Views
លោក គី ឫទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាធានីភ្នំពេញ បានចេញដីកាកោះ ឱ្យលោក ម៉ម សូណង់ដូ អតីតប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ឱ្យចូលបំភ្លឺ ក្នុងនាមជាសាក្សី នៃសំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ នៅតុលាការនាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ខាងមុខនេះ។ នេះបើតាមដីកាកោះ ដែលចុះកាលបរិច្ឆេទកាលពីថ្ងៃទី២២ ធ្នូ ឆ្នាំ២០១៧។
ដីកាកោះរបស់លោក គី ឫទ្ធី បានតម្រូវឱ្យលោក ម៉ម សូណង់ដូ ចូលបំភ្លឺនៅម៉ោង ០៨:៣០ នាទីព្រឹក នៅបន្ទប់ «គ» ជាន់ទី៣ នៃសាលាដំបូងរាជធានីភ្នំពេញ អំពីដំណើររឿង សន្និដ្ឋិភាពជាមួយបរទេស ប្រព្រឹត្តដោយលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ។ លោក ម៉ម សូណង់ដូ ត្រូវចូលខ្លួនឱ្យទាន់ពេលវេលា និងយកលិខិតផ្សេងៗ ដែលទាក់ទងនឹងរឿងនេះ ទៅជាមួយផងដែរ។
សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ ស៊ើសួរជាបន្តបន្ទាប់នៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ដោយពុំអនុញ្ញាឱ្យអ្នកផ្សេងចូលសួរសុខទុក្ខលោក កឹម សុខា ក្រៅពីមេធាវី និងក្រុមគ្រួសារឡើយ។ លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅគេហដ្ឋានរបស់លោកស្ថិតនៅខណ្ឌទួលគោក នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៣ខែកញ្ញាឆ្នាំ២០១៧ បន្ទាប់ពីមានការបែកធ្លាយនូវវីដេអូមួយ បង្ហាញថា លោកបានអនុវត្តតាមការបង្គាប់បញ្ជារបស់បរទេស ដើម្បីអនុវត្តការងារនៅកម្ពុជាដោយយកគំរូតាមប្រទេសយូហ្គោស្លាវី និងស៊ែមប៊ី។
រាជរដ្ឋាភិបាល បានចាត់ទុកថា ទង្វើរបស់ លោក កឹម សុខា គឺជាទង្វើក្បត់ជាតិ ដែលចង់ផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ ដោយមិនអាចអត់ឱនឱ្យបាន។ ប៉ុន្តែគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ខ្លួនឯងផ្ទាល់ បានដិសេធការចោទប្រកាន់នេះ។ ករណីចាប់ខ្លួនលោក កឹម សុខា នេះដែរ អង្គការជាតិ និងអន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ទទូចឱ្យរដ្ឋាភិបាលកម្ពុជា ដោះលែងលោក កឹម សុខា ឱ្យមានសេរីភាពឡើងវិញដោយឥតលក្ខខណ្ឌផងដែរ៕
ប្រភព ៖ វាយោ
Pdach Mok
Thursday, December 28, 2017