Views
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា លោកគ្មានប្រាក់លាក់ទុកនៅបរទេសនោះទេ ដូច្នេះបើបរទេសណាចង់បង្កកប្រាក់មេដឹកនាំគណបក្សប្រជាជនកម្ពុជា ឬមន្ត្រីរដ្ឋាភិបាល លោកលើកទឹកចិត្តបន្ថែមឱ្យធ្វើរឿងនេះ។ លោក ហ៊ុន សែន ថ្លែងបែបនេះនៅក្នុងពិធីប្រគល់ប្រាក់រង្វាន់ដល់ក្រុមកីឡាករ កីឡាការិនី ដែលទទួលបានជយលាភីក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិ នៅឯវិមានសន្តិភាពរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ។
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ឌឺដងឱ្យសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ឱ្យបង្កកទ្រព្យសម្បត្តិរបស់លោក និងមន្ត្រីរដ្ឋាភិបាលផ្សេងទៀតឱ្យបានឆាប់រហ័ស ដោយលោកអះអាងថា លោកនិងមន្ត្រីរបស់លោកភាគច្រើនមិនមានទ្រព្យសម្បត្តិអ្វីនៅក្រៅប្រទេសនោះទេ។ លោក ហ៊ុន សែន បន្តអះអាងថា ទ្រព្យសម្បត្តិរបស់លោកអាចមើលឃើញនៅតាមវត្តអារាម សាលារៀន មណ្ឌលកុមារកំព្រា បណ្ណាល័យ ស្រះទឹក អណ្ដូងទឹក ស្ពាន និងផ្លូវថ្នល់ជាដើម។
លោក ហ៊ុន សែន ថ្លែងដូច្នេះ៖ «អ្នកខ្លះសង្ឃឹមពីការបង្កកទ្រព្យសម្បត្តិមេដឹកនាំកម្ពុជា នៅក្រៅប្រទេស សូមអញ្ជើញធ្វើទៅ! ខ្ញុំរុញឱ្យអ្នកឯងធ្វើដើម្បីរកឱ្យឃើញថា មេដឹកនាំកម្ពុជា ណាខ្លះមានលុយនៅក្រៅប្រទេស។ ខ្ញុំរុញឱ្យអ្នកឯងរឹប រឹបទៅ! វាមិនបានប៉ះក្បាល ហ៊ុន សែន ទេ កុំឆ្ងល់ ហើយគូសទៅ មនុស្សណាខ្លះដែលត្រូវហាមឃាត់មិនឱ្យចូលប្រទេសរបស់អ្នក បានតើ! នៅពេលដែលគេមិនហាមឃាត់ សួរថា មន្ត្រីទាំងអស់នេះត្រូវការទៅនៅស្រុកគេ ឬយ៉ាងណា?»។
ប្រតិកម្មរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ គឺជាការឆ្លើយតបនឹងសភាអឺរ៉ុប ដែលទើបនឹងបានសម្រេចអនុម័តវិធានការដាក់ទណ្ឌកម្មធ្ងន់ៗលើរដ្ឋាភិបាលរបស់លោក ដែលរំលោភសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា។
តាមរយៈសេចក្ដីសម្រេចមួយកាលពីថ្ងៃទី១៤ ខែធ្នូ កន្លងទៅ សភាអឺរ៉ុបស្នើឲ្យរដ្ឋាភិបាលនៃប្រទេសសហភាពអឺរ៉ុបទាំងអស់ដកប្រព័ន្ធអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្មជាមួយកម្ពុជា រួមទាំងការនាំចេញផលិតផលពីវិស័យរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង និងទំនិញដទៃទៀតជាបណ្ដោះអាសន្នសិន។ កិច្ចព្រមព្រៀងនៃការអនុគ្រោះពន្ធនាំចេញផលិតផលពីកម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុបនេះ នឹងអាចបន្តទៅទៀតបានតែក្នុងករណីដែលរដ្ឋាភិបាលគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យតែប៉ុណ្ណោះ។
លើសពីនេះទៅទៀត ស្ថាប័នកិច្ចការបរទេសសហភាពអឺរ៉ុប នៅក្រៅប្រទេសទាំងអស់ រួមទាំងគណៈកម្មការផ្សេងៗដែលពាក់ព័ន្ធផង ត្រូវរៀបចំបញ្ជីឈ្មោះជនទាំងឡាយដែលចូលដៃក្នុងការរំលាយគណបក្សសង្គ្រោះជាតិ និងរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យធ្ងន់ធ្ងរ ដើម្បីបង្កកទ្រព្យសម្បត្តិ និងហាមឃាត់មិនឲ្យចូលសហគមន៍អឺរ៉ុប និងបង្គាប់ឲ្យប្រធានសភាអឺរ៉ុប បញ្ជូនសេចក្ដីសម្រេចនេះទៅគណៈកម្មការក្រុមប្រឹក្សា ស្ថាប័នកិច្ចការបរទេសសហភាពអឺរ៉ុប នៅក្រៅប្រទេសទាំងអស់ រដ្ឋជាសមាជិករដ្ឋាភិបាល និងរដ្ឋសភាកម្ពុជា និងរដ្ឋាភិបាលប្រទេសអាស៊ានទាំងអស់ផងដែរ។ នៅមុនចេញសេចក្ដីសម្រេចដាក់ទណ្ឌកម្មបន្ថែមនេះ សហភាពអឺរ៉ុប ក៏ទើបតែបានផ្អាកជំនួយទាំងអស់ទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ផងដែរ។
ចំណែកសហរដ្ឋអាមេរិក ដែលបានកាត់ផ្ដាច់ជំនួយផ្នែកបោះឆ្នោតមកកម្ពុជា ដែរនោះ ក៏ពន្លឿនចំណាត់ការដាក់ទណ្ឌកម្មលើរដ្ឋាភិបាលកម្ពុជា បន្ថែមទៀតដែរ។ ជំហានបន្ទាប់របស់សហរដ្ឋអាមេរិក គឺការសម្រេចបិទទិដ្ឋាការដល់មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា និងក្រុមគ្រួសារដែលមានជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស និងការបំផ្លាញលទ្ធិប្រជាធិបតេយ្យ។ សហរដ្ឋអាមេរិក ក៏កំពុងស្រង់បញ្ជីឈ្មោះបុគ្គល មន្ត្រីរដ្ឋាភិបាល និងក្រុមហ៊ុនសាជីវកម្ម ដើម្បីឈានទៅបង្កក និងរឹបអូសទ្រព្យសម្បត្តិ និងបញ្ឈប់កិច្ចសន្យាពាណិជ្ជកម្ម ព្រមទាំងផ្អាកការអនុគ្រោះពន្ធនាំចេញផលិតផលពីកម្ពុជា ទៅទីផ្សារអាមេរិកផងដែរ។
បើទោះបីជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងជាសាធារណៈថា លោក និងមន្ត្រីរដ្ឋាភិបាលកម្ពុជា មិនមានទ្រព្យសម្បត្តិអ្វីលាក់នៅបរទេសក៏ដោយ តែកាលពីឆ្នាំ២០១៦ អង្គការឃ្លាំមើលពិភពលោក គ្លបល វីនេស (Global Witness) បានចេញផ្សាយរបាយការណ៍មួយដែលបង្ហាញថា ត្រកូល "ហ៊ុន" កំពុងក្ដោបក្ដាប់សេដ្ឋកិច្ចធំៗរបស់កម្ពុជា ដោយអំពើពុករលួយ រំលោភអំណាច និងរំលោភសិទ្ធិមនុស្សដើម្បីការពារអំណាចរបស់លោក ហ៊ុន សែន។
ក្នុងរបាយការណ៍កម្រាស់ជិត ៦០ទំព័រ ដែលមានចំណងជើងថា "ការក្ដោបយកវិនិយោគនៅកម្ពុជា" គ្លបល វីនេស រកឃើញថា គ្រួសារត្រកូល "ហ៊ុន" បានកាន់កាប់ផ្ទាល់ ឬកាន់កាប់ដោយផ្នែកក្នុងក្រុមហ៊ុនជាច្រើនដែលមានដើមទុនចុះបញ្ជីជាង ២០០លានដុល្លារសហរដ្ឋអាមេរិក ហើយបានដាក់ភាគហ៊ុនជាមួយក្រុមហ៊ុនបរទេសដែលមានយីហោល្បីៗដូចជា Apple, Unilever, Visa, Nestle, Honda និងក្រុមហ៊ុនចំនួន ១១៤ផ្សេងទៀតនៅក្នុងប្រទេស។
ចំនួនទឹកប្រាក់ជាង ២០០លានដុល្លារនេះ ជាចំនួនទឹកប្រាក់ដែលដាក់ចេញអោយឃើញក្នុងក្រុមហ៊ុនរបស់ត្រកូល "ហ៊ុន" ដែលបានចុះបញ្ជីក្នុងក្រសួងពាណិជ្ជកម្ម ប៉ុន្តែអង្គការ គ្លបល វីនេស អះអាងថា ពួកគេមានភាគហ៊ុនច្រើនជាងនេះ ហើយដែលមិនប្រកាសឲ្យដឹងជាតម្លាភាព ប៉ុន្តែប្រើអ្នកក្លែងក្លាយ និងជ្រកក្រោមផ្លាកក្រុមហ៊ុនផ្សេងៗ។
ចំណែកឯមន្ត្រីជាន់ខ្ពស់មួយរូបរបស់លោក គឺលោក អង្គ វង្សវឌ្ឍានា ដែលជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏មានពាក់ព័ន្ធនឹងជំនួញរកស៊ីនៅក្រៅប្រទេសដែរ។ តាមរយៈឯកសារប៉ាណាម៉ា (Panama Paper) ដែលបានលេចធ្លាយកាលពីឆ្នាំ២០១៦ លោក អង្គ វង្សវឌ្ឍានា មានភាគហ៊ុនក្នុងក្រុមហ៊ុនមួយឈ្មោះ អ.ស៊ី.ឌី អ៊ីនធឺណេសិណល លីមីធីត (RCD International Limited) មានមូលដ្ឋាននៅ ប្រ៊ីដធីស វឺជិន អាយឡេន (British Virgin Islands) ដែលលោក អង្គ វង្សវឌ្ឍានា ព្យាយាមលាក់បាំង។
អ្នកវិភាគបានលើកឡើងថា ការដាក់ទណ្ឌកម្មណាមួយទៅលើរដ្ឋាភិបាលលោក ហ៊ុន សែន អាចមិនប៉ះពាល់ដោយផ្ទាល់ទៅលើលោក ហ៊ុន សែន ជាលក្ខណៈបុគ្គលក៏ពិតមែន ប៉ុន្តែ មន្ត្រីក្នុងជួររដ្ឋាភិបាលដែលមានភាគហ៊ុនជំនួញជាច្រើន នឹងប៉ះពាល់យ៉ាងដំណំ។ មិនតែប៉ុណ្ណោះ កំណើនសេដ្ឋកិច្ចកម្ពុជា ក៏នឹងប្រឈមការធ្លាក់ចុះ។ ចំណែកវិស័យរោងចក្រកាត់ដេរ ដែលមានកម្មករជិត ១លាននាក់ ក៏នឹងរងផលប៉ះពាល់យ៉ាងខ្លាំង ប្រសិនបើរដ្ឋាភិបាលលោក ហ៊ុន សែន នៅតែព្រងើយកន្តើយមិនធ្វើតាមសំណូមពរអន្តរជាតិ ដែលស្នើឲ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ជាថ្នូរនឹងការដកទណ្ឌកម្មវិញនោះទេ៕
ប្រភព ៖ អាស៊ីសេរី
Pdach Mok
Friday, December 15, 2017