Views
រដ្ឋបាលប្រធានាធិបតីអាមេរិកកំពុងរៀបចំការពិនិត្យលើការអនុគ្រោះពន្ធនាំចូលអាមេរិក ពីសំណាក់ប្រទេសកំពុងអភិវឌ្ឍ។ សម្រាប់ការពិនិត្យនេះ អាមេរិកនឹងវាយតម្លៃលក្ខណៈសម្បត្តិប្រទេសនីមួយៗ មុនផ្ដល់ការអនុគ្រោះពន្ធសម្រាប់ពួកគេ ។
ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា លោក William Heidt បាននិយាយថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងពិនិត្យវាយតម្លៃលើលក្ខណៈប្រទេសកំពុងអភិវឌ្ឍន៍ ដែលអាចមានលទ្ធភាពនាំផលិតផលចូលទីផ្សារអាមេរិកតាមរយៈការអនុគ្រោះពន្ធបន្តទៀត។
ឆ្លើយតបនឹងសំនួរអ្នកសារព័ត៌មានវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) ក្នុងកិច្ចសម្ភាសជុំវិញបញ្ហាអនុគ្រោះពន្ធដោយភ្ជាប់ករណីនយោបាយកម្ពុជា នៅថ្ងៃទី២៩ វិច្ឆិកានេះ លោក William Heidt បានបញ្ជាក់ដូច្នេះថា៖«រដ្ឋបាលប្រធានាធិបតីត្រាំកំពុងតែរៀបចំនីតិវិធីថ្មី សម្រាប់អ្នកដែលមានលក្ខណៈសម្បត្តិចូលរួមក្នុងកម្មវិធីអនុគ្រោះទូទៅ ( Generalize System of Preference ) នេះ ហើយក្នុងនោះមិនមែនតែកម្ពុជាទេ គឺមានប្រទេសថៃ និងវៀតណាមផងដែរ។ សម្រាប់ការវាយតម្លៃលក្ខណៈសម្បត្តិនៃការទទួលបានប្រព័ន្ធអនុគ្រោះ GSPនេះ គឺរដ្ឋបាលប្រធានាធិបតីដូណាល់ត្រាំ ធ្វើការបែងចែកពិភពលោក ៣ ផ្នែកផ្សេងគ្នា ហើយនឹងពិនិត្យមើលរៀងរាល់ ៣ ឆ្នាំម្ដង។
បើតាមលោក William Heidt ប្រទេសដែលត្រូវទទួលបានការអនុគ្រោះពន្ធបន្តទៀត គឺត្រូវពឹងផ្អែកលើការវាយតម្លៃលក្ខណៈ ២ ចំណុច រួមមានសិទ្ធិនិយោជិត និងកម្មសិទ្ធិបញ្ញា។«កម្ពុជាជាផ្នែកមួយនៃអាស៊ី ដែលត្រូវវាយតម្លៃការទទួលបាន ស្របតាមលក្ខណៈសម្បត្តិ GSPនេះ ។សម្រាប់ខ្ញុំមើលឃើញថា កម្រិតនៃសិទ្ធិកម្មករនិយោជិតនេះ គឺកំពុងដំណើរការត្រឹមត្រូវល្អ ប៉ុន្តែមិនមែនមានន័យថា គ្មានបញ្ហាទាំងស្រុងនោះទេ»។
តែយ៉ាងណាអគ្គរដ្ឋទូតអាមេរិករូបនេះ បានលើកឡើងថា បញ្ហានយោបាយកម្ពុជា កំពុងស្ថិតនៅក្នុងការពិភាក្សានៅក្នុងសេតវិមានអាមេរិក។ ហើយអាមេរិកកំពុងតាមដាននយោបាយការបរទេសរវាងកម្ពុជា និងអាមេរិកផងដែរ។
កន្លងមករដ្ឋាភិបាល ហាក់មិនព្រួយបារម្ភពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ឬឈប់អនុគ្រោះពន្ធដល់កម្ពុជា ពីសំណាក់អាមេរិកនេះឡើយ។ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីលោក ផៃ ស៊ីផាន មើលមិនឃើញចំណុចណាដែលធ្វើឲ្យអាមេរិក ឈានដល់ការដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចមកលើប្រទេសកម្ពុជាទេ បើទោះជាអាមេរិកចាត់ទុកបញ្ហានយោបាយនៅកម្ពុជាអាក្រក់ក្តី។ បើតាមលោក ផៃ ស៊ីផាន រាល់ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិកលើប្រទេសណាមួយនោះ វាអាស្រ័យលើអ្នកជំនួញអាមេរិក(Lobby Group) ព្រោះការអនុគ្រោះពន្ធទាបលើការនាំចូលទំនិញពីកម្ពុជា វាផ្ដល់ផលចំណេញច្រើនដល់អ្នកវិនិយោគអាមេរិក ដែលទទួលបានផលិតផលតម្លៃទាប ហើយលក់បានថ្លៃ។
កម្ពុជា ត្រូវបានគេដឹងថា បាននាំចូលទំនិញទៅទីផ្សារអាមេរិក តាមរយៈការអនុគ្រោះពន្ធ ក្នុងទំហំទឹកប្រាក់ជាង៣០០០លានដុល្លារក្នុងមួយឆ្នាំ។ បើសរុបតួលេខនាំចូលទំនិញអនុគ្រោះពន្ធ ក្នុងទីផ្សារអាមេរិក និងសហគមន៍អឺរ៉ុបវិញ មានទំហំទឹកប្រាក់ប្រមាណ ៧០០០លានដុល្លារអាមេរិក៕
ប្រភព ៖ ថ្មី ៗ
Pdach Mok
Wednesday, November 29, 2017