Views
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ប្រតិកម្មចំពោះក្រុមបាតុករនៅក្រៅប្រទេសដែលធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលកម្ពុជា ថាជារឿងរំលោភលទ្ធិប្រជាធិបតេយ្យ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
ការបញ្ចេញប្រតិកម្មនេះ នៅស្របពេលចលនាធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលកម្ពុជា នៅក្រៅប្រទេសបានកើតមានផុសផុល ក្រោយពីចាប់ខ្លួនលោក កឹម សុខា និងរំលាយគណបក្សប្រឆាំងដែលពួកបាតុករទាមទារឲ្យលោក ហ៊ុន សែន ត្រូវដោះលែងលោក កឹម សុខា និង ត្រូវឲ្យមានវត្តមានបក្សប្រឆាំងដ៏ធំជាងគេឡើងវិញសម្រាប់ចូលរួមការបោះឆ្នោតឆ្នាំ២០១៨ ខាងមុខ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានចាត់ទុកការធ្វើបាតុកម្មរបស់ពលរដ្ឋខ្មែរនៅក្រៅស្រុក ថាជាសកម្មភាពរំលោភនីតិរដ្ឋ និងប្រជាធិបតេយ្យនៅកម្ពុជា។
លោក សុខ ឥសាន បានសរសេរនៅលើតេឡេក្រាម (Telegram) នៅថ្ងៃទី១១ ខែធ្នូ ថា ការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងរំលាយគណបក្សសង្គ្រោះជាតិ គឺជាការសម្រេចដោយតុលាការ ហើយការធ្វើបាតុកម្មប្រឆាំងនឹងការសម្រេចរបស់តុលាការនេះ គឺជាការរំលោភសមត្ថកិច្ចរបស់តុលាការកំពូល និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
ការលើកឡើងរបស់លោក សុខ ឥសាន នេះ ជាការឆ្លើយតបភ្លាមៗ ចំពោះពលរដ្ឋខ្មែរមកពីគ្រប់រដ្ឋនៃសហរដ្ឋអាមេរិក កាណាដា និងបារាំង កាលពីថ្ងៃទី១០ ខែធ្នូ ដែលត្រូវនឹងទិវាសិទ្ធិមនុស្សអន្តរជាតិ បាននាំគ្នាធ្វើបាតុកម្មនៅមុខសេតវិមាន និងបានដង្ហែឆ្ពោះទៅកាន់ស្ថានទូតខ្មែរដើម្បីទាមទារឲ្យដោះលែងលោក កឹម សុខា ទាមទារឲ្យលោក សម រង្ស៊ី វិលចូលទៅធ្វើនយោបាយនៅកម្ពុជាវិញ និងទាមទារឲ្យលោក ហ៊ុន សែន ឈប់ធ្វើទុក្ខបុកម្នេញបក្សប្រឆាំងដោយត្រូវឲ្យមានវត្តមានគណបក្សសង្គ្រោះជាតិ ចូលរួមក្នុងការបោះឆ្នោតនៅពេលខាងមុខ ។
អ្នកវិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ការធ្វើបាតុកម្មរបស់ពលរដ្ឋខ្មែរនៅក្រៅស្រុក គឺជារឿងត្រឹមត្រូវ ផ្ទុយទៅវិញ ទង្វើរបស់រដ្ឋាភិបាលបច្ចុប្បន្ននេះទៅវិញទេ ដែលជាទង្វើរំលោភនីតិរដ្ឋ ប្រជាធិបតេយ្យ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នោះ ។
ពលរដ្ឋខ្មែរនៅក្រៅប្រទេសបានធ្វើបាតុកម្មប្រឆាំងលោក ហ៊ុន សែន ជាបន្តបន្ទាប់ រួមមានប្រទេសកាណាដា (Canada) បារាំង (France) អូស្ត្រាលី (Australia) នូវែលហ្សេឡង់ (New Zealand) ជប៉ុន អាល្លឺម៉ង់ និងនៅសហរដ្ឋអាមេរិក។ ក្រុមបាតុករតវ៉ានៅមុខសាលាក្រុង ឬមុខអគាររដ្ឋាភិបាលក្នុងរដ្ឋរៀងៗខ្លួនយ៉ាងផុសផុល ដោយថ្កោលរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន និងបានទាមទារឲ្យរដ្ឋាភិបាលដែលខ្លួនកំពុងរស់នៅដាក់គំនាបសេដ្ឋកិច្ចលើក្រុមគ្រួសារមន្ត្រីរដ្ឋាភិបាលជាដើម។
ការធ្វើបាតុកម្មនៅមុខសេតវិមាន កាលពីថ្ងៃទី១០ ខែធ្នូ ក៏មានវត្តមានថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ និងតំណាងរាស្ត្រមួយចំនួន ព្រះសង្ឃ និងតំណាងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ដែលមានមនុស្សជាង ១ពាន់ចូលរួមដែរ។ អគ្គលេខាធិការគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ មានប្រសាសន៍ថា លោក ហ៊ុន សែន មិនអាចធ្វើអ្វីៗស្រេចតែចិត្តបន្តទៀតបានទេ។ លោកថា រដ្ឋាភិបាលកម្ពុជានឹងប្រឈមបញ្ហាលំបាកនៃគំនាបពីគ្រប់មជ្ឈដ្ឋាន បើសិនជាលោក ហ៊ុន សែន មិនកែប្រែស្ថានការណ៍ឲ្យវិលទៅប្រក្រតីវិញទេនោះ ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ បានហៅចលនាធ្វើបាតុកម្មរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសនៅពេលនេះ ថាមិនខុសពីពលរដ្ឋនៅប្រទេសមួយចំនួនទៀតទេដែលមេដឹកនាំផ្ដាច់ការចាប់ខ្លួនមេបក្សប្រឆាំង ដូចជានៅមីយ៉ាន់ម៉ា (ភូមា) ជាដើម ហើយចលនាបាតុកម្មរបស់រដ្ឋនៅក្រៅប្រទេសនោះ គឺមានឥទ្ធិពលលើមេដឹកនាំផ្ដាច់ការទាំងនោះ នៅទីបញ្ចប់របបផ្ដាច់ការទាំងត្រូវបានរំលាយ៖ «»។
ប្រទេសមហាអំណាចធំៗបានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសលោក ហ៊ុន សែន ជាបន្តបន្ទាប់ ក្រោយពីចាប់ខ្លួនលោក កឹម សុខា និងរំលាយគណបក្សសង្គ្រោះជាតិ ក្នុងនោះមានសហភាពអន្តរសភាហៅកាត់ថា IPU ដែលមានសមាជិកមកពី ១៧៣ប្រទេសនៅលើសកលលោក ភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) អូស្ត្រាលី ប្រទេសស៊ុយអែត សហភាពអឺរ៉ុប ប្រទេសបារាំង និងក្រសួងការបរទេសអាមេរិក បានបិទទិដ្ឋាការមន្ត្រីរដ្ឋាភិបាល ដែលចូលរួមបំផ្លាញលទ្ធិប្រជាធិបតេយ្យមិនឲ្យចូលទឹកដីអាមេរិក។
សមាជិកព្រឹទ្ធសភាអាមេរិក លោក ថិត គ្រូស (Ted Cruz) អបអរសាទររដ្ឋមន្ត្រីការបរទេសអាមេរិកលោក រិក ធីលលើសិន (Rex Tillerson) ដែលបានបិទទិដ្ឋាការមន្ត្រីរដ្ឋាភិបាលកម្ពុជា និងក្រុមគ្រួសារដែលពាក់ព័ន្ធការបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងការចាប់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដាក់ពន្ធនាគារយ៉ាងអយុត្តិធម៌។
សេចក្ដីថ្លែងការណ៍របស់លោក ថិត គ្រូស ចេញកាលពីថ្ងៃទី៨ ខែធ្នូ បញ្ជាក់ថា ការបិទទិដ្ឋាការមន្ត្រីរដ្ឋាភិបាល និងក្រុមគ្រួសារ ជាជំហានដំបូងដ៏មានប្រសិទ្ធភាពឆ្ពោះទៅស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ឡើងវិញ និងក៏ជាការឆ្លើយតបដ៏ចាំបាច់មួយចំពោះការកើនឡើងឥទ្ធិពលចិន នៅកម្ពុជា។
លោកបន្តថា លោក ហ៊ុន សែន មានជម្រើសដ៏សាមញ្ញមួយ គឺត្រូវដោះលែងលោក កឹម សុខា អនុញ្ញាតឲ្យលោក សម រង្ស៊ី អាចចូលស្រុកវិញបាន លុបចោលសាលដីការម្លាយគណបក្សសង្គ្រោះជាតិ និងលើកលែងការហាមឃាត់លើប្រព័ន្ធផ្សព្វផ្សាយ និងអនុញ្ញាតឲ្យមានសេរីភាពផ្នែកបញ្ចេញមតិពេញលេញ បើមិនដូច្នោះទេកម្ពុជា នឹងរកទណ្ឌកម្មរបស់សហរដ្ឋអាមេរិក បន្ថែមទៀត។
លោក ថិត គ្រូស សរសេរបន្ថែមទៀតថា ពលរដ្ឋកម្ពុជា សមតែទទួលបានមេដឹកនាំល្អ ជាជាងមេដឹកនាំជាបុរសខ្លាំង ផ្តាច់ការ។ លោកសន្យាថា សហរដ្ឋអាមេរិកនឹងមិនបង្អង់ដៃចំពោះការប្តេជ្ញាការពារសិទ្ធិសេរីភាពនោះទេ៕
ប្រភព ៖ អាស៊ីសេរី
Pdach Mok
Monday, December 11, 2017