Views
បើពោលដល់លទ្ធិប្រជាធិបតេយ្យ ច្បាស់ជានិយាយដល់សិទ្ធិសេរីភាពរបស់ពលរដ្ឋ នេះឯងជាគោលការណ៍ទូទៅនៅប្រទេសដែលមានសេរីភាព ប៉ុន្តែប្រទេសកម្ពុជាប៉ុន្មានខែកន្លងមកនេះ បានធ្លាក់ខ្លួនក្រីក្រគោលការណ៍សេរីភាពអស់ហើយ នៅសល់តែសំបកថា តាមទេវតារស់ ឈ្លោះទេវតាស្លាប់ ពោលគឺ ត្រូវធ្វើអ្វី ៗ តាមទេវតាបើកផ្លូវ បើទេវតាប្លន់កៅអីបាន ក៏ត្រូវតែយកមកអង្គុយ ហាមជំទាស់តវ៉ា មិនខុសច្បាប់ទេវតាចែងទេ ព្រោះជាអំពើប្លន់ស្របច្បាប់ នេះបើតាមយោបល់របស់លោក សុខ ឥសាន ពុំនោះទេ ទេវតានឹងកាត់សិទ្ធិ កាត់សេរីភាពមិនឲ្យធ្វើនយោបាយដើម្បីបានលទ្ធិប្រជាធិតេយ្យដែលជាបំណងរបស់ពលរដ្ឋទូទៅឡើយ ម្យ៉ាងទៀត គេថា សេពគប់លោកខាងលិច ក្បត់ជាតិ ប៉ុន្តែបើសេពគប់ពួកចិន យួន ទើបស្នេហាជាតិ ស្នេហាមាតុភូមិ ។
នេះជារបត់ថ្មីដែលពលរដ្ឋខ្មែរគួរដឹង របត់ថ្មីពេលនេះកំពុងតែដើរចូលប្លុកកុម្មុយនិស្តដែលមានប្រវត្តិស្នាដៃសាងអំពើប្រល័យពូជសាសន៍ដល់ខ្មែររាប់លាននាក់ ។
លោក ព្រាប កុល បានផូសគោលការណ៍ប្រជាធិបតេយ្យយ៉ាងឡូយឡូហ្សិកថា
ខ្ញុំសូមរំឮកឡើងវិញនូវគោលការស្នូលនៃលទ្ធិប្រជាធិបតេយ្យ សម្រាប់ប្អូនៗយុវជន យុវនារី និងក្មួយៗ ជំនាន់ក្រោយ៖
១.យន្តការប្រកួតប្រជែងនយោបាយដោយស្មើភាព និងនយោបាយស្អាតស្អំ (clean politics)
២.ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៍ ក្រោមការចាត់ចែងនៃគណ:កម្មការបោះឆ្នោតឯករាជ្យ។
៣.សេរីភាពក្នុងការសម្តែងមតិ ការគោរព និងទទួលយកមតិរិះគន់
៤.ឯករាជ្យភាពនៃប្រព័ន្ធយុត្តិធម៍ និងនីតិរដ្ឋ (យកច្បាប់ជាធំ)
៥.អព្យាក្រិតភាពនៃកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជកាសាធារណ:
៦.តុល្យភាពនៃអំណាចរវាង ស្ថាប័ននីតិប្រតិបត្តិ តុលាកា និងរដ្ឋសភា/ព្រឹទ្ធសភា។
៧.សេរីភាព និងឯករាជ្យភាពសារពត៍មាន
៨.យន្តការដឹកនាំរដ្ឋដែលមានការចូលរួម តម្លាភាព និងគណនេយ្យភាព ក្រោមគោលការណ៍អភិបាលកិច្ចល្អ ។
៩.ការបង្កើត និងការប្រព្រត្តិទៅនៃគណបក្សនយោបាយមានលក្ខណ:ប្រជាធិបតេយ្យ
បើអ្នកនយោបាយវ័យចំណាស់ មិនព្យាយាមបង្កើតឲ្យមានលក្ខខណ្ឌខាងលើនេះទេ សូមកុំបន្លប់ ឬបំភាន់ ការយល់ដឹងរបស់ក្មេងជំនាន់ក្រោយ។
ជាពិសេសអស់លោក ឬឯកឧត្តម ដែលមានងារជាបណ្ឌិត សូមរក្សាតម្លៃនៃបណ្ឌិតរបស់ខ្លួនផង។ កុំឲ្យក្មេងដៀលត្មិះ។
គោលការណ៍ដែលលោក ព្រាប កុល និយាយនេះ ចាប់ផ្តើមថមថយខ្សោយឥទ្ធិពលហើយតាំងពីពេលដែលគណបក្សសង្រ្គោះជាតិត្រូវបានរំលាយដោយបទចោទប្រកាន់ស្រពិចស្រពិល ។
ចំណែកលោក សាន ព្រំ បានផូសពត៌មានថា
សម្តេចតេជោហ៊ុនសែនអញ្ជើញទៅចូលរួមប្រជុំនៅប្រទេសចិន
លោក ស៊្រី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានមុនឡើងយន្តហោះថា កិច្ចសន្ទនាជាន់ខ្ពស់រវាងគណបក្សនយោបាយកុម្មុនិស្តចិន និងគណបក្សនយោបាយនានាមកពីជុំវិញពិភពលោកនេះ ត្រូវបានរៀបចំឡើងជាលើកដំបូងដោយរដ្ឋាភិបាលចិន។
កិច្ចសន្ទនានេះ នឹងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សនយោបាយមកពីលើពិភពលោកប្រមាណ១២២ ហើយវត្តមានអ្នកចូលរួមទាំងថ្នាក់ដឹកនាំគណបក្សនយោបាយ និងសាស្ត្រានយោបាយជាដើមនោះមានចំនួនសរុបរហូតដល់ទៅ ៥០០នាក់។
លោក ស៊្រី ថាមរុង្គ បានឲ្យដឹងផងដែរថា គោលបំណងនៃកិច្ចសន្ទនារវាងគណបក្សកុម្មុយនិស្តចិនជាមួយគណបក្សនយោបាយមកពីជុំវិញពិភពលោកនេះ មានគោលបំណងដើម្បីជ្រោងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក ជាពិសេសគឺការរក្សាស្ថេរភាព សន្តិសុខនៅក្នុងតំបន់ និងលើពិភពលោកផងដែរ។
ក្នុងដំណើរទៅកាន់ប្រទេសចិន ដែលធ្វើឡើងចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា រហូតដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន ក៏នឹងមានជំនួបដាច់ដោយឡែកជាមួយប្រធានាធិបតីចិន លោក ហ្ស៊ី ជីនពីង និងក្រុមអ្នកវិនិយោគរបស់ចិនផងដែរ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក ស៊្រី ថាមរុង្គ។
សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូត្រឡប់មកប្រទេសកម្ពុជាវិញនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧ ដោយចុះចតនៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ដើម្បីចូលរួមពិធីបួងសួងដ៏ធំមួយនៅមុខប្រាសាទអង្គរវត្តនាថ្ងៃទី០៣ ខែធ្នូ ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់នៅថ្ងៃទី២៨ ខែវិច្ឆិកា ម្សិលមិញថា ក្នុងដំណើរអញ្ជើញទៅកាន់ប្រទេសចិននេះ នឹងទៅកៀរគរអ្នកវិនិយោគចិន មកបណ្តាក់ទុននៅកម្ពុជាឲ្យបានច្រើនថែមទៀត ដើម្បីនាំមកនូវការងារ និងប្រាក់ចំណូលសម្រាប់ពលរដ្ឋ និងប្រទេសជាតិ។
ប្រតិភូអមដំណើរនាយករដ្ឋមន្ត្រីអញ្ជើញទៅប្រទេសចិននេះ រួមមាន៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក អ៊ុច បូរិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក សុខ ចិន្តាសភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍-កម្ពុជា លោក ស៊្រី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក កៅ គឹមហ៊ន រដ្ឋមន្ត្រប្រតិភូអមនាយករដ្ឋមន្ត្រី រួមនិងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបផ្សេងទៀត ។
វាបង្ហាញថា បក្សប្រជាជនកម្ពុជាទទួលស្គាល់ខ្លួនឯងថាជាបក្សកុម្មុយនិស្ត មិនប្រកាន់គោលការណ៍ប្រជាធិបតេយ្យនោះទេ ។
ចំណែកខាងលោក ខ្មែរ សុវណ្ណភូមិ បានផូសថា
បក្សកុម្មុយនីស្តចិន បានប្រកាសជាមហោឡារឹក ថា នឹងធ្វេីជាខ្នងបង្អែកដល់ប្រទេសកម្ពុជា ជាពិសេសគណបក្សប្រជាជនកម្ពុជាដេីម្បីដឹកនាំប្រទេសបន្តទៀត ។ ដោយឡែក អាមេរិកគាំទ្រកឹមសុខា ផ្តល់លុយជំនួយអត់សំណង បង្កើតការងារដល់កូនខ្មែរផ្នែកអង្គការរាប់ពាន់នាក់ បង្រៀនខ្មែរនូវចំណេះដឹងខាងជំនាញនានា ឲ្យខ្មែរយល់ពីសិទ្ធិ ឲ្យខ្មែរចេះស្រឡាញ់គ្នា ឈប់កាប់សំលាប់គ្នា រួមផ្លាស់ប្តូរសង្គមដោយសន្តិវិធី គេហៅថា«ក្បត់ជាតិ»ហើយចោទអាមេរិកថាលូកលាន់ការងារផ្ទៃក្នុងនយោបាយខ្មែរ ។ តែបេីចិនគាំទ្រ ហ៊ុន សែន វិញគេហៅថា «ហ៊ុន សែន ស្នេហាជាតិ» ទោះចិនលូកដល់ប្រម៉ាត់ដល់ថ្លេីមការងារផ្ទៃក្នុងនយោបាយជាតិខ្មែរកម្រឹតណាក៏ដោយ ហើយទោះបីចិនចេះត្រឹមឲ្យលុយខ្ចីឲ្យខ្មែរក្លាយជាកូនបំណុលចិន និងចិនស៊ីរ៉ែ ស៊ីព្រៃខ្មែរស្ទើរអស់ពីដី និងចិនចេះត្រឹមលក់អាវុធចាស់ៗក្នុងតំលៃថ្លៃ ឲ្យខ្មែរយកមកសំលាប់ខ្មែរក៏ដោយ ៕
សម្តែងថា បក្សប្រជាជនកម្ពុជានឹងដឹកនាំប្រទេសតាមបែបកុម្មុយនិស្ត មិនអនុវត្តគោលការណ៍ប្រជាធិបតេយ្យទៀតទេ ។
គ្រាន់តែពត៌មានខាងលើ វាបានឆ្លុះបញ្ចាំងថា កម្ពុជាកំពុងតែក្លាយជាវេទិកាសង្រ្គាមចិត្តសាស្រ្ត ទៀតហើយ ដែលសង្រ្គាមនេះផ្តើមចេញពីរបត់នយោបាយដែលមេដឹកនាំថ្លឹងថ្លែងមិនស្មើ ដីស្មើដើររលាក់ មិនប្រកាន់គោលការណ៍ច្បាប់រដ្ឋធម្មនុញ្ញ ប៉ុន្តែទោរទន់ទៅតាមគំនិតអ្នកនយោបាយ ធ្វើឲ្យប្រទេសជាតិជួបគ្រោះភ័យដូចអតីតកាល ។
អ្នកវិភាគមើលឃើញចំណុចអវិជ្ជមានជាច្រើន អំពីទំនាក់ទំនងរវាងកម្ពុជា-ចិន។ ការលើកឡើងនេះ គឺបន្ទាប់ពីបក្សកុម្មុយនិស្តចិន បានប្រកាសស្ម័គ្រចិត្ត ធ្វើជាខ្នងបង្អែកដ៏រឹងមាំសម្រាប់គណបក្សកាន់អំណាច។
ថ្វីត្បិតតែរដ្ឋាភិបាលលោក ហ៊ុន សែន ពេញចិត្តពេញថ្លើមនៅពេលដែលសហគមន៍អន្តរជាតិ ដកខ្លួនចេញពីកម្ពុជា ហើយចិនស្ម័គ្រចិត្តចូលខ្លួនមកក្ដី ប៉ុន្តែសម្រាប់អ្នកតាមដានស្ថានការណ៍សង្គម និងនយោបាយកម្ពុជា ហាក់មិនពេញចិត្តឡើយ។
អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី មានប្រសាសន៍ថា ប្រសិនបើរដ្ឋាភិបាលខ្មែរ ផ្ដេកខ្លួនទៅលើប្រទេសចិនខ្លាំង នឹងនាំឲ្យមានការព្រួយបារម្ភច្រើនតាមបទពិសោធន៍កន្លងមក ព្រោះចិនគឺជាប្រទេសកុម្មុយនិស្ត មានគោលនយោបាយបិទសិទ្ធិសេរីភាពបញ្ចេញមតិ និងការតវ៉ា។
លោកបណ្ឌិត មាស នី មើលឃើញថា ទំនាក់ទំនងកម្ពុជា-ចិនបច្ចុប្បន្ននេះ មានផលប៉ះពាល់ពីរ អាចកើតឡើង គឺទី១ ប្រសិនបើចិន ផ្ដល់ការគាំទ្រច្រើន ហើយការដឹកនាំ របស់រដ្ឋាភិបាលខ្មែរ មិនបានផ្ដល់ផលប្រយោជន៍ឲ្យគេទៅវិញទេ ដូច្នេះនាំឲ្យមានការផ្លាស់ប្ដូរផ្សេងៗ ដូចនៅប្រទេសហ្ស៊ីមបាវ៉េ (Zimbabwe) ដែរ ដែលចិនធ្លាប់ជួយគាំទ្រ។ ចំណែកទី២ ទំនាក់ទំនងនេះ ក៏នាំឲ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតដោយសេរី និងយុត្តិធម៌ដែរ ហើយរដ្ឋាភិបាល នឹងបាត់បង់ប្រជាប្រិយភាពកាន់តែខ្លាំង៖ «ការទទួលបានការគាំទ្រពីចិននេះ ខ្ញុំមិនហ៊ានប្រើពាក្យថា អ្នកណាក្បត់អ្នកណានោះទេ ប៉ុន្តែជាភស្តុតាងជាក់ស្ដែង កាលពីទំនាក់ទំនងសម្តេចតាជាមួយចិន ក្នុងទសវត្ស៦០ ទីបំផុតប្រទេសយើងបានក្លាយជាមានវិបត្តិទំនាស់ផ្ទៃក្នុងរបស់ខ្លួនឯងកាន់តែធំទៅៗ ដោយសារតែការជួយរបស់ចិននេះ គឺមិនសូវជួយប្រទេសតូចក្រីក្រដូចយើងនេះ មានឯកភាពជាតិទេ គឺច្រើនតែអ្នកណាដែលមានកម្លាំង អ្នកណាដែលមានអំណាច គឺចិនជួយគាំទ្រ ប៉ុន្តែអ្នកដែលទន់ខ្សោយគឺចិន មិនសូវយកចិត្តគិតខ្វល់ឡើយ ដូច្នេះហើយនាំអោយសង្គមនោះកាន់តែបែកបាក់គ្នាកាន់តែធំទៅៗ»។
ប្រព័ន្ធឃោសនារបស់លោកហ៊ុន សែន បានចុះផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ថា បក្សកុម្មុយនិស្តចិន បានប្រកាសយ៉ាងមហោឡារិកថា នឹងធ្វើជាបង្អែកដ៏រឹងមាំរបស់លោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំប្រទេសប្រកបដោយសុខសន្តិភាព និងទទួលបានកាន់តែអភិវឌ្ឍរីកចម្រើនថែមទៀត។ ការប្រកាសនេះ ធ្វើឡើងក្នុងពិធីស្រស់ស្រូបអាហារពេលល្ងាចរវាងរដ្ឋមន្ត្រីក្រសួងទំនាក់ទនងអន្តរជាតិនៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិន លោក សុង ថាវ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងទីក្រុងប៉េកាំង ប្រទេសចិន កាលពីល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា។ការប្រកាសគាំទ្ររបស់ចិននៅពេលនេះ គឺបន្ទាប់ពីអង្គការជាតិ អន្តរជាតិ និងប្រទេសលោកសេរី ជាច្រើន ថ្កោលទោសរដ្ឋាភិបាលលោក ហ៊ុន សែន និងព្រមានដាក់ទណ្ឌកម្មជាបន្តបន្ទាប់ ក្រោយពីចាប់ខ្លួនលោក កឹម សុខា ហើយរំលាយគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា បិទអង្គការសង្គមស៊ីវិល រួមទាំងវិទ្យុឯករាជ្យជាដើម ដែលគេយល់ថា កម្ពុជាកំពុងដើរឆ្ងាយពីគន្លងលទ្ធិប្រជាធិបតេយ្យ។
ដោយឡែក មជ្ឈដ្ឋានមួយចំនួនបញ្ចេញមតិលើបណ្ដាញសង្គម ក៏បានរិះគន់ថា ដោយសារមានចិនជាបង្អែកដ៏រឹងមាំនេះហើយ ទើបធ្វើឲ្យគណបក្សកាន់អំណាច ហ៊ានធ្វើអ្វីៗតាមតែអំពើចិត្តបែបនេះ។ ពួកគេបន្តថា ចំណុចសំខាន់ គឺប្រទេសចិន ចង់ឲ្យប្រទេសកម្ពុជាប្រទេសរណបគេ តាមបក្សកុម្មុយនិស្តរបស់ចិននេះឯង។ រដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជា រហូតមកដល់ពេលនេះធ្វើយុទ្ធនាការប្រឆាំងសហរដ្ឋអាមេរិក ហើយកំពុងធ្វើទុក្ខបុកម្នេញទៅលើគណបក្សសង្គ្រោះជាតិ ដោយចោទថា សកម្មភាពបក្សនេះពឹងពាក់បរទេស ជាពិសេសសហរដ្ឋអាមេរិក គឺជាអំពើក្បត់ជាតិ។ ប៉ុន្តែអ្នកលេងបណ្ដាញសង្គមសួរទៅវិញថា ចុះការដែលរដ្ឋាភិបាលលោក ហ៊ុន សែន ពឹងពាក់ចិនផ្កាប់មុខបែបនេះ ហើយចិនប្រកាសជួយក្ដែងៗបែបនេះ តើអាចចាត់ទុកថា នេះជាអំពើក្បត់ជាតិដែរឬទេ។
ទោះយ៉ាងណាក្ដី លោកបណ្ឌិត មាស នី លើកឡើងថា លោកមិនចង់ឲ្យខ្មែរចោទគ្នាទៅវិញទៅមក ថា ក្បត់ជាតិនោះទេ។ លោកបានផ្ដល់អនុសាសន៍ថា សម្រាប់ប្រទេសក្រីក្រដូចកម្ពុជានេះ គួរតែ រក្សាទំនាក់ទំនងជាមួយមហាអំណាចទាំងអស់ក្នុងពិភពលោកឲ្យមានតុល្យភាព ទើបធ្វើឲ្យកម្ពុជា បានសុខ។ លោកថា ធ្វើជាមេដឹកនាំ ត្រូវចេះមើលខ្លួនឯង និងស្គាល់ខ្លួនឯងឲ្យច្បាស់ ហើយកុំរត់ ចេញពីមួយទៅពឹងមួយនោះ វានឹងនាំកិត្តិយសរបស់ប្រទេសយើង មិនសូវខ្ពស់មុខខ្ពស់មាត់ដូច ប្រទេសគេក្នុងតំបន់៕
Pdach Mok
Thursday, November 30, 2017