Views
ប្រទេសបារាំងមានការព្រួយបារម្ភចំពោះស្ថានភាពនយោបាយផ្ទៃក្នុងកម្ពុជា ជាពិសេសនៅពេលជិតបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដែលត្រូវប្រព្រឹត្តទៅនៅខែកក្កដាឆ្នាំ២០១៨។នេះគឺជាការរម្លឹកឡើងវិញរបស់ប្រទេសបារាំង ខណៈលោក ឆៀរី ម៉ាធូ(Thierry MATHOU)អ្នកទទួលបន្ទុកកិច្ចការអាស៊ី និងអូសេអានី នៃក្រសួងអ៊ឺរ៉ុប និងការបរទេសបារាំងដែលបំពេញបំពេញទស្សនកិច្ចនៅកម្ពុជាពីថ្ងៃទី២៧ដល់២៨ខែវិច្ឆិកានេះ។
ក្នុងសេចក្តីប្រកាស ព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា នៅថ្ងៃ នេះ លោក ឆៀរី ម៉ាធូ បានចាត់ទុក ការរំលាយគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សប្រឆាំងដ៍ធំជាងគេ ការចាប់ខ្លួននិងឃុំខ្លួនមេដឹក នាំ គណ បក្សនេះ រួមទាំងហាមឃាត់សមាជិកគណបក្សចំនួន១១៨រូបមិនឲ្យធ្វើនយោបាយរយៈពេល ៥ ឆ្នាំនោះ ថា បាន ចោទ ជា បញ្ហា ដល់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។ លោក ប្រធាន នាយកដ្ឋាន រូប នេះ បានអំពាវនាវឲ្យអាជ្ញាធរកម្ពុជាចូលរួមសារជាថ្មី នៅក្នុងដំណើរការប្រជាធិបតេយ្យ ហើយអនុញ្ញាតឲ្យគណបក្សប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិល មានដំណើរការដោយគ្មានការរារាំង។
លោក ឆៀរី ម៉ាធូ ក៏បានសង្កត់ធ្ងន់ថា ប្រសិនបើមានការបិទមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR)មែននោះ វានឹងត្រូវបានគេចាត់ទុកថាជាការវិវឌ្ឍដ៏អវិជ្ជមានមួយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដដែល។
ប៉ុន្តែលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឆ្លើយតបថា លោកសោកស្តាយដោយថា បារាំងនៅតែមិនយល់ពីស្ថានភាពពិតនៅកម្ពុជា និងថាគួរទុកឲ្យកម្ពុជា ធ្វើអ្វីដោយឯករាជ្យ។
បើតាមស្ថានទូតបារាំង នៅក្នុងដំណើរទស្សនកិច្ចនេះ លោក ឆៀរី ម៉ាធូ ក៏បានជួបអាជ្ញាធរកម្ពុជា ព្រមទាំងតំណាងគណបក្សប្រឆាំង សង្គមស៊ីវិល និងសហគមន៍អន្តរជាតិផងដែរ។ ក៏ប៉ុន្តែស្ថានទូតបារាំងប្រចាំនៅកម្ពុជា មិនបានបញ្ជាក់ថាជំនួបជាមួយភាគីពាក់ព័ន្ធនានា គឺជួបជាមួយអ្នកណាខ្លះទេ ជាពិសេស តំណាង គណបក្សប្រឆាំង ខណៈ ដែល គណបក្ស សង្គ្រោះជាតិ ត្រូវ បាន តុលាការកំពូលរំលាយតាមអំណាចសាលដីកា កាលពី ថ្ងៃ ទី ១៦ វិច្ឆិកាទៅហើយនោះ។
សូមបញ្ជាក់ថា រដ្ឋាភិបាលបារាំង ពីម្សិលមិញ តាមរយៈ រដ្ឋលេខាធិការ ក្រសួង ការបរទេស គឺលោក ហ្សង់ បាទីស លឺមាន់ បាន សម្តែង នូវ ការ ព្រួយបារម្ភ ហើយដែរ ចំពោះ ដំណើរ ការវិវឌ្ឍ ទៅនៃលទ្ធិ ប្រជាធិបតេយ្យ នៅ កម្ពុជា ក្រោយពី មាន ការ រំលាយ គណបក្ស សង្រ្គោះជាតិ និងការបែង ចែក អាសនៈតំណាង រាស្ត្រ គណ បក្សប្រឆាំង មួយនេះ ទៅឲ្យ បណ្តា គណ បក្ស ផ្សេង។ ឆ្លើយតប នឹង សំនួរ របស់ សមាជិក ព្រឹទ្ធសភា បារាំង ម្នាក់ គឺលោក អង់ដ្រេ ហ្កាតូឡាំង លោក រដ្ឋលេខាធិការ បារាំង ហ្សង់ បាទីស លឺមាន់ យល់ឃើញថា ការ បន្ត ផ្តល់ការ អនុគ្រោះ ពាណិជ្ជ កម្ម របស់ សហភាពអឺរ៉ុប ដល់ កម្ពុជា គួរ តែ ភ្ជាប់ ទៅនឹង លក្ខខណ្ឌ នៃការ គោរព សិទ្ធិមនុស្ស នៅ កម្ពុជា ៕
ប្រភព ៖ វិទ្យុបារាំង
Pdach Mok
Tuesday, November 28, 2017