Views
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានសម្រេចបែងចែកអាសនៈក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សសង្គ្រោះជាតិ ទៅឲ្យគណបក្សនយោបាយផ្សេងទៀតដែលបានចូលរួមការបោះឆ្នោត បន្ទាប់ពីគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយតាមការចង់បានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
សេចក្ដីប្រកាសព័ត៌មានចេញផ្សាយដោយ គ.ជ.ប កាលពីថ្ងៃទី១ ខែធ្នូ ឲ្យដឹងថា អាសនៈទាំង ៥.០០៧ របស់គណបក្សសង្គ្រោះជាតិ នឹងត្រូវបែងចែកទៅឲ្យគណបក្សចំនួន៧ ដែលយល់ព្រមទទួលយកអាសនៈរបស់គណបក្សសង្គ្រោះជាតិ។
ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈបន្ថែមចំនួន ៤.៥៤៨អាសនៈ គណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបាន ២៣៩អាសនៈ គណបក្សខ្មែររួបរួមជាតិ ទទួលបាន ២០១អាសនៈ គណបក្សសញ្ជាតិកម្ពុជា ទទួលបាន ១០អាសនៈ គណបក្សយុវជនកម្ពុជា ទទួលបាន ៣អាសនៈ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ទទួលបាន ៣អាសនៈ ចំណែកឯគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ ដែលមានឈ្មោះក្នុងបញ្ជី តែពុំទទួលបានអាសនៈនោះទេ។
ការបែងចែកអាសនៈនេះ គឺធ្វើឡើងដោយយោងទៅលើច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ត្រង់មាត្រា ២០ថ្មី និងមាត្រា ២១ថ្មី។
ក្រៅពីនេះ គ.ជ.ប ក៏បានបែងចែកអាសនៈក្រុមប្រឹក្សារាជធានី ខេត្ត និងអាសនៈក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ដែលបានពីការរំលាយគណបក្សសង្គ្រោះជាតិ អោយទៅឲ្យគណបក្សចំនួនពីរ មានគណបក្សប្រជាជនកម្ពុជា និងគណបក្សហ្វ៊ុនស៊ិនប៉ិច។
គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌសរុប ចំនួន ៧១៧អាសនៈ ចំណែកគណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបាន ៤៨អាសនៈ៕
ប្រភព ៖ អាស៊ីសេរី
Pdach Mok
Saturday, December 2, 2017