Views
ខណៈដែលសេចក្តីព្រាងច្បាប់ការពារសាក្សីបានសម្រេច ៩០ ភាគរយហើយនោះអង្គភាពប្រឆាំងអំពើពុករលួយ ACU បានរិះគន់អង្គការតម្លាភាពពីរឿងមិនបានចូលរួមបង្កើតច្បាប់នេះឲ្យបានពេញលេញ និងពីរឿងដាក់ពិន្ទុកម្រិតអំពើពុករលួយកម្ពុជាអន់ជាងប្រទេសមីយ៉ាន់ម៉ា។
សេចក្តីព្រាងច្បាប់ការការពារសាក្សីបានសម្រេចប្រមាណជា ៩០ ភាគរយហើយដោយមានការចូលរួមពិនិត្យ និងពិគ្រោះយោបល់ជាច្រើនពីស្ថាប័នរដ្ឋ វិស័យឯកជនអ្នកសារព័ត៌មាន ស្ថានទូត និងដៃគូអភិវឌ្ឍន៍ដូចជាអង្គការក្រៅរដ្ឋាភិបាលជាដើម។ នេះបើតាមលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន (ACU) ដែលបានថ្លែងក្នុងសិក្ខាសាលាជាមួយអ្នកសារព័ត៌មានកាលពីថ្ងៃទី ២៥ ខែធ្នូ។
សេចក្តីព្រាងនេះត្រូវបានបញ្ជូនទៅឲ្យក្រសួងយុត្តិធម៌ដើម្បីជួយពិនិត្យ និងផ្តល់យោបល់ហើយនៅសប្តាហ៍ក្រោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា និង ACU គ្រោងនឹងជួបគ្នាដើម្បីពិភាក្សាចំណុចដែលពាក់ព័ន្ធទៅនឹងការកំណត់ទោសទណ្ឌ។
លោក យ៉ិនទៀង ថ្លែងថា៖ «ឥឡូវនេះជាដំណាក់កាលមួយយើងជជែកគ្នាចប់ហើយ។ នៅតែពាក់ព័ន្ធនឹងទោសទេ។ ជាប់គុកប៉ុន្មាន? ។ ស្រុកណាក៏ដោយ ឲ្យតែពាក់ព័ន្ធទោសគេប្រគល់ឲ្យក្រសួងយុត្តិធម៌មើលចុងក្រោយហើយ ទើបយើងអាចស្នើទៅរដ្ឋសភាបាន។ អ៊ីចឹងក្រសួងយុត្តិធម៌ក៏ចូលជាមួយយើងពីអើយ។ [យើង] ចង់បានស្អាតហើយក្រសួងយុត្តិធម៌មើលទៀតផ្នែកទោស»។
ACU បានឲ្យដឹងថាសេចក្តីព្រាងច្បាប់ពីការការពារសាក្សីគឺមានគោលដៅលើកកម្ពស់ ប្រសិទ្ធភាពយុត្តិធម៌ និងការបង្ក្រាបបទល្មើស ធានាសុវត្ថិភាពផ្ទាល់ខ្លួនដល់សាក្សី និងបុគ្គលរាយការណ៍។ សាក្សីជាតួអង្គសំខាន់មួយ ហើយបើគ្មានសាក្សីក៏មិនអាចចេះតែធ្វើការចោទប្រកាន់បានដែរ។
ការរៀបចំធ្វើសេចក្តីព្រាងច្បាប់ការពារសាក្សីត្រូវបានធ្វើឡើងតាមការសម្រេចរបស់រាជរដ្ឋាភិបាលក្នុងឆ្នាំ ២០១៥ ដែលស្របតាមលទ្ធផលនៃការត្រួតពិនិត្យការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយនៅកម្ពុជា។
ក្នុងសិក្ខាសាលានោះក៏មានការលើកឡើងផងដែរថាអង្គការតម្លាភាពកម្ពុជា(TI Cambodia) បានជំរុញឲ្យមានការបញ្ចប់សេចក្តីព្រាងនេះឲ្យបានឆាប់ផងដែរ។ ទាក់ទងនឹងចំណុចនេះលោក យ៉ិនទៀង បានរិះគន់អង្គការនេះថា មិនបានជួយជ្រោមជ្រែងក្នុងការបង្កើតច្បាប់នេះឲ្យគ្រប់គ្រាន់នោះទេ។
លោក ថ្លែងដូច្នេះថា៖ «លោក TI លំ។ ខ្ញុំមិននិយាយហែកកេរ្តិ៍ទេ។ ចំណុចខ្លះមិនរវល់ទៀត។ គាត់អត់រវីរវល់មកជួយផង។ រួចអាហ្នឹងយកបុង [ស្នាដៃ] ស្អី! មកសួរឲ្យគេជំរុញអី! ក្រែងខ្លួនមានកង់មួយដែរ [កាតព្វកិច្ច] ហើយដោះកង់ខ្លួនឯងចេញ»។
លោកបន្តថា៖ «យើងមិនអាចរង់ចាំគាត់ទេ។ តែគាត់ធ្វើឲ្យយើងមានការលំបាក ព្រោះអង្គការសហប្រជាជាតិក៏ចូលទូតអាមេរិកក៏ចូល ទូតផ្សេងៗក៏ចូល...អ្នកមានបំពង់កស្រែកនោះមិនបានជួយយើងខ្ញុំប៉ុន្មាននោះទេ ដំណាក់កាលហ្នឹង»។
លើសពីនោះលោក យ៉ិនទៀង ក៏បានយកឱកាសនោះធ្វើការរិះគន់អង្គការតម្លាភាពអន្តរជាតិ (TI) ផងដែរពីការដាក់ពិន្ទុកម្រិតអំពើពុករលួយឲ្យប្រទេសនីមួយៗដែល ACU ចាត់ទុកថាគ្មានតម្លាភាពដែលបណ្តាលឲ្យប៉ះពាល់កិត្តិយសដូចជាប្រទេសកម្ពុជាជាដើម។
លោកលើកជាឧទាហរណ៍ថា ស្ថានភាពពុករលួយក្នុងប្រទេសភូមាអាក្រក់ជាងកម្ពុជា។ ប៉ុន្តែ TI បានផ្តល់ពិន្ទុឲ្យភូមាល្អជាងកម្ពុជាទៅវិញនាពេលថ្មីៗនេះ។
លោកថា ភូមា មានប្រជាធិបតេយ្យក្មេងខ្ចីដែលទើបតែប៉ុន្មានខែក្រោយបោះឆ្នោតសោះក៏មានទីប្រឹក្សាប្រធានាធិបតីភូមាម្នាក់បាននិយាយទៅកាន់អន្តរជាតិឲ្យខាងកម្ពុជាគួរតែរៀនសូត្រពីភូមាទៅវិញ។
លោក យ៉ិនទៀង ថ្លែងថា៖ «នេះមិនមែន TI ទេសុំប្រាប់។ TI ដាក់ពិន្ទុបានលេខប៉ុន្មាន។ វាមិនមែនជាយន្តការអន្តរជាតិទេ។ ជា NGO មួយសោះហើយតាំងខ្លួនជាអន្តរជាតិ។ អន្តរជាតិគ្មានអីក្រៅពី UN នោះទេ»។ «វិធីដាក់ពិន្ទុ TI គឺវិធីប្រឈមមុខដាក់គ្នា។ ឥឡូវភូមាគេឲ្យពិន្ទុធំជាងយើង។ យើងមិនចាញ់បោកទេអ្នកណាដាក់ពិន្ទុប៉ុន្មាន។ រឿងអីឲ្យពិន្ទុប្រទេសនេះគ្រាន់បើជាងយើង បើវាស្អុយរលួយជាងយើង»។
លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាបានឲ្យដឹងថា TI មិនបានសួរ និងយកយោបល់ពីអង្គការតម្លាភាពកម្ពុជាទេក្នុងការដាក់ពិន្ទុនេះ។ ការដាក់ពិន្ទុនេះគឺធ្វើឡើងទៅតាមក្បួនខ្នាតវិទ្យាសាស្ត្រត្រឹមត្រូវដោយប្រើរូបមន្តដូចៗគ្នាលើប្រទេសចំនួន ១៧៦ នៅលើពិភពលោក។ ក្នុងនោះរួមមានការយកទិន្នន័យមតិរបស់អ្នកជំនាញ និងស្ថាប័នដែលមានកេរ្តិ៍ឈ្មោះដូចជាធនាគារពិភពលោកធនាគារអភិវឌ្ឍន៍អាស៊ី និងគម្រោងយុត្តិធម៌ពិភពលោកជាដើម។
លោកថ្លែងថា៖ «ការសិក្សាបែបនេះគេយោងទៅលើប្រភពទិន្នន័យច្បាស់លាស់ដែលអាចជឿទុកចិត្តបាន។ ដូច្នេះគ្មានអ្វីដែលយើងអាចធ្វើការកែប្រែបានទេ។ ខ្ញុំផ្ទាល់ជាខ្មែរ មិនចង់ឃើញពិន្ទុកម្ពុជាយើងទាបទេ ហើយក៏កាន់តែមិនចង់ឃើញទាបជាងភូមាទៀត»។
លោកបន្តថា កត្តាដែលទាញពិន្ទុកម្ពុជាឲ្យទាបនោះគឺប្រព័ន្ធយុត្តិធម៌សង្គម ខណៈដែលពិន្ទុកត្តាផ្សេងៗទៀតល្អ និងវិជ្ជមាន។
ដោយឡែកចំពោះការចូលរួមក្នុងដំណើរការបង្កើតច្បាប់នោះវិញលោក ព្រាប កុល បានឲ្យដឹងថាអង្គការតម្លាភាពកម្ពុជាបានចាប់ផ្តើមធ្វើការងារនេះរហូតដល់រដ្ឋាភិបាលសម្រេចបង្កើតច្បាប់នេះ។ នៅពេល ACU ទទួលភារកិច្ចដឹកនាំបង្កើតច្បាប់នោះអង្គការតម្លាភាពកម្ពុជាបានបញ្ជូនអ្នកឯកទេសច្បាប់ ១ រូបចូលរួមធ្វើការជាមួយនឹងក្រុមការងាររបស់ ACU ជាប្រចាំ។
លោកថ្លែងថា៖ «ខ្ញុំមិនដឹងថាយើងអាចធ្វើអីបានទៀតក្រៅពីបញ្ជូនអ្នកឯកទេសច្បាប់ឲ្យចូលរួមក្នុងការស្រាវជ្រាវផ្តល់គំនិតយោបល់ក្នុងច្បាប់ហ្នឹង។ គាត់ចូលរួមធ្វើការជាប្រចាំជាមួយ ACU ។ អ្វីដែលយើងផ្តល់យោបល់ដាក់ចូលក្នុងច្បាប់ហ្នឹងគឺត្រូវបានទទួលយកមួយចំណែកតូច»។
ក្រៅពីនោះអង្គការតម្លាភាពក៏បានសរសេរលិខិតផ្តល់អនុសាសន៍លើសេចក្តីព្រាងច្បាប់នោះផងដែរ៕
ប្រភព ៖ ភ្នំពេញប៉ុស្តិ៍
Pdach Mok
Wednesday, December 27, 2017