Views
កុំចេះតែយកការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃរដ្ឋ_ធ្វើជាលេសបិទបាំង !
-------
គោលការណ៍នៃច្បាប់អន្តរជាតិ គឺថាប្រទេសកម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញា និងកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិមនុស្សសំខាន់ចំនួនប្រាំពីរ ។
នៅឆ្នាំ១៩៩២ ដោយរដ្ឋាភិបាលបណ្តោះអាសន្ននៃក្រុមប្រឹក្សាជាតិជាន់ខ្ពស់នៃកម្ពុជា ជាងនេះទៅទៀត កម្ពុជា គឺជាសមាជិកនៃអង្គការសហប្រជាជាតិ ដែលទទួលស្គាល់ធម្មនុញ្ញសហប្រជាជាតិ ដែលជាច្បាប់កំពូលរបស់អង្គការសហប្រជាជាតិ។
កាលណាប្រទេសមួយបានផ្តល់សច្ចាប័នលើច្បាប់អន្តរជាតិ នេះមានន័យថាប្រទេសនេះទទួលស្គាល់ និងដាក់ខ្លួនឯងឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ច្បាប់អន្តរជាតិ និងយន្តការនានារបស់ច្បាប់អន្តរជាតិ។ រដ្ឋបានក្លាយជាកម្មវត្ថុរបស់ច្បាប់អន្តរជាតិ និងយន្តការអន្តរជាតិ។ ជាងនេះទៅទៀត រដ្ឋជាហត្ថលេខីផ្សេងទៀតក៏មានកាតព្វតាមឃ្លាំមើលការអនុវត្ត និងការគោរពច្បាប់អន្តរជាតិរបស់រដ្ឋជាភាគីដូចគ្នា។
សំខាន់ជាងនេះ ច្បាប់សិទ្ធិមនុស្សអន្តរជាតិ គឺឈរលើគោលការណ៍សកល(universality) ដូច្នេះនេះបានន័យថា រដ្ឋជាភាគីមិនអាចសំអាងលើ “គោលការណ៍អធិបតេយ្យ” និង “ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃរដ្ឋ” ជារនាំងមិនឲ្យមានការត្រួតពិនិត្យពីយន្តការអន្តរជាតិ ឬការឈឺឆ្អាលពីរដ្ឋភាគីផ្សេងទៀត ដែលទាមទារឲ្យមានការអនុវត្តឲ្យបានត្រឹមត្រូវ និងការគោរពនូវកាតព្វកិច្ចអន្តរជាតិ ដូចមានចែងនៅក្នុងអនុសញ្ញា និងកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិមនុស្ស ឬច្បាប់អន្តរជាតិ ស្តីពីសិទ្ធិមនុស្ស ជាពិសេស ធម្មនុញ្ញសហប្រជាជាតិ បានឡើយ។
ដូច្នេះ លោក សុខ ឥសាន្ត និងរដ្ឋាភិបាលនៃបក្សស៉ីភីភី គួរតែយល់ពីកាតព្វកិច្ចអន្តរជាតិ និងគោលការណ៍សកលនៃច្បាប់អន្តរជាតិ ស្តីពីសិទ្ធិមនុស្ស។ វាមិនខុសពីការចូលជាសមាជិកបក្សស៉ីភីភី ក៏តម្រូវឲ្យគោរពលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងបក្សនេះអញ្ចឹងដែរ។
បើមិនចង់ឲ្យជាប់កាតព្វកិច្ចអន្តរជាតិ ស្ថិតក្រោមត្រួតពិនិត្យពីយន្តការអន្តរជាតិ និងការរិះគន់ពីការមិនគោរពតាមកាតព្វកិច្ចអន្តរជាតិ រដ្ឋាភិបាលបក្សស៉ីភីភី អាចស្នើឲ្យរដ្ឋសភាឯកបក្សរបស់ខ្លួនអនុម័តលើសំណើសុំដកខ្លួនចេញពីច្បាប់អន្តរជាតិទាំងនោះ និងសមាជិកនៃអង្គការសហប្រជាជាតិ។
ប៉ុន្តែមិនមែនជាការព្រមានទេ តែបើហ៊ានធ្វើដូចនេះ ប្រទេសកម្ពុជានឹងវិលត្រឡប់ទៅរកទស្សវត្សរ៍ ឆ្នាំ1980 ដែលត្រូវស្ថិតនៅឯកោ និងហ៊ុមព័ទ្ធដោយទណ្ឌកម្មសេដ្ឋកិច្ច។
បើយល់មិនច្បាស់ទេ សួរទៅ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទៅ ព្រោះព្រះអង្គជាបណ្ឌិតច្បាប់អន្តរជាតិសាធារណៈ និងជាសាស្រ្តាចារ្យ ច្បាប់អន្តរជាតិទៀតផង តែប្រហែលជាលោកមិនហ៊ានបកស្រាយតាមច្បាប់សរសេរ និងថំណេះដឹងរបស់លោក ផងទេមិនដឹង!
ដូច្នេះល្មមឈប់យកពាក្យ “អធិបតេយ្យ” ឬ “ការមិនអាចជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋ” ជាលេសបំភ័ន្តភ្នែកប្រជាពលរដ្ឋខ្មែរទៀតទៅ!៕
ប្រភព ៖ Hok Ren
Pdach Mok
Thursday, December 28, 2017