Views
ការបង្កើតគណបក្សនយោបាយមួយ គឺ ដើម្បីផ្លាស់ប្តូរការដឹកនាំដែលយល់ថា មិនសូវផ្តល់ផលល្អដល់ការអភិវឌ្ឍប្រទេសជាតិ ជាពិសេស ការដឹកនាំដែលមានរយៈពេលយូរអង្វែងនាំឲ្យកើតវិបត្តិសង្គម វិបត្តិសេដ្ឋកិច្ច និង វិបត្តិនយោបាយ ដូចយ៉ាងគណបក្សប្រជាជនកម្ពុជានេះឯង ។
គណបក្សប្រជាជនកម្ពុជាមានប្រវត្តិមកពីរបបកុម្មុយនិស្តដែលដើរផ្ទុយនឹងរដ្ឋធម្មនុញ្ញ ហើយយើងតែងតែឃើញគណបក្សនេះរំលោភបំពានរដ្ឋធម្មនុញ្ញតាមអំពើចិត្ត ធ្វើឲ្យស្មារតីរដ្ឋធម្មនុញ្ញបត់បែនទៅតាមចំណង់ចង់បានរបស់បក្សកម្មុយនិស្តច្រើនឡើង ធ្វើឲ្យការតស៊ូខាងប្រជាធិបតេយ្យខ្សោយកម្លាំងចុះជារឿយ ៗ រហូតដល់ខ្មែរបែកបាក់ជាគណបក្សតូចតាចជាបំណែក ៗ ដែលមិនមែនជាផលល្អសម្រាប់ការតស៊ូដណ្តើមអំណាចរដ្ឋតាមលទ្ធិប្រជាធិបតេយ្យ ។ នៅប្រទេសសេរីលោកខាងលិច គេមានតែគណបក្សនយោបាយ ២ ប៉ុន្តែនៅប្រទសកម្ពុជាយើងមានគណបក្សជាច្រើន រហូតដល់មិនអាចយកជ័យជម្នះបាន វាគ្រាន់តែជាគណបក្សរណប កំដរគណបក្សធំជារៀងរហូតមក ។
គណបក្សដែលមានកម្លាំងស្រហាក់ប្រហែលនឹងគណបក្សប្រជាជនកម្ពុជា គឺ គណបក្សសង្រ្គោះជាតិ ប៉ុន្តែជាអកុសល គណបក្សនេះត្រូវបានរំលាយចោលដោយដៃគូប្រកួតដែលមិនសុខចិត្តចាញ់ក្នុងការបោះឆ្នោត ហេតុនោះ គណបក្សនយោបាយទាំងឡាយទោះបីចូលរួមក្នងុការបោះឆ្នោតជាមួយគណបក្សប្រជាជនកម្ពុជា ក៏មិនមានសេចក្តីសង្ឃឹមថា នឹងឈ្នះការបោះឆ្នោតដែរ ។
ព្រោះហេតុនោះ ដើម្បីជាកម្លាំងតស៊ូប្រឆាំងនឹងការដឹកនាំបែបកុម្មុយនិស្ត យើងជាខ្មែរដែលយល់ច្បាស់ដល់ប្រយោជន៍ជាតិជាធំ គួរស្រុះកម្លាំងគ្នាធ្វើពហិការការបោះឆ្នោតនោះ ទាំងអន្តរជាតិក៏មើលឃើញថា ការបោះឆ្នោតនេះមិនអាចទទួលស្គាល់ថា ស្របច្បាប់ឡើយ ។
ក្រោយការរំលាយគណបក្សង្រ្គោះជាតិក្រោមនយោបាយប្លន់អំណាចពីបក្សប្រជាជនកម្ពុជានៅថ្ងៃទី១៦ វិច្ឆិកា ២០១៧ មក អង្គការសហប្រជាជាតិ ជប៉ុន ស៊ុយអែត និងបារាំង បានថ្កោលទោស ជាពិសេស សហរដ្ឋអាមេរិក និងសហគអឺរ៉ុប ដែលជាប្រទេសមហាអំណាច និងបិតាប្រជាធិបតេយ្យ ហើយក៏ជាប្រទេសទទួលបន្ទុកផ្តល់ជំនួយ និងរៀបចំគណៈកម្មការរៀបចំការបោះឆ្នោតនៅកម្ពុជា (គ.ជ.ប) បានប្រកាសផ្តាច់ជំនួយ មិនទទួលស្គាល់ស្ថាប័ន គ.ជ.ប និងការបោះឆ្នោតនៅកម្ពុជានាឆ្នាំ ២០១៨ រួមទាំងការលាលែងរបស់មន្រ្តី គ.ជ.ប ពីកូតាគណបក្សសង្រ្គោះជាតិ ៣ រូបថែមទៀត ។
យើងសូមអំពាវនាវដល់គណបក្សនយោបាយទាំងឡាយនៅកម្ពុជា (លើកលែងគណបក្សប្រជាជនកម្ពុជា) សូមចូលរួមធ្វើពហិការការបោះឆ្នោតខាងមុខ និងប្រកាសទាត់ចោល គ.ជ.ប សព្វថ្ងៃដូចដែលសហរដ្ឋមអាមេរិក និងសហគមអឺរ៉ុបបានធ្វើផងដែរ ។
ការចូលរួមរបស់គណបក្សផ្សេងៗទៀតក្នុងករណីនេះគឺជាសក្ខីកម្ម បង្ហាញពីគោលបំណងរបស់អស់លោកលោកស្រីដែលជាថ្នាក់ដឹកនាំគណបក្សថា ពិតជាចង់បានលទ្ធិប្រជាធិបតេយ្យពិត ការពារនូវប្រយោជន៍ជាតិពិត និងគោរពតាមនិយាមប្រជាធិបតេយ្យដែលពិភពលោកចង់បានដើម្បីសិទ្ធិសេរភាព យុត្តិធម៌ ភាពរុងរឿង តម្លាភាព និងនីតិរដ្ឋ ពិតប្រាកដសម្រាប់ប្រយោជន៍ជាតិ និងពលរដ្ឋរបស់យើង។
សង្ឃឹមយ៉ាងមុតមាំចំពោះស្មារតី និងមនសិការជាតិរបស់អស់លោក លោកស្រីក្នុងការចូលរួមបុព្វហេតុជាតិជាមួយគ្នាក្នុងកិច្ចការ ៕
Pdach Mok
Saturday, December 16, 2017