកម្ពុជា នៅថ្ងៃទី៧ ខែវិច្ឆិកា ពោលគឺ ៩ថ្ងៃ នៅមុនគណបក្សសង្គ្រោះជាតិ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រម្លាយបានសម្រេច។ ប៉ុន្តែ នៅថ្ងៃទី៦ ខែធ្នូ កន្លងទៅនេះ ទើបក្រុមហ៊ុនចេញជាលិខិតមួយផ្ញើជូនទៅរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង ដោយរម្លឹករដ្ឋាភិបាលកម្ពុជា អំពីលក្ខខណ្ឌជាមូលដ្ឋានក្នុងការបន្តពាណិជ្ជកម្មជាមួយប្រទេសកម្ពុជា ក៏ដូចជាប្រទេសដទៃនៅលើពិភពលោក។ ក្រុមហ៊ុន Walmart សង្កត់ធ្ងន់ថា កត្តាស្ថិរភាព ការព្យាករអំពីស្ថានភាពសង្គម និងការគោរពនីតិរដ្ឋ គឺជាកត្តាសំខាន់មិនអាចខ្វះបាន ក្នុងការបន្តការនាំចេញផលិតផលពីប្រទេសកម្ពុជា មកកាន់ទីផ្សារអាមេរិក សម្រាប់រយៈពេលយូរអង្វែង។
សារលិខិតរបស់ក្រុមហ៊ុន Walmart នេះ គឺស្របគ្នាទៅនឹងសារថ្កោលទោស និងព្រមានដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប ពាក់ព័ន្ធនឹងស្ថានភាពរំលោភសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងការរំលោភនីតិរដ្ឋនៅកម្ពុជា ក្រោយរដ្ឋាភិបាលលោក ហ៊ុន សែន បានចាប់ខ្លួនមេបក្សប្រឆាំង រំលាយគណបក្សសង្គ្រោះជាតិ ធ្វើទុក្ខបុកម្នេញលើក្រុមអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ព្រមទាំងការវាយប្រហារដោយពាក្យសម្ដីធ្ងន់ៗ លើរដ្ឋាភិបាលអាមេរិក ដែលបណ្ដាលឱ្យមានភាពល្អក់កករដល់ទំនាក់ទំនងល្អផ្នែកការទូតនៃប្រទេសទាំងពីរ។
ទោះបីជាលោក ហ៊ុន សែន បញ្ជាក់ជំហរម្ដងហើយម្ដងទៀត ថារដ្ឋាភិបាលកម្ពុជា មិនខ្វល់ពីការដាក់ទណ្ឌកម្មណាមួយពីអន្តរជាតិ ហើយថែមទាំងជម្រុះឲ្យអន្តរជាតិកាត់ផ្តាច់ជំនួយមកកម្ពុជា ផងនោះ មន្ត្រីបក្សកាន់អំណាចហាក់ដូចជាត្រេកអរយ៉ាងខ្លាំងនៅក្នុងការបកស្រាយលិខិតរបស់ក្រុមហ៊ុនអាមេរិក មួយនេះ និងឆ្លៀតវាយប្រហារគណបក្សប្រឆាំងដែលបក្សកាន់អំណាចអះអាងថា ស្លាប់ទៅហើយនោះ។
ទោះបីជាខ្លឹមសារលិខិតនេះ ជាសារព្រមានរដ្ឋាភិបាលកម្ពុជា ឲ្យស្តារស្ថានការណ៍នយោបាយបច្ចុប្បន្នឲ្យល្អប្រសើរយ៉ាងណាក្តី ក៏អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានសរសេរក្នុងបណ្ដាញសង្គមតេឡេក្រាម (Telegram) ដោយពាក្យសម្តីអសុរោះថា ការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុនយក្សអាមេរិក Walmart គីជាការសំពងក្បាលពួកក្រុមមន្ត្រីបក្សប្រឆាំង ដែលត្រូវបានរំលាយរួចទៅហើយនោះ ឱ្យកាន់តែទទួលបរាជ័យធ្ងន់ធ្ងរថែមទៀត។ លោក សុខ ឥសាន ថែមទាំងបន្ថែមឃ្លាថា "បរាជ័យទៅពួកជនក្បត់ជាតិ! (ខ្ញុំអ្នកសរសេរ គឺខ្ញុំហើយ មាននរណាក្រៅពីនេះ?)”។
ចំណែកអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ វិញ បានប្រាប់សារព័ត៌មានក្នុងស្រុកដែលស្និទ្ធនឹងរដ្ឋាភិបាលថា លិខិតរបស់ក្រុមហ៊ុន Walmart គឺជាសារវិជ្ជមាន ព្រោះមិនមានចំណុចណាមួយដែលកម្ពុជា ខ្វះចន្លោះនោះឡើយ។ តែមន្ត្រីរូបនេះមិនបានបកស្រាយអំពីលក្ខខណ្ឌដែលក្រុមហ៊ុន Walmart ស្នើសុំដល់ភាគីរដ្ឋាភិបាលកម្ពុជា នោះឡើយ។
ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា យល់ឃើញថា រដ្ឋាភិបាលកម្ពុជា ត្រូវឆ្លើយតបជាវិជ្ជមានចំពោះចំណុចដែលក្រុមហ៊ុន Walmart បានលើកឡើងដើម្បីទាក់ទាញការបញ្ជាទិញឱ្យបានកាន់តែច្រើនថែមទៀត។ លោកអះអាងថា បើសិនជារដ្ឋាភិបាល មិនអើពើនឹងការស្នើសុំរបស់ភាគីអ្នកបញ្ជាទិញទេនោះ កម្ពុជានឹងបាត់បង់ឱកាសការបញ្ជាទិញកាន់តែច្រើនពីក្រុមហ៊ុនបរទេស។
តែទោះជាយ៉ាងណា លោកសង្កេតឃើញថា មានចំណុចខ្លះទាក់ទងនឹងការធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារសម្រាប់កម្មករ គឺកំពុងត្រូវបានពិភាក្សាគ្នារវាងក្រសួងជំនាញរបស់រដ្ឋាភិបាលជាមួយនឹងភាគីពាក់ព័ន្ធ ហើយត្រូវបានដោះស្រាយរួចជាបណ្តើរៗហើយ៖ «យើងធ្លាប់ឃើញហើយថា កន្លងមក ក្រុមហ៊ុនយក្សមួយនេះ (Walmart) ហាក់ដូចជាមិនសូវខ្វាយខ្វល់ពីបញ្ហាការគោរពសិទ្ធិ (កម្មករ) នៅកន្លែងធ្វើការនោះទេ ប៉ុន្តែថ្មីៗនេះ ក្រុមហ៊ុនបានចេញលិខិតស្នើសុំឱ្យមានការគោរពសិទ្ធិ និងលក្ខខណ្ឌការងារហ្នឹង គឺជារឿងមួយដែលកាន់តែល្អប្រសើរ ដែលក្រុមហ៊ុន Walmart ចូលរួមក្នុងការអនុវត្ត ឬជំរុញឱ្យមានការគោរពសិទ្ធិ។ ខ្ញុំគាំទ្រ!»។
ក្នុងរយៈពេលជាង ២០ឆ្នាំកន្លងទៅនេះ កម្ពុជាបាននាំទំនិញទៅសហរដ្ឋអាមេរិក គិតជាទឹកប្រាក់សរុប ៣៦ពាន់លានដុល្លារ ដោយក្នុងនោះ ៩០ភាគរយ គឺជាសម្លៀកបំពាក់ និងស្បែកជើង។ សម្លៀកបំពាក់ និងស្បែងជើង គឺជាផលិតផលឧស្សាហកម្មនាំចេញធំជាងគេរបស់កម្ពុជា ហើយឧស្សាហកម្មនេះបានផ្ដល់ការងារដល់ពលរដ្ឋកម្ពុជា ចំនួនប្រហែល ៧០ម៉ឺននាក់នៅទូទាំងប្រទេស។ ជាង ២០ឆ្នាំកន្លងទៅនេះ សហរដ្ឋអាមេរិកក៏បានជួយគាំទ្រជាថវិកាដល់កម្មវិធីរោងចក្រល្អ (Better Factories Program) ដែលផ្ដល់ឱ្យក្រុមហ៊ុនបញ្ជាទិញនៅអាមេរិក និងអឺរ៉ុប មានទំនុកចិត្តក្នុងការទិញទំនិញពីកម្ពុជា ហើយកាលពីពេលថ្មីៗនេះ អាមេរិកក៏បានធ្វើការជាមួយរដ្ឋាភិបាលដើម្បីបង្កើតក្រុមប្រឹក្សាអាជ្ញាកណ្ដាល សម្រាប់ដោះស្រាយជម្លោះរវាងកម្មករ និងថៅកែដោយសន្តិភាពផងដែរ៕
Pdach Mok
Thursday, December 28, 2017