Views
អ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិបានរួមគ្នាជាមួយនឹងពលរដ្ឋខ្មែរអាមេរិកាំង និងកាណាដា ធ្វើបាតុកម្មនៅមុខសេតវិមាន នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃអាទិត្យដើម្បីស្នើឱ្យមានអន្តរាគមន៍បន្ថែមទៀតពីសហរដ្ឋអាមេរិកឱ្យដោះលែងលោក កឹម សុខា ប្រធានគណបក្ស និងទាមទារឱ្យមានសិទ្ធិសេរីភាព យុត្តិធម៌និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិដែលបានចូលរួមបាតុកម្មនោះបានបញ្ជាក់ថា៖
«ខ្ញុំមានអារម្មណ៍រំភើបមែនទែន ដែលឃើញបងប្អូនខ្មែររាប់ពាន់នាក់ ដែលមកពីតាមបណ្តារដ្ឋនានានៅសហរដ្ឋអាមេរិក ដែលមកជួបជុំគ្នានៅថ្ងៃនេះ ហើយជាថ្ងៃទិវាសិទ្ធិមនុស្សលើកទី៦៩ទៀត»។
បើទោះបីជាអាកាសធាតុមានភាពត្រជាក់ ប៉ុន្តែក្រុមអ្នកតវ៉ានៅតែមិនរាថយ ហើយនៅផ្តោតលើអ្វីដែលពួកគេទាមទារចង់បាន។
លោក អេង ឆៃអ៊ាង បានបន្ថែមថា៖
«បើយើងគិតពីអាកាសធាតុថ្ងៃនេះអាកាសធាតុត្រជាក់ គឺប្រហែលជាពីរបីដឺក្រេ ហើយបងប្អូនយើងតស៊ូនៅមុខវិមានប្រធានាធិបតីអាមេរិកាំង ហើយអ្នកខ្លះជិះកប៉ាល់ហោះរាប់ម៉ោង ហើយចំណាយលុយរាប់ពាន់ដុល្លារមកស្នាក់នៅមកទាមទារ ដើម្បីឱ្យរដ្ឋបាលលោក ហ៊ុន សែន ដោះលែងលោកប្រធាន កឹម សុខា ឱ្យរដ្ឋាភិបាល ហ៊ុន សែន លុបចោលសេចក្តីសម្រេចនៃការរំលាយគណបក្សសង្គ្រោះជាតិ ឱ្យរដ្ឋាភិបាល ហ៊ុន សែន រៀបចំការបោះឆ្នោតឆ្នាំ២០១៨ ខាងមុខនេះ ឱ្យមានភាពសេរីយុត្តិធម៌ហើយមានវត្តមាននៃគណបក្សសង្គ្រោះជាតិចូលរួម»។
លោក នួន វាសនា សមាជិកក្រុមប្រឹក្សាក្រុងឡូវែលរដ្ឋ ម៉ាស្សាឈូសិត ដែលទើបតែជាប់ឆ្នោតបានបញ្ជាក់បានបញ្ជាក់ប្រាប់ វីអូអេ ថា៖
«នៅទិវាសិទ្ធិមនុស្សនៅថ្ងៃនេះ ប្រជាពលរដ្ឋខ្មែរអាមេរិកាំងមកច្រើន មកចូលរួមដើម្បីយើងទាមទារឱ្យរដ្ឋាភិបាលកែប្រែនូវទង្វើរបស់ខ្លួន ពីព្រោះទង្វើកន្លងមកនេះ គឺបង្ហាញនូវការបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។ យើងឃើញស្រាប់ហើយម្ល៉ោះហើយ បានថា យើងមកទីនេះដើម្បីទាមទារផ្តាំផ្ញើទៅដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ជួយជំរុញរដ្ឋាភិបាលខ្មែរ ធ្វើម៉េចគាត់កែទង្វើរបស់ខ្លួនផ្លូវដើររបស់ខ្លួន ទៅរកប្រជាធិបតេយ្យ ដោះលែងលោក កឹម សុខា ហើយនឹងនាំមកនូវអង្គការសង្គមស៊ីវិលឱ្យចូលមកមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅស្រុកខ្មែរ»។
ក្រុមអ្នកតវ៉ាបានលើកបដាដែលមានខ្លឹមសារថ្កោលទោសទង្វើរបស់រដ្ឋាភិបាលកម្ពុជា និងក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមទាំងទាមទារឱ្យគោរពស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលប្រទេសកម្ពុជាបានចុះហត្ថលេខាកាលពីខែតុលា ឆ្នាំ១៩៩១។
លោកស្រី ណាឡែន ស្មីត អ្នករៀបចំបាតុកម្មដែលមកពីរដ្ឋ Virginia បានបញ្ជាក់ថា ប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងនេះ និងសហគមន៍អន្តរជាតិ ត្រូវតែយកចិត្តទុកដាក់ពីស្ថានភាពសិទ្ធិមនុស្សកម្ពុជា ដែលធ្លាក់ចុះជាលំដាប់។
«ស្រុកនីមួយៗត្រូវមានសិទ្ធិមនុស្ស និងជាប្រទេសប្រជាធិបតេយ្យ ដូច្នេះយើងអំពាវនាវឱ្យអន្តរជាតិទាំងអស់មើលស្ថានភាពនៅកម្ពុជាហ្នឹងមែនទែនពីព្រោះការរំលោភសិទ្ធិមនុស្សនេះ គឺខ្លាំងក្លាមែនទែន»។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវចាប់ដាក់ពន្ធនាគារតាំងពីដើមខែកញ្ញា ក្រោមបទចោទប្រកាន់ថាឃុបឃិតជាមួយនឹងបរទេស ដែលមានសហរដ្ឋអាមេរិកនៅពីក្រោយ ហើយតុលាការកំពូលបានសម្រេចរំលាយគណបក្សប្រឆាំងដ៏ធំនេះកាលពីខែវិច្ឆិកា និងហាមប្រាមមន្ត្រីគណបក្សចំនួន១១៨នាក់ មិនឱ្យធ្វើនយោបាយចំនួន៥ឆ្នាំ។ មានអ្នកតំណាងរាស្រ្ត និងសកម្មជនគណបក្សមួយចំនួនបានរត់ភៀសខ្លួនចេញក្រៅប្រទេសគេចចេញពីការរំខានយាយី។
សហរដ្ឋអាមេរិកបានអំពាវនាវម្តងហើយម្តងទៀតឱ្យរដ្ឋាភិបាលកម្ពុជាបង្វែរស្ថានការណ៍មកដូចដើមវិញ ដោយដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងអនុញ្ញាតឱ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ។
ទន្ទឹមនឹងការអំពាវនាវនោះ សហរដ្ឋអាមេរិកក៏បានបញ្ឈប់ជំនួយទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងដាក់បំរាមទិដ្ឋាការលើមន្ត្រីកម្ពុជាណា ដែលបានធ្វើឱ្យខូចលទ្ធិប្រជាធិបតេយ្យ។
លោកស្រី ចាណែត សេង ដែលមកពីរដ្ឋផេនស៊ីលវេនៀ និងជាប្រធានចលនាស្ត្រីនៃគណបក្សសង្គ្រោះជាតិ នៅសហរដ្ឋអាមេរិក បានបញ្ជាក់ថា ក្រៅពីទាមទារសិទ្ធិពលរដ្ឋខ្មែរអាមេរិកាំង ក៏មកថ្លែងអំណរគុណចំពោះអន្តរាគមន៍នានា ដែលសហរដ្ឋអាមេរិកជួយដល់កម្ពុជាក្នុងពេលថ្មីៗនេះ៖
«យើងក៏មកអរគុណដល់រដ្ឋាភិបាលលោក ដូណាល់ ត្រាំ ដែលក្នុងប៉ុន្មានថ្ងៃនេះ គាត់បានដាក់សម្ពាធទៅលើរដ្ឋាភិបាលលោក ហ៊ុន សែន»។
លោក ហុង ណេត ក្រុមប្រឹក្សាគោចរណ៍នៃទីក្រុងលីន រដ្ឋម៉ាស្សាឈូសិត ដែលបានចូលរួមបាតុកម្មបានបញ្ជាក់ថា៖
«ខ្ញុំសប្បាយចិត្តមែនទែន ដែលឃើញរដ្ឋាភិបាលអាមេរិកាំងបិទវីសា អ្នកបំផ្លាញលទ្ធិប្រជាធិបតេយ្យមិនឱ្យចូលសហរដ្ឋអាមេរិក ក៏ប៉ុន្តែមិនទាន់គ្រប់គ្រាន់ ខ្ញុំចង់ឃើញចង់ឃើញដាក់ទារុណ្ឌកម្មថែមទៀត ពិសេសខាងផ្នែកសេដ្ឋកិច្ច។ យើងមិនចង់រកស៊ីជាមួយអ្នកដែលបំផ្លាញលទ្ធិប្រជាធិបតេយ្យទេ។ ដូច្នេះចង់ឃើញការផ្អឹបទ្រព្យសម្បត្តិរបស់ពួកគេ ហើយម្យ៉ាងទៀតទារុណកម្មសេដ្ឋកិច្ច។ ខ្ញុំចង់ឃើញមែនទែន»។
បើទោះបីជាមានការរំលាយគណបក្សសង្គ្រោះជាតិ ដែលមានអ្នកគាំទ្រជាង៣លាននាក់ ប៉ុន្តែនៅក្នុងប្រទេសកម្ពុជាមិនមានសកម្មភាពតវ៉ានៅតាមទីធ្លាសាធារណៈ ដូចដែលពួកគេធ្លាប់ធ្វើក្នុងពេលកន្លងមកទេ។
លោក សៀ ភីរម្យ នាយកលេខាធិការដ្ឋានសិទ្ធិលំនៅដ្ឋានដែលបានចូលរួមមើលបាតុកម្មនៅមុខសេតវិមាន បញ្ជាក់ថា អ្វីដែលបាតុករកំពុងទាមទារគឺដូចគ្នានឹងការចង់បានរបស់ពលរដ្ឋខ្មែរនៅក្នុងប្រទេស ប៉ុន្តែពួកគេមិនហ៊ានចេញមុខតវ៉ាប៉ុណ្ណោះ។
លោក ភីរម្យ យល់ថា រដ្ឋាភិបាលកម្ពុជាគួរតែស្វះស្វែងរកវិធីដើម្បីបន្ធូរបន្ថយភាពតានតឹងកុំឱ្យមានការដាក់ទណ្ឌកម្មបន្ថែម។
«រាជរដ្ឋាភិបាលគួរតែពិចារណារឿងនេះដែរ។ បើសិនជារាជរដ្ឋាភិបាលនៅតែរឹងរូសមិនស្តាប់អន្តរជាតិទេ ខ្ញុំគិតថា រាជរដ្ឋាភិបាលជាអ្នកទទួលកំហុសយ៉ាងធ្ងន់ធ្ងរនៅក្នុងប្រវត្តិសាស្រ្ត ដែលធ្វើឱ្យប្រជាពលរដ្ឋជាង១៥លាននាក់ រងគ្រោះដោយសារតែភាពរឹងរូស ដោយសារតែខ្មែរយើងមិនចេះធ្វើការជាមួយគ្នា រហូតដល់អន្តរជាតិគេលូកដៃម្តងហើយម្តងទៀត។ វាជាភាពអាម៉ាស់នៃអ្នកដឹកនាំសម័យនេះ»។
ក្រុមបាតុករបានបន្តទៅតវ៉ានៅមុខស្ថានទូតកម្ពុជា នៅរដ្ឋធានីវ៉ាស៊ីនតោន ប៉ុន្តែមិនមានមន្ត្រីណាម្នាក់ចេញមកជួបទេ គឺមានមន្ត្រីម្នាក់បានចូលមកបន្លំក្នុងហ្វូងបាតុករហើយបានរត់គេចចេញពីវិញ នៅពេលដែលបាតុករបានស្គាល់អត្តសញ្ញាណហើយស្រែកស្តីបន្ទោស។
វីអូអេបានព្យាយាមទាក់ទងលោក ជុំ ប៊ុនរុង ឯកអគ្គរាជទូតខ្មែរ ប៉ុន្តែ លោកមិនទាន់បានឆ្លើយតបនៅឡើយទេ។ យ៉ាងណាក៏ដោយ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ប្រាប់វីអូអេថា បាតុកម្មនេះគ្មានប្រសិទ្ធភាពទេ៖
«បងប្អូននៅខាងក្រៅ ទោះបីបងប្អូនស្រែកឬមួយក៏បាតុកម្មមហាបាតុកម្ម ឬបាតុកម្មតូច បាតុកម្មធំអីវាគ្មានឥទ្ធិពលអីទៅក្នុងបរិវេណនៃឯករាជ្យភាព និងអធិបតេយ្យភាពរបស់កម្ពុជាទេ។ ហើយគាត់ចោទមួយទៀតគឺ ឱ្យដោះលែងលទ្ធិប្រជាធិបតេយ្យ។ រាល់ថ្ងៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកំពុងតែដំណើរការដោយរលូនតើ អត់មានបញ្ហាអីផងហ្នឹង តែផ្ទុយទៅវិញការមានវិធានការផ្លូវច្បាប់លើឯកឧត្តម កឹម សុខាឬមួយគណបក្សប្រឆាំងនេះ គ្មាននរណាបង្កើតបទល្មើសឱ្យគាត់ទេ គឺគាត់បង្កើតបទល្មើសដោយខ្លួនឯង»។
បើទោះបីជាមានទណ្ឌកម្ម និងការគំរាមដាក់ទណ្ឌកម្មពីបស្ចិមប្រទេស ប៉ុន្តែរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់មិនព្រមស្តាប់តាមការព្រួយបារម្ភ និងការអំពាវនាវរបស់សហគមន៍អន្តរជាតិទេ។ ការណ៍នេះដោយសារប្រទេសចិនបានផ្តល់ការគាំទ្រផ្នែកនយោបាយ និងហិរញ្ញវត្ថុព្រមទាំងការវិនិយោគកាន់តែកើនឡើងជារៀងរាល់ឆ្នាំ។
ប៉ុន្តែលោកស្រី រានី លូសឹនស្គី នៃសមាគមខ្មែរអាមេរិកាំង ដើម្បីសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យបានបញ្ជាក់ថា៖
«ប៉ុន្តែសម្រាប់ខ្ញុំ ខ្ញុំមើលឃើញថា ផលប្រយោជន៍ដែលខ្មែរសហរដ្ឋអាមេរិកផ្តល់ឱ្យខ្មែរគឺមានច្រើនជាងចិនឆ្ងាយណាស់ ថ្វីត្បិតតែចិនឱ្យជំនួយមែន ប៉ុន្តែដូចជាសាងសង់ទំនប់ ឬអ្វីផ្សេងគេយកវិស្វករមកពីចិន ហើយគេយកប្រាក់ខែហ្នឹង ហើយគេកាប់ព្រៃឈើយើងអស់ ហើយដឹកយកទៅលក់ទៀត អាហ្នឹងហើយដែលខ្ញុំមើលឃើញថា ចិនគេឱ្យជំនួយយើងមែន ប៉ុន្តែគេយកពីក្រោយខ្នងយើងអស់រលីង ហើយគេធ្វើបានដោយសារគេឱ្យលុយទ្រនាប់ដៃទៅលើអ្នកដែលធ្វើការនៅក្នុងរដ្ឋាភិបាល ហើយជាមួយអ្នកណាដែលកាន់កិច្ចការទទួលខុសត្រូវហ្នឹង»។
ប្រទេសកម្ពុជានឹងរៀបចំការបោះឆ្នោតជាតិនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ហើយបំណងរបស់សហគមន៍អន្តរជាតិ និងសហគមន៍ខ្មែរនៅក្រៅប្រទេសចង់ឃើញគណបក្សសង្គ្រោះជាតិចូលរួមការបោះឆ្នោតនេះ ដោយគ្មានការយាយីរំខាន ដើម្បីឱ្យរដ្ឋាភិបាលថ្មីមួយដែលកើតចេញពីការបោះឆ្នោតនេះមានលក្ខណៈស្របច្បាប់ហើយត្រូវអន្តរជាតិទទួលស្គាល់៕
ប្រភព ៖ វីអូអេ
Pdach Mok
Monday, December 11, 2017