Views
សម្ភារៈ បរិក្ខារ ចំនួន ៣០ មុខ ត្រូវបានប្រទេសចិនសម្រេចផ្ដល់ជំនួយដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គជប សម្រាប់ការបោះឆ្នោតជាតិឆ្នាំក្រោយ ឆ្នាំ២០១៨។ ជាការកត់សម្គាល់ ជំនួយនេះ ធ្វើឡើងបន្ទាប់ពីសហភាពអឺរ៉ុប និងអាមេរិក សម្រេចផ្អាកផ្ដល់ជំនួយដល់ គជប ដោយសារការសម្រេចរំលាយគណបក្សសង្គ្រោះជាតិពីសំណាក់តុលាការកំពូលកម្ពុជា។
ជំនួយសម្ភារៈនិងបរិក្ខារទាំង៣០មុខ ដែលចិននឹងផ្ដល់មកឲ្យ គជប នៅមិនទាន់អាចវាយតម្លៃជាទឹកប្រាក់បាននៅឡើយទេ។ ប៉ុន្តែបើតាម គជប ជំនួយទាំងនោះរួមមាន៖ កុំព្យូទ័រជាង១០០គ្រឿង វិទ្យុទាក់ទង៥៥០គ្រឿង កាមេរ៉ា៣០គ្រឿង ម៉ាស៊ីនបញ្ចាំងស្លាយ២គ្រឿង ម៉ាស៊ីនថតចម្លង៣គ្រឿង ម៉ាស៊ីនព្រីន៧គ្រឿង តុកៅអីការិយាល័យ ទូរដាក់សម្ភារៈ ប្រអប់ដាក់សន្លឹកឆ្នោត១ម៉ឺន៥ពាន់ប្រអប់ បន្ទប់សម្ងាត់សម្រាប់បោះឆ្នោតចំនួន៦ម៉ឺន ព្រមទាំងសម្ភារៈបរិក្ខារចាំបាច់ផ្សេងៗទៀត។
គួរកត់សម្គាល់ថា នេះគឺជំនួយលើកដំបូងបង្អស់របស់ចិន មកកាន់ គជប បន្ទាប់ពីសហភាពអឺរ៉ុប និងអាមេរិក សម្រេចដកខ្លួនចេញលែងផ្ដល់ជំនួយដល់ស្ថាប័នរៀបចំការបោះឆ្នោតនៅស្រុកខ្មែរ នៅខែធ្នូនេះ។
ចិនបានសន្យាថា នឹងផ្ដល់ជំនួយដល់ គជប បន្ថែមទៀត សម្រាប់ការបោះឆ្នោតជាបន្តបន្ទាប់ឲ្យប្រព្រឹត្តទៅដោយរលូន មានភាពត្រឹមត្រូវ មានតម្លាភាព និងគណនេយ្យភាព។ សូមរំឭកថា កាលពីឆ្នាំ២០១៦កន្លងទៅ ចិនបានផ្ដល់ជំនួយ១២លានដុល្លារដល់ គជប សម្រាប់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ថ្ងៃទី៤មិថុនា ឆ្នាំ២០១៧។
ក្រៅពីចិន ជប៉ុនក៏បានប្រកាសជួយ គជប ក្នុងការធានាដំណើរការបោះឆ្នោតជាតិនៅឆ្នាំ២០១៨ផងដែរ។ បើតាមគម្រោង ជប៉ុននឹងផ្ដល់ជំនួយ៧,២លានដុល្លារ ដល់ គជប សម្រាប់រៀបចំការបោះឆ្នោតខាងមុខ។
ដោយឡែក រដ្ឋាភិបាលកម្ពុជាវិញ បានប្រកាសថា ខ្លួនត្រៀមថវិកាគ្រប់គ្រាន់ហើយ សម្រាប់រៀបចំការបោះឆ្នោតនៅកម្ពុជានាពេលខាងមុខ។ ក្នុងនោះ ថវិកាជាង២លានដុល្លារត្រូវបានត្រៀមទុកសម្រាប់រៀបចំការបោះឆ្នោតជ្រើសសមាជិកព្រឹទ្ធសភា។ ចំណែកការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ត្រៀមចំណាយថវិកាជាង៥២លានដុល្លារ។ ការបោះឆ្នោតសមាជិកព្រឹទ្ធសភាអាណត្តិទី៤ នឹងត្រូវរៀបចំធ្វើនៅថ្ងៃទី២៥កុម្ភៈ ឆ្នាំ២០១៨ ខណៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩កក្កដា ឆ្នាំ២០១៨៕
ប្រភព ៖ វិទ្យុបារាំង
Pdach Mok
Thursday, December 28, 2017