Views
ខណៈដែលសហរដ្ឋអាមេរិករឹតបន្តឹងទិដ្ឋាការលើមន្ត្រីរដ្ឋាភិបាលកម្ពុជា មិនឱ្យចូលទៅសហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានចោទឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាថា ជាអ្នកផ្ញើសារនិយាយអាក្រក់ពីកម្ពុជា ទើបធ្វើសហរដ្ឋអាមេរិកយល់ច្រឡំ ។
កាលពីពេលថ្មីៗនេះ សហរដ្ឋអាមេរិកបានរឹតបន្តឹងទិដ្ឋាការលើមន្ត្រីរដ្ឋាភិបាលកម្ពុជា មិនឱ្យចូលទៅសហរដ្ឋអាមេរិក ដោយសារតែអាមេរិកថា រដ្ឋាភិបាលកម្ពុជា ប្រព្រឹត្តផ្ទុយទៅនឹងគោលការណ៍ប្រជាធិបតេយ្យ និងគោលការណ៍សិទ្ធិមនុស្ស ធ្វើទុក្ខបុកម្នេញលើគណបក្សប្រឆាំង ដូចជាការហាមឃាត់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិមួយចំនួនមិនឲ្យចូលរួមធ្វើនយោបាយ ការចាប់ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខាដាក់ពន្ធនាគារ ការធ្វើទុក្ខបុកម្នេញអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាមួយចំនួន។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា កន្លងទៅថ្មីៗនេះ បានចោទឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក វីលៀម ហេតថ៍ ថា ជាអ្នកផ្ញើសារអាក្រក់ពីកម្ពុជា ទើបធ្វើឱ្យវ៉ាស៊ិនតោនយល់ច្រឡំពីកម្ពុជា។ លោក ផៃ ស៊ីផាន បានសង្កត់ធ្ងន់ថា លោក វីលៀម ហេតថ៍ បានដើរហួសពីតួនាទីរបស់ខ្លួន ក្នុងនាមជាឯកអគ្គរដ្ឋទូត
អ្នកនាំពាក្យរូបនេះ ធ្លាប់បានបញ្ជាក់ផងដែរថា ការរឹតបន្តឹងទិដ្ឋាការមកលើមន្ត្រីរដ្ឋាភិបាលកម្ពុជា របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក នឹងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងសហរដ្ឋអាមេរិក។ ជាមួយគ្នានោះ ក្រសួងការបរទេសកម្ពុជា ក៏បានចេញសេចក្ដីប្រកាសព័ត៌មានសម្ដែងការសោកស្ដាយចំពោះការរឹតបន្តឹងទិដ្ឋាការបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកមកលើមន្ត្រីរដ្ឋាភិបាលកម្ពុជាផងដែរ៕
ប្រភព ៖ វាយោ
Pdach Mok
Saturday, December 16, 2017