Views
លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី ១៣ ធ្នូ នេះ បានណែនាំឲ្យមន្ត្រីនគរបាលជាតិនៅទូទាំងប្រទេស បន្តចុះពន្យល់ដល់ប្រជាពលរដ្ឋ ជុំវិញវិធានការរបស់រដ្ឋាភិបាលកម្ពុជា និងតុលាការកំពូល ទៅលើលោក កឹម សុខា និងគណបក្សសង្គ្រោះជាតិនាពេលកន្លងមក។ បើតាមលោកឧបនាយករដ្ឋមន្ត្រី មានប្រជាពលរដ្ឋមួយចំនួនបានយល់ច្បាស់ហើយ តែនៅមានប្រជាពលរដ្ឋមួយចំនួនទៀត នៅមិនទាន់យល់នៅឡើយ។
ការដាក់ចេញនូវបទបញ្ជារថ្មីនេះ គឺធ្វើឡើងនៅក្នុងពេលដែលលោកឧបនាយករដ្ឋមន្ត្រី ស ខេង បានអញ្ជើញជាអធិបតីភាពបើកសន្និបាតប៉ុស្ដិ៍នគរបាលនៅទូទាំងប្រទេស ដែលបានធ្វើឡើងនៅឯមជ្ឈមណ្ឌលកោះពេជ្រ កាលពីព្រឹកថ្ងៃទី១៣ ខែធ្នូ ដោយមានការចូលរួមពីកងនគរបាលប៉ុស្តិ៍មកពីទូទាំងប្រទេស។ បើតាមលោកឧបនាយករដ្ឋមន្ត្រីថា ក្រោយពេលដែលតុលាការកំពូល បានរំលាយគណបក្សសង្គ្រោះជាតិមក មានសាធារណជននិងប្រជាពលរដ្ឋជាច្រើនបានយល់ច្បាស់អំពីកំហុសឆ្គងរបស់លោក កឹម សុខា និងគណបក្សសង្គ្រោះជាតិ ក៏ប៉ុន្តែនៅមានប្រជាពលរដ្ឋមួយចំនួនទៀត ដែលក្នុងនោះ ក៏មានអ្នកប្រកាន់និន្នាការនយោបាយផង នៅមិនទាន់យល់អំពីសភាពការណ៍នយោបាយនៅកម្ពុជានៅឡើយទេ។ ជាពិសេសគឺទាក់ទងនឹងករណីរបស់លោក កឹម សុខា ដែលបានធ្វើឱ្យប៉ះពាល់ដល់សន្តិសុខរបស់ប្រទេស។ បើតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ មន្ត្រីនគរបាលជាតិនិយាយជារួម និងនិយាយដោយឡែក គឺមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល ដែលត្រូវធ្វើការងារផ្ទាល់ជាមួយប្រជាពលរដ្ឋ សូមឆ្លៀតពន្យល់ និងបកស្រាយ ឲ្យប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋានបានដឹងអំពីវិធានការបស់រដ្ឋាភិបាលកម្ពុជា និងតុលាការកំពូលនេះ។
គួរជំរាបជូនថា តុលាការកំពូលបានចេញសម្រេចរំលាយគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ខណៈដែលលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួន កាលពីរំលងយប់ថ្ងៃទី ០៣ កញ្ញា ពីបទក្បត់ជាតិ។ គណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយ ហើយមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងចំនួន១១៨នាក់ ត្រូវបានហាមឃាត់មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ ចំណែកឯលោក កឹម សុខា កំពុងជាប់ពន្ធនាគារដែលគិតមកទល់នឹងពេលនេះ គឺមានរយៈពេលជិត ១០០ ថ្ងៃមកហើយ។
សម្រាប់រដ្ឋាភិបាល សកម្មភាពរបស់ លោក កឹម សុខា និងគណបក្សសង្គ្រោះជាតិ នៅតែជាសកម្មភាពធ្ងន់ធ្ងរដែលមិនអាចអត់អោនឲ្យបានឡើយ។ ប៉ុន្តែសម្រាប់អតីតគណបក្សសង្គ្រោះជាតិ សកម្មភាពរបស់ខ្លួននាពេលកន្លងមក មិនមានបំណងធ្វើបដិវត្តន៍ដើម្បីផ្តួលរំលំរដ្ឋាភិបាលនោះឡើយ។ យ៉ាងណាក៏ដោយ មកទល់នឹងពេលនេះ អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិភាគច្រើន កំពុងធ្វើសកម្មភាពគៀងគរឲ្យសហគមន៍អន្តរជាតិ ដាក់សម្ពាធមកលើរដ្ឋាភិបាលទីក្រុងភ្នំពេញ ដើម្បីទាមទារឲ្យមានការដោះលែងលោក កឹម សុខា និងអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ បើកដំណើរការឡើងវិញ៕
ប្រភព ៖ វិទ្យុបារាំង
Pdach Mok
Wednesday, December 13, 2017