Views
តំណាងរាស្ត្រនៃសហរដ្ឋអាមេរិក ពីខាងគណបក្សប្រជាធិបតេយ្យ លោក អាឡាន់
ឡូវ៉ិនថល (Alan Lowenthal) បានសន្យាថា
សហរដ្ឋអាមេរិកនឹងជំរុញឲ្យមានអ្នកសង្កេតការណ៍បោះឆ្នោតជាតិ
និងអន្តរជាតិឲ្យច្រើនសម្រាប់ដំណើរការបោះឆ្នោតនៅពេលខាងមុខ។
ក្នុងជំនួបមួយនៅរដ្ឋធានីវ៉ាស៊ីនតោន
ជាមួយតំណាងរាស្ត្រខ្មែរពីខាងគណបក្សប្រឆាំង គឺលោក ញ៉យ ចំរើន
កាលពីព្រឹកថ្ងៃពុធ ទី២៨ ខែកញ្ញា តំណាងរាស្ត្រសហរដ្ឋអាមេរិក រូបនេះ
ក៏បញ្ជាក់ថា
លោកនឹងពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
ហើយប្ដេជ្ញាគាំទ្រយ៉ាងពេញទំហឹងនូវសេចក្ដីព្រាងច្បាប់ស្ដីពីការដាក់ទណ្ឌកម្មរដ្ឋាភិបាលបរទេសដែលរំលោភសិទ្ធិមនុស្ស។
វត្តមានរបស់លោក ញ៉យ ចំរើន នៅសហរដ្ឋអាមេរិក
លើកនេះគឺដើម្បីប្ដឹងលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត
ពីបទប៉ុនប៉ងមនុស្សឃាត។ លោកបញ្ជាក់ថា
លោកប្ដឹងមេដឹកនាំរដ្ឋាភិបាលកម្ពុជា ក្នុងនាមលោកជាពលរដ្ឋអាមេរិកាំង
ហើយដែលគ្មានពាក់ព័ន្ធជាមួយគណបក្សប្រឆាំងនៅកម្ពុជា នោះឡើយ។
ក្រោយជំនួបជាមួយលោក អេដ រ៉យ (Ed Royce) តំណាងរាស្ត្រសហរដ្ឋអាមេរិក
ពីខាងគណបក្សសាធារណរដ្ឋនិយមដ៏មានឥទ្ធិពលកាលពីថ្ងៃពុធ នេះដែរ
លោក ញ៉យ ចំរើន ឲ្យដឹងថា តំណាងរាស្ត្រអាមេរិក
រូបនេះនឹងទូរស័ព្ទផ្ទាល់ទៅអគ្គរដ្ឋទូតសហរដ្ឋអាមេរិក
ប្រចាំនៅកម្ពុជា ដើម្បីឲ្យផ្ញើសារទៅលោក ហ៊ុន សែន
ឲ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញមកលើគណបក្សសង្គ្រោះជាតិ។
លោកបន្តថា លោក អេដ រ៉យ
ក៏នឹងទូរស័ព្ទទៅឧបការីរងរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក
ដើម្បីឲ្យចេញសេចក្ដីថ្លែងការណ៍ព្រមានរដ្ឋាភិបាលលោក ហ៊ុន សែន
ជុំវិញការបន្តរំលោភសិទ្ធិមនុស្ស និងរំលោភគោលការណ៍ប្រជាធិបតេយ្យ។
លើសពីនេះទៅទៀត លោក អេដ រ៉យ អះអាងថា
ក្រុមរបស់លោកនឹងត្រៀមជួយខាងផ្នែកមេធាវីដើម្បីប្ដឹងលោក ហ៊ុន សែន
នៅតុលាការសហរដ្ឋអាមេរិក នេះ៕
Source :
rfa
Pdach Kar
Thursday, September 28, 2017