Views
សកម្មជនសិទ្ធិមនុស្សព្រមានថា ប្រសិនបើរបបរបស់លោក ហ៊ុន សែន មិនងាកមករកការដោះស្រាយវិបត្តិស្ថានការនយោបាយបច្ចុប្បន្ន អោយវិលមកភាពប្រក្រតីវិញទេ នោះចលនាមហាជនមួយ អាចនឹងមានការផ្ទុះឡើងដើម្បីតតាំងជាមួយរដ្ឋាភិបាលមិនខាន។
ទោះជាយ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជាបញ្ជាក់ជំហរថា យោធាបានត្រៀមខ្លួនរួចជាស្រេចទៅហើយ ក្នុងការឆ្លើយតបជាមួយការបះបោរនេះ។
ក្រុមអ្នកឃ្លាំមើលព្រមានថា ប្រទេសកម្ពុជាមិនមែនជាប្រទេសផ្ដាច់មុខ របស់លោក ហ៊ុន សែន តែម្នាក់នោះទេ ហើយថា ពលរដ្ឋខ្មែរទូទៅនឹងមិនសុខចិត្តរស់នៅក្រោមការកៀបសង្កត់ តាមទំនើងចិត្ត នៃរបបដឹកនាំសព្វថ្ងៃនោះឡើយ។
ប្រធានមជ្ឈមណ្ឌលប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) និងជាសកម្មជនសិទ្ធិមនុស្ស លោក ប៉ា ងួនទៀង បានប្រាប់អាស៊ីសេរីកាលពីថ្ងៃអាទិត្យថា អ្នកដែលរងគ្រោះខ្លាំងជាងគេ គឺប្រជាពលរដ្ឋខ្មែរប្រសិនបើសហគមន៍ អន្តរជាតិដាក់ទណ្ឌកម្មសេដ្ឋកិច្ចដល់កម្ពុជា ហើយមហាជនទូទៅនឹងក្រោកឈរបះបោរតតាំងជាមួយរដ្ឋាភិបាល លោក ហ៊ុន សែន ជាមិនខាន។
លោកទាមទារអោយរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ប្រញាប់ដោះស្រាយ វិបត្តិនយោបាយសព្វថ្ងៃនេះដោយសន្តិវិធីដើម្បីកុំអោយកម្ពុជាធ្លាក់ទៅក្នុងគ្រោះមហន្តរាយដោយប្រការណាមួយ៖ «ប៉ុន្តែប្រសិនបើរដ្ឋាភិបាលខ្មែរឥតងាកក្រោយ ហើយនៅតែទៅមុខ ទៀត ប្រហែលជាដល់កម្រិតទីបីគឺប្រជាពលរដ្ឋខ្មែរអត់សុខចិត្ត ហើយខ្ញុំថា ប្រហែលការយល់ឃើញរបស់លោក យ៉ាស់ ហ្កាយ មន្ត្រីជាន់ខ្ពស់ របស់អង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្ស និងលោក ដេវីដ ឈែនល័រ ដែលថាបញ្ហានយោបាយនៅកម្ពុជាអាចឈានទៅដល់ ការដោះស្រាយតាមរយៈនៃចលនាមហាជន ហើយចំណុចនេះ រដ្ឋាភិបាលត្រូវតែគិត និងដោះស្រាយដោយសន្តិវិធី»។
ការអះអាងរបស់លោក ប៉ា ងួនទៀង ធ្វើឡើងនៅខាងមុខសេតវិមាន ប្រធាធិបតីសហរដ្ឋអាមេរិកក្នុងពេលដែលលោកចូលរួមធ្វើបាតុកម្ម ជាមួយពលរដ្ឋខ្មែរអាមេរិកាំងជាងមួយពាន់នាក់ ដែលទាមទារឲ្យសហរដ្ឋអាមេរិកស្វែងរកការដោះលែងលោក កឹម សុខា ប្រធានគណបក្សប្រឆាំង រួមទាំងអ្នកទោសនយោបាយផ្សេងទៀត និងទាមទារ អោយអាមេរិកដាក់ទណ្ឌកម្មដល់រដ្ឋាភិបាលកម្ពុជា ឲ្យកាន់តែធ្ងន់ធ្ងរ ថែមទៀតដើម្បីអោយលោក ហ៊ុន សែន បង្វែរស្ថានការណ៍របស់ប្រទេសកម្ពុជា វិលមករកភាពប្រក្រតីវិញ។
ទោះជាយ៉ាងណាក៏ដោយអ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ចាត់ទុករាល់ការកៀរគរធ្វើបាតុកម្មណាមួយក្នុងប្រទេស គឺជាចលនាឧទ្ទាមទីក្រុង ហើយថារដ្ឋាភិបាលបានត្រៀមកងកំលាំង រួចជាស្រេចទៅហើយក្នុងការឆ្លើយតប៖ «ឧទ្ទាមគឺការមិនគោរពច្បាប់ និងការប្រើប្រាស់ចលនាមហាជន ដើម្បីប្រឆាំងនឹងស្ថាប័នរដ្ឋ ហើយប្រឆាំងច្បាប់របស់រដ្ឋតាមរយៈឧទ្ទាមថ្មីហ្នឹង គឺឧទ្ទាមទីក្រុង ដូចដែលគេបានប្រើប្រាស់នៅ មជ្ឈិមបូព៌ា ដែលស្ថិតនៅក្នុងរង្វង់នៃការធ្វើបដិវត្តន៍ពណ៌នេះឯង»។
ប៉ុន្តែលោក ប៉ា ងួនទៀង បានហៅការគំរាមប្រើប្រាស់កម្លាំងប្រដាប់ អាវុធមកលើពលរដ្ឋរបស់ខ្លួនថាជាឥរិយាបថអសីលធម៌ និងគ្មានការទទួលខុសត្រូវ៖ «ធម្មតាទេ អ្នកនយោបាយគេយកប្រជាពលរដ្ឋជាធំ ហើយគេមើលណាស់អំពីប្រតិកម្មរបស់ប្រជាពលរដ្ឋ គេមើលណាស់អំពីសំឡេងរបស់ ប្រជាពលរដ្ឋ ប៉ុន្តែសម្រាប់រដ្ឋាភិបាលកម្ពុជាវិញតែងចាត់ទុកប្រជាពលរដ្ឋ ជាក្រុមមនុស្សមួយដែលរដ្ឋាភិបាលមិនទទួលខុសត្រូវ»។
ទោះជាយ៉ាងណាក៏ដោយក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រកាសជំហររបស់ខ្លួនរួចជាស្រេចទៅហើយថា រដ្ឋាភិបាលនៃប្រទេសមហាអំណាចមួយនេះនឹងតែឈរខាងប្រជាពលរដ្ឋខ្មែរជានិច្ច ទោះស្ថិតកាលៈទេសៈណាក៏ដោយ៕
ប្រភព ៖ អាស៊ីសេរី
Pdach Mok
Monday, December 11, 2017