Views
គណបក្សប្រជាជនកម្ពុជាដែលត្រូវបានបង្កើតឡើងដោយយួនហូជីមិញនេះ បានប្រើថ្ងៃ ២ ធ្នូ ជាឈ្នាន់ឲ្យកងទ័ពវៀតណាមចូលឈ្លានពានទឹកដីខ្មែរបានសម្រេច ហើយបានវាយលុកបំផ្លាញខ្មែរនៅថ្ងៃទី ៧ មករា ឆ្នាំ ១៩៧៩ ក្រោមលេសថា ជួយរំដោះខ្មែរឲ្យរួចផុតពីរបបខ្មែរក្រហម ។
តាមពិត យួនមានបំណងឈ្លានពានខ្មែរព្រោះតែជម្លោះទឹកដី ជាពិសេស ជម្លោះដណ្តើមកោះត្រល់ ដែលប៉ុល ពត មិនព្រមធ្វើតាមបំណងដែលយួនចង់បាន ។
ដើមដំបូង រណសិរ្សឈ្នាន់នយោបាយយួននេះ ឈ្មោះថា "រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា" ត្រូវបានបង្កើតឡើង នៅភូមិ ២ ធ្នូ ឃុំជើងឃ្លូ ស្រុកស្នួល ខេត្តក្រចេះ នៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ១៩៧៨ ។
ព្រោះតែមានរណសិរ្សនេះជាឈ្នាន់ យួនទើបវាយលុកខ្មែរក្រហមបានជោគជ័យនៅថ្ងៃ ៧ មករា ១៩៧៩ ហើយរដ្ឋាភិបាលអាយ៉ងមួយត្រូវបានបង្កើតឡើង ។
កិច្ចព្រមព្រៀងផ្សេង ៗ ដែលផ្តល់ផលចំណេញទឹកដីដល់យួនត្រូវបានចុះហត្ថលេខា ជាពិសេស កិច្ចព្រមព្រៀងតំបន់ទឹកប្រវត្តិសាស្រ្តដែលចែងថា កោះត្រល់ជារបស់វៀតណាម ដែលពីមុន គ្មានអ្នកនយោបាយណាហ៊ានចុះហត្ថលេខាយល់ព្រមប្រគល់កោះត្រល់នេះឲ្យយួនទេ ទើបតែលោក ហ៊ុន សែន ដែលប្លន់អំណាចពីលោក ប៉ែន សុវណ្ណ ហ៊ានចុះហត្ថលេខាកាត់កោះត្រល់ទៅឲ្យយួន ។
វាជាភព្វសំណាងរបស់កម្ពុជាដែលអន្តរជាតិលូកដៃជួយរឿងបូរណភាពទឹកដី រហូតដល់បានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ជាដង្ហើមរស់ ស្រោចស្រង់ដឹកដីតាមរយៈសន្ធិសញ្ញាអន្តរជាតិ ដោយនៅក្នុងកិច្ចព្រមព្រៀងនោះ បានចាត់ទុកកិច្ចព្រមព្រៀងទាំងអម្បាលម៉ានដែលចុះហត្ថលេខាដោយរដ្ឋាភិបាលអាយ៉ងថាជាកិច្ចព្រមព្រៀងខុសច្បាប់អន្តរជាតិ ហើយត្រូវធ្វើឲ្យជានិរាករណ៍ ប៉ុន្តែជាអកុសល ក្រោយលោក ហ៊ុន សែនធ្វើរដ្ឋប្រហារ ៥-៦ កក្កដា ១៩៩៧ បានសម្រេច ហើយនៅឆ្នាំ ២០០៥ ក៏ទទួលស្គាល់កិច្ចព្រមព្រៀងរបស់យួនដដែល ចាត់ជានយោបាយបំផ្លាញទឹកដីដូនតាម្តងទៀត ដឹកនាំដោយលោក ហ៊ុន សែន ។
ឃើញថា ថ្ងៃ ២ ធ្នូ របស់បក្សប្រជាជនកម្ពុជា ជាថ្ងៃចាប់ផ្តើមឈ្លានពានទឹកដីខ្មែរ ហើយច្បាមយកទឹកដីខ្មែរតាមរយៈសន្ធិសញ្ញាខុសច្បាប់អន្តរជាតិ ហេតុនោះ ប្រជាពលរដ្ឋខ្មែរត្រូវយល់ដឹងថា ថ្ងៃ ២ ធ្នូ ជាថ្ងៃឈ្នាន់នយោបាយយួនដើម្បីលេបត្របាក់ទឹកដីខ្មែរ ៕