Views
សហគមន៍អឺរ៉ុប បានបោះឆ្នោតដោយឯកច្ឆន្ទលើសេចក្ដីសម្រេចចាត់វិធានការទណ្ឌកម្មធ្ងន់ៗ លើរដ្ឋាភិបាលលោក ហ៊ុន សែន ដែលនឹងប៉ះពាល់ដល់វិស័យឧស្សាហកម្មកាត់ដេរសំលៀកបំពាក់ និងស្បែកជើង ដែលមានកម្មករជិតមួយលាននាក់ និងវិស័យពាណិជ្ជកម្មធំៗដទៃទៀត ព្រមទាំងការកាត់ផ្ដាច់ជំនួយផងដែរ។ ទណ្ឌកម្មនេះ គឺជាសារព្រមានទៅដល់លោក ហ៊ុន សែន ថា បើនៅតែមិនព្រមស្តារស្ថានភាពរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញនោះទេ គឺពលរដ្ឋខ្មែរទូទាំងនគរនឹងរងទុក្ខជាក់ជាមិនខាន។
វិធានការដាក់ទណ្ឌកម្មរបស់សហគមន៍អឺរ៉ុប ក្នុងសេចក្ដីសម្រេចដែលត្រូវបានអនុម័ត ក្នុងកិច្ចប្រជុំពេញអង្គសភាអឺរ៉ុប កាលពីថ្ងៃទី១៤ ខែធ្នូ គឺជាយន្តការប្រឆាំងទៅនឹងរដ្ឋាភិបាលលោក ហ៊ុន សែន ដែលរំលោភសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា។ ក្នុងសេចក្ដីសម្រេចនេះ គឺសភាអឺរ៉ុប ស្នើឲ្យរដ្ឋាភិបាលសហគមន៍អឺរ៉ុបទាំងអស់ ដកប្រព័ន្ធអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្មជាមួយកម្ពុជា រួមទាំងការនាំចេញផលិតផលពីវិស័យរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង និងទំនិញដទៃទៀតជាបណ្ដោះអាសន្នសិន។ សេចក្ដីសម្រេចនេះសង្កត់ធ្ងន់ថា រដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវចងចាំថា កិច្ចព្រមព្រៀងនៃការអនុគ្រោះពន្ធនាំចេញផលិតផលពីកម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុបនេះ អាចបន្តទៅទៀតបានតែក្នុងករណីដែលរដ្ឋាភិបាលគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យតែប៉ុណ្ណោះ។
លើសពីនេះទៅទៀត ស្ថាប័នកិច្ចការបរទេសសហភាពអឺរ៉ុបនៅក្រៅប្រទេសទាំងអស់ រួមទាំងគណៈកម្មការផ្សេងៗដែលពាក់ព័ន្ធផង ត្រូវរៀបចំបញ្ជីឈ្មោះជនទាំងឡាយដែលចូលដៃក្នុងការរម្លាយគណបក្សសង្គ្រោះជាតិ និងរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យធ្ងន់ធ្ងរ ដើម្បីបង្កកទ្រព្យសម្បត្តិ និងហាមឃាត់មិនឲ្យចូលសហគមន៍អឺរ៉ុប និងបង្គាប់ឲ្យប្រធានសភាអឺរ៉ុប បញ្ជូនសេចក្ដីសម្រេចនេះទៅគណៈកម្មការ ក្រុមប្រឹក្សា ស្ថាប័នកិច្ចការបរទេសសហភាពអឺរ៉ុប នៅក្រៅប្រទេសទាំងអស់ រដ្ឋជាសមាជិករដ្ឋាភិបាល និងរដ្ឋសភាកម្ពុជា និងរដ្ឋាភិបាលប្រទេសអាស៊ានទាំងអស់ផងដែរ។
សមាជិកសភាអឺរ៉ុប ដែលចូលរួមបោះឆ្នោតអនុម័តសេចក្ដីសម្រេចនេះ សុទ្ធតែយល់ស្របទៅលើការដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរនេះ ព្រោះពួកគាត់សង្កេតឃើញថា រដ្ឋាភិបាលលោក ហ៊ុន សែន បានប្រព្រឹត្តបំពានទៅនឹងលក្ខខណ្ឌដែលទទួលបានការអនុគ្រោះពន្ធពីសហគមន៍អឺរ៉ុប ដោយសារតែចំណាត់ការរបស់រដ្ឋាភិបាលក្នុងការធ្វើទុក្ខបុកម្នេញគណបក្សសង្គ្រោះជាតិ យ៉ាងដំណំ រហូតដល់ការរម្លាយគណបក្សប្រឆាំង ការចាប់ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដាក់ពន្ធនាគារ និងការធ្វើទុក្ខបុកម្នេញលើអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជាដើម។
ទណ្ឌកម្មពីអន្តរជាតិលើរដ្ឋាភិបាលលោក ហ៊ុន សែន បានចាប់ផ្ដើមដាក់ជាហូរហែ ក្រោយពីរដ្ឋាភិបាលធ្វើព្រងើយកន្តើយទៅនឹងកង្វល់ និងសំណូមពររបស់សហគមន៍អន្តរជាតិ ដែលបានព្រមាន និងទុកឱកាសឲ្យពិចារណាឡើងវិញ។ នៅមុនចេញសេចក្ដីសម្រេចដាក់ទណ្ឌកម្មបន្ថែមនេះ សហគមន៍អឺរ៉ុប ទើបតែបានកាត់ផ្ដាច់ជំនួយទាំងអស់ទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ ចំណែកឯសហរដ្ឋអាមេរិកវិញ ដែលបានកាត់ផ្ដាច់ជំនួយផ្នែកបោះឆ្នោតនេះដែរ ក៏ពន្លឿនចំណាត់ការដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជា បន្ថែមទៀត។ ក្រោយកាត់ផ្ដាច់ជំនួយផ្នែកបោះឆ្នោត ជំហានបន្ទាប់មកទៀត គឺរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានសម្រេចបិទទិដ្ឋាការដល់មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា និងក្រុមគ្រួសារ ដែលមានជាប់ពាក់ព័ន្ធការរំលោភសិទ្ធិមនុស្ស និងការបំផ្លាញលទ្ធិប្រជាធិបតេយ្យ មិនអោយជាន់ដីសហរដ្ឋអាមេរិក។ ឥឡូវនេះ សហរដ្ឋអាមេរិក កំពុងស្រង់បញ្ជីឈ្មោះបុគ្គល មន្ត្រីរដ្ឋាភិបាល និងក្រុមហ៊ុនសាជីវកម្ម ដើម្បីឈានទៅបង្កក និងរឹបអូសទ្រព្យសម្បត្តិ និងបញ្ឈប់កិច្ចសន្យាពាណិជ្ជកម្ម ព្រមទាំងផ្អាកការអនុគ្រោះពន្ធនាំចេញផលិតផលពីកម្ពុជា ទៅទីផ្សារអាមេរិកផងដែរ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានហៅវិធានការទាំងឡាយខាងលើជាវិធានការព្រៃផ្សៃ ធ្វើតាមតែអំពើចិត្ត ទៅតាមមហិច្ឆតារបស់ខ្លួនប៉ុណ្ណោះ។ លោកចាត់ទុកទណ្ឌកម្មពីអន្តរជាតិ ថាគ្មានផ្អែកលើគោលការណ៍ច្បាប់អ្វីច្បាស់លាស់នោះទេ។
ទោះជាយ៉ាងនេះក្តី ទាំងសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក សុទ្ធតែបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ណាស់ថា ចំណាត់ការដាក់ទណ្ឌកម្មនេះ គឺដោយសារតែទង្វើរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យយ៉ាងធ្ងន់ធ្ងរ ដែលរដ្ឋាភិបាលលោក ហ៊ុន សែន បានប្រព្រឹត្តមកលើគណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជានេះឯង។ សហគមន៍អន្តរជាតិ នៅតែអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា ពិចារណាឡើងវិញឲ្យបានឆាប់ ដើម្បីស្តារស្ថានការណ៍ដុនដាបបច្ចុប្បន្នឲ្យវិលទៅរកភាពល្អប្រសើរឡើងវិញ ដើម្បីបើកផ្លូវឲ្យមានការបោះឆ្នោតមួយដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងមានការចូលរួមដោយពេញពេញពីគណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងត្រូវដោះលែងលោក កឹម សុខា និងអ្នកទោសនយោបាយដទៃទៀតជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ បើមិនចង់ឲ្យមានទណ្ឌកម្មបែបនេះ៕
Pdach Mok
Friday, December 15, 2017